តើអាស៊ាន ជប៉ុនកំពុងធ្វើការសហការគ្នាបែបណាក្នុងវិស័យដឹកជញ្ជូន

ដោយៈ គង់ ម៉ាលីនណា

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់កម្ពុជាបានចូលរួម សន្និសីទឧត្តមមន្រ្តីដឹកជញ្ជូនអាស៊ាន-ជប៉ុន លើកទី២០ តាមប្រព័ន្ធវីដេអូពីចម្ងាយ មានការចូលរួមពីសំណាក់គណៈប្រតិភូពីភាគីកម្ពុជា ថ្នាក់ដឹកនាំឧត្តមមន្រ្តីដឹកជញ្ជូន (STOM Leaders) របស់បណ្តាប្រទេសអាស៊ាន ថ្នាក់ដឹកនាំឧត្តមមន្រ្តីដឹកជញ្ជូនរបស់ជប៉ុន និងលេខាធិការដ្ឋានអាស៊ាន។

លោក គិត ចន្ទដារារិទ្ធ អគ្គនាយករងនៃអគ្គនាយកដ្ឋានភស្តុភារកម្ម តំណាងលោកអគ្គនាយក ឈៀង ពេជ្រ ប្រធានឧត្តមមន្ត្រីដឹកជញ្ជូនអាស៊ាន បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមសន្និសីទឧត្តមមន្រ្តីដឹកជញ្ជូន អាស៊ាន-ជប៉ុន លើកទី២០។

សន្និសីទនេះ ស្នើឡើងដោយភាគីជប៉ុនក្នុងគោលបំណង ដើម្បីគោល​ដៅសំខាន់ៗមួយចំនួនរួមមាន ទី១ ពិនិត្យមើលវឌ្ឍនភាព នៃការអនុវត្តផែនការសកម្មភាព នៃភាពជាដៃគូក្នុងវិស័យដឹកជញ្ជូនរវាងអាស៊ាន- ជប៉ុន AJTP (ASEAN-Japan Transport Partnership) និងទី២ ការពិចារណាលើការសមិទ្ធិលទ្ធភាព និងគំនិតផ្តួចផ្តើមថ្មីសម្រាប់ដាក់ឆ្លងសុំការអនុម័តជាផ្លូវការ ពីកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ាន លើកទី២០ (20th ATM-Japan) នៅខែតុលា ឆ្នាំ២០២២ ខាងមុខនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ឧត្តមមន្រ្តីដឹកជញ្ជូនអាស៊ាន និងជប៉ុន បានពិនិត្យទៅលើការងារសំខាន់ៗចំនួន៣ដែលបានស្នើឡើង ដោយប្រទេសជប៉ុនរួមមាន(១) សៀវភៅណែនាំអំពីការអនុវត្តល្អបំផុត នៅក្នុងវិធានការសន្តិសុខកំពង់ផែ សម្រាប់ការបណ្តុះបណ្តាលគ្រូបង្គោល សៀវភៅណែនាំ និងការបណ្តុះបណ្តាលសវនកម្មគំរូ (២) របាយការណ៍ចុងក្រោយស្តីពី ការស្រាវជ្រាវរួមលើការថែទាំស្ពាន សម្រាប់ច្រករបៀងឆ្លងព្រំដែនអាស៊ាន និង(៣) ផែនការការងារគម្រោងសន្តិសុខ អាកាសចរណ៍អាស៊ាន-ជប៉ុន (២០២៣-២០២៧)។

ក្រោយពីបានពិនិត្យពិភាក្សាគ្នា យ៉ាងលម្អិតក្នុងន័យស្ថាបនា និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងដោយយល់ឃើញថា ការងារសំខាន់ៗទាំង៣ខាងលើនេះ នឹងរួមចំណែកក្នុងការធ្វើឱ្យប្រសើរឡើង និងបង្កើ​នប្រសិទ្ធភាពក្នុងវិស័យដឹកជញ្ជូន និងភស្តុភារកម្ម សន្និសីទឧត្តមមន្រ្តីដឹកជញ្ជូន អាស៊ាន-ជប៉ុន លើកទី២០ បានឯកភាពគ្នាជាគោលការណ៍ ឱ្យមានការសិក្សាគ្រប់ជ្រុងជ្រោយបន្ថែមទៀត ទៅលើការងារធំៗទាំង៣ខាងលើ ហើយលទ្ធផលនៃការសិក្សានេះ នឹងត្រូវដាក់ឆ្លងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ានលើកទី២០ (20th ATM + Japan Meeting) នៅពាក់កណ្ដាលខែតុលា ឆ្នាំ២០២២ ខាងមុខនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here