ទីបំផុតរុស្ស៊ីនិងអ៊ុយក្រែនព្រមចុះកិច្ចព្រមព្រៀងបើកច្រកនាំចេញគ្រាប់ធញ្ញជាតិឡើងវិញ

សុខុម

អន្តរជាតិ: នៅទីបំផុតប្រទេសរុស្ស៊ី និងប្រទេសអ៊ុយក្រែន ដែលកំពុងធ្វើសង្គ្រាមនឹងគ្នាយ៉ាងស៊ីសាច់ហត់ឈាម បានយល់ព្រមចុះកិច្ចព្រមព្រៀងបើកច្រកនាំចេញគ្រាប់ធញ្ញជាតិឡើងវិញដើម្បីសម្រាលវិបត្តិស្បៀងអាហារ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចុះផ្សាយកាលពីថ្ងៃសុក្រ ទី២២ ខែកក្កដា។

ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានលើកឡើងថា កិច្ចព្រមព្រៀងដ៏គួរឱ្យភ្ញាក់ផ្អើល និងដ៏គួរឱ្យសាទរនេះនឹងជួយមនុស្សរាប់លាននាក់មិនឱ្យធ្លាក់ចូលក្នុងស្ថានភាព “គ្រោះទុរ្ភិក្ស”។

លោក Erdogan បានថ្លែងក្នុងពិធីចុះកិច្ចព្រមព្រៀងនៅទីក្រុងអ៊ីស្ទែនប៊ុល ប្រទេសតួកគី ថា “យើងបានបំពេញការងារយ៉ាងយកចិត្តទុកដាក់រួមគ្នាជាមួយអង្គការសហប្រជាជាតិ។ មិនយូរទេ រំហូរដឹកជញ្ជូនទំនិញនឹងចាប់ផ្តើមឡើងវិញជាថ្មីដែលនឹងឈានទៅរកស្ថានភាពធូរស្រាល”។

ទន្ទឹមនេះអគ្គលេខាធិការអង្គការសហប្រជាជាតិ បានបង្ហាញការកោតសរសើរកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិឡើងវិញរវាងប្រទេសរុស្ស៊ី និងប្រទេសអ៊ុយក្រែន នេះ ហើយបានគូសបញ្ជាក់ថា ចំណាត់ការនេះនឹងជួយឱ្យវិបត្តិស្បៀងអាហារពិភពលោក “ធូរស្រាល”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបានបន្ថែមទៀតថា លោកសូមថ្លែងអំណរគុណចំពោះ “ការសម្របសម្រួល និងការខ្នះខ្នែង” របស់ប្រទេសតួកគី នៅក្នុងការជួយចរចាឱ្យឈានដល់កិច្ចព្រមព្រៀងនេះ។ លោកគូសបញ្ជាក់ថា តួនាទីរបស់តួកគី គឺ “ចាំបាច់ណាស់នៅក្នុងការឆ្លងកាត់រាល់ដំណាក់កាលនៃដំណើរការចរចាកិច្ចព្រមព្រៀងនេះ”។

ចំណែកឯប្រទេសអ៊ុយក្រែន បានប្រកាសជំហរជុំវិញការចុះកិច្ចព្រមព្រៀងបើកច្រកនាំចេញធញ្ញជាតិឡើងវិញនេះថា ខ្លួនគ្រាន់តែព្រមព្រៀងជាមួយអង្គការសហប្រជាជាតិប៉ុណ្ណោះ គឺមិនមែនព្រមព្រៀងជាមួយប្រទេសរុស្ស៊ី នោះឡើយ៕ Aljazeera៕

LEAVE A REPLY

Please enter your comment!
Please enter your name here