ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម បានសម្ពោធដាក់ឱ្យអនុវត្តគម្រោង “កំណែទម្រង់ស្ថាប័ន របស់វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវពាណិជ្ជកម្ម និងការអភិវឌ្ឍមជ្ឍមណ្ឌលព័ត៍មាន សម្រាប់ពាណិជ្ជកម្មសេរី និងលេខាធិការដ្ឋាន នៃគណៈកម្មាធិការចរចាពាណិជ្ជកម្មជាតិ”។
គម្រោងនេះទទួលបានការគាំទ្រហិរញ្ញវត្ថុ ពីទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ)។
ដោយមានវត្តមានរបស់តំណាងអន្តរក្រសួង-ស្ថាប័ន តំណាងសហភាពអឺរ៉ុបនៅកម្ពុជា នាយកគម្រោង ARISE Plus Cambodia លោកសុខ សុភ័ក្រ រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម។ គម្រោងនេះ គឺទទួលបានជំនួយឥតសំណងផ្តល់ ដោយទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) សម្រាប់ការអនុវត្តចំនួន១២ខែ លើសកម្មភាព៣សំខាន់ៗរួមមានទី១ កំណែទម្រង់ស្ថាប័ន សម្រាប់វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវពាណិជ្ជកម្ម
ទី២ ការបង្កើតមជ្ឈមណ្ឌលចំណេះដឹង សម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងទី៣ ការបង្កើតលេខាធិការដ្ឋាន សម្រាប់គណៈកម្មាធិការចរចាពាណិជ្ជកម្មជាតិ។
លោកសុខ សុភ័ក្របានមានប្រសាសន៍ថា ការអនុវត្តគម្រោងនេះ គឺស្របតាមកាលៈទេសៈ ដែលប្រទេសកម្ពុជាជាសមាជិក នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច ទូលំទូលាយក្នុងតំបន់(RCEP) កិច្ចព្រមព្រៀងទ្វេភាគីជាមួយប្រទេសចិន និងកិច្ចព្រមព្រៀងទ្វេភាគីជាមួយប្រទេសកូរ៉េ។ គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ជាអតិបរមា សម្រាប់ការកសាងសមត្ថភាពរបស់មន្រី្តរាជការក្រសួងពាណិជ្ជកម្ម និងអន្តរក្រសួង-ស្ថាប័នទាក់ទងនឹងការចរចាពាណិជ្ជកម្មសេរី និងជាមជ្ឍមណ្ឌល សម្រាប់ចែករំលែកព័ត៍មាន និងចំណេះដឹងពាក់ព័ន្ធនឹងការចរចាពាណិជ្ជកម្មសេរីនានា៕