អេមីរ៉ាតអារ៉ាប់រួមចង់ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគមកកាន់កម្ពុជាបន្ថែម

ដោយ៖ សុផារី

ភ្នំពេញ៖ លោកបណ្ឌិត Thani bin Ahmed Al Zeyoudi អនុរដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិ នៃក្រសួងសេដ្ឋកិច្ចអេមីរ៉ាតអារ៉ាប់រួម បានបង្ហាញពីឆន្ទៈ និងគោលបំណងក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីឱ្យកាន់តែមានភាពរីកចម្រើនបន្ថែមមួយកម្រិតទៀត ខណៈទំហំពាណិជ្ជកម្មទ្វេភាគីរបស់ប្រទេសទាំងពីរសម្រេចបានប្រមាណ១៥០លានដុល្លារក្នុងឆ្នាំ២០២១ កើនឡើង៥៣%។

លោកបានលើកឡើងក្នុងឱកាសជួបពិភាក្សាការងារជាមួយលោកប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា តាមប្រព័ន្ធវីដេអូ ដើម្បីជំរុញ និងពង្រីកបន្ថែមនូវកិច្ចសហប្រតិបត្តិការគ្រប់វិស័យ ដើម្បីជំរុញឱ្យមានលំហូរវិនិយោគ និងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២។

លោកប៉ាន សូរស័ក្តិ បានថ្លែងអំណរគុណនូវកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងការរៀបចំឱ្យកម្ពុជាទទួលបានពានរង្វាន់ប្រាក់ពិភពលោក លើការរចនាពន្លាជាតិល្អជាងគេ និងដែលបានគាំទ្រលើគំនិតផ្តួចផ្តើមរបស់កម្ពុជា​ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បើតាមលោកប៉ាន សូរស័ក្តិ ឱ្យដឹងថា អេមីរ៉ាតអារ៉ាប់រួម គឺជាទីផ្សារធំមួយ ដែលឈរក្នុងលំដាប់ទី២៦ សម្រាប់ការនាំចេញទំនិញមកពីកម្ពុជា។ បើផ្អែកតាមទិន្នន័យពាណិជ្ជកម្មកម្ពុជា ទោះបីស្ថិតក្នុងបរិបទនៃការរីករាលដាលជំងឺកូវីត-១៩ក្ដី ក៏ទំហំពាណិជ្ជកម្មទ្វេភាគី របស់ប្រទេសទាំងពី រសម្រេចបានប្រមាណ១៥០លានដុល្លារ ក្នុងឆ្នាំ២០២១ ដែលកើនឡើង៥៣% ធៀបនឹងឆ្នាំ២០២០។

ក្នុងនោះ កម្ពុជានាំចេញមុខទំនិញទៅអេមីរ៉ាតអារ៉ាប់រួម ដូចជា វាយនភណ្ឌ ស្បែកជើង ផលិតផលធ្វើដំណើរ កង់ អង្ករ ។ល។ ដោយឡែក ចំពោះការនាំចូលពីអេមីរ៉ាត  អារ៉ាប់រួម មានដូចជា ផលិតផលប្រេង ចំណីសត្វ ជី  រ៉ែ  ថ្នាំជក់ និងផលិតផលធ្វើពីសេរ៉ាមិក ជាដើម។

លោកបណ្ឌិត Thani bin បានកោតសរសើរ ចំពោះកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម យ៉ាងល្អរវាងប្រទេសទាំងពីរ និងបានវាយតម្លៃខ្ពស់លើសក្ដានុពលកំណើនសេដ្ឋកិច្ចកម្ពុជានាពេលអនាគត ហើយបានបង្ហាញពីឆន្ទៈ និងគោលបំណងក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីឱ្យកាន់តែមានភាពរីកចម្រើនបន្ថែមមួយកម្រិតទៀត។

ភាគីទាំងពីរ បានផ្លាស់ប្ដូរយោបល់ និងបង្ហាញសុទិដ្ឋិនិយម ព្រមទាំងចក្ខុវិស័យរបស់ប្រទេសទាំងពីរ សំដៅលើកកម្ពស់កំណើនសេដ្ឋកិច្ច និងភាពប្រកួតប្រជែងក្នុងតំបន់ និងពិភពលោក តាមរយៈការធ្វើពិពិធកម្មទីផ្សារនាំចេញ រវាងប្រទេសទាំងពីរ ហើយបានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ ក្នុងការបន្តជំរុញកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ ឱ្យកាន់តែល្អប្រសើថែមមួយកម្រិតទៀត ជាពិសេស គឺបង្កើនទំហំពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ ឱ្យកាន់តែខ្ពស់ជាងមុនបន្ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here