ចំណូលពីពាណិជ្ជកម្មអនឡាញរំពឹងកើនឡើងដល់១,៧៨ពាន់លានដុល្លារអាមេរិកត្រឹមឆ្នាំ២០២៥

ដោយៈ សុផារី

ភ្នំពេញៈ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក នៅក្នុងប្រទេសកម្ពុជា កាន់តែមានការរីកចម្រើន ដោយត្រឹមឆ្នាំ២០២៥ ចំណូលបានពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក នៅក្នុងប្រទេសកម្ពុជា រំពឹងនឹងកើនឡើងដល់១,៧៨ពាន់លានដុល្លារអាមេរិក។

យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ចេញផ្សាយនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២នេះ បានឱ្យដឹងថា ទំហំទីផ្សារសរុបនៃការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា នៅក្នុងឆ្នាំ២០២១កន្លងមក មានទំហំ៩៧០,១លានដុល្លារ។

របាយការណ៍មួយនេះក៏បានធ្វើការព្យាករណ៍ ចំណូលនៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា ក្នុងឆ្នាំ២០២២នេះ នឹងមានទំហំដល់ទៅ១.១១៧,២៩លានដុល្លារអាមេរិក ឆ្នាំ២០២៣ មានទំហំ១.២៨៧,២៣លានដុល្លារអាមេរិក ឆ្នាំ២០២៤ មានទំហំ១.៥០៩,៨៦លានដុល្លារអាមេរិក ហើយក្នុងឆ្នាំ២០២៥ មានទំហំ១.៧៨២,៣៤លានដុល្លារអាមេរិក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំណូលនៃពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក​តាមវិស័យ ក្នុងនោះមាន សម្លៀកបំពាក់ចំនួន២៦៣,៣០លានដុល្លារអាមេរិក គ្រឿងសម្អាង ផលិតផលសុខភាព សម្ភារៈប្រើប្រាស់ចំនួន២៣០,៥លានដុល្លារអាមេរិក គ្រឿងអេឡិចត្រូនិកចំនួន២៥៤,៤០លានដុល្លារអាមេរិក ម្ហូបអាហារចំនួន៥៧,១៩លានដុល្លារអាមេរិក ភេសជ្ជៈចំនួន៤៤,២៩លានដុល្លារអាមេរិក និងផ្សេងៗ។

កំណើននៃអ្នកធ្វើពាណិជ្ជកម្មអនឡាញបង្ហាញតាមរយៈចំនួននៃអ្នកប្រកបរបរតាមប្រពន្ធអនឡាញ បានសម្រុកទៅចុះឈ្មោះបញ្ជីពាណិជ្ជកម្ម ដោយសារក្រសួងពាណិជ្ជកម្មនឹងចាប់ផ្ដើមផាកពិន័យ ចំពោះអ្នករកស៊ីធ្វើពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក (អនឡាញ) ដែលមិនបានចុះបញ្ជីពាណិជ្ជកម្ម ចាប់ពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២តទៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here