អត្រាភាពក្រីក្រក្នុងប្រទេសកម្ពុជាអាចនឹងកើនឡើងវិញក្នុងស្ថានភាព នៃវិបត្តិថ្មី

ដោយៈ លក្ខិណា

ភ្នំពេញៈ ក្នុងស្ថានភាពនៃវិបត្តិកូវីដ១៩រយៈពេល២ឆ្នាំ កម្ពុជាបានទប់ស្កាត់ការកើនឡើង នៃអត្រាភាពក្រីក្របានល្អប្រសើរ និងទទួលបានការគាំទ្រពីសំណាក់ស្ថាប័នអន្តរជាតិមួយចំនួន ដោយសារតែវិធានការបន្ទាន់របស់រដ្ឋាភិបាល ក្នុងការស្រោចស្រង់និងជួយសង្គ្រោះជនងាយរងគ្រោះ ។

ប៉ុន្តែចូលដល់វិបត្តិថ្មី អត្រាភាពក្រីក្រកម្ពុជា អាចនឹងកើនឡើងវិញបើសិនជាទប់ស្កាត់មិនបានទាន់ពេលវេលានោះទេ។

នៅក្នុងរបាយការណ៍របស់ធនាគារពិភពលោក ប្រចាំកម្ពុជាបានឱ្យដឹងក្នុងរបាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃទី៣០ មិថុនាថា ក្នុងបរិបទកូវីដ១៩កន្លងមកនេះ រដ្ឋាភិបាលកម្ពុជាបានដាក់ ចេញនូវយុទ្ធសាស្ត្រមួយចំនួន ដែលបានបង្កលក្ខណៈឱ្យសេដ្ឋកិច្ចរបស់ខ្លួនងើបឡើងវិញ ប៉ុន្តែនៅពេលខាងមុខទៅទៀតសេដ្ឋកិច្ចកម្ពុជា នៅមានភាពស្រពេចស្រពិលនៅឡើយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការឡើងថ្លៃប្រេងឥន្ធនៈ និងថ្លៃស្បៀងអាហារនៅលើពិភពលោកដោយសារតែសង្គ្រាមនៅអ៊ុយក្រែន កំពុងតែបន្ថែមទំងន់នៃការលំបាកថែមទៀតទៅលើជនក្រីក្រ ហើយវានឹងធ្វើការកាត់បន្ថយភាពក្រីក្រ ថមថយល្បឿ​នវិញផងដែរ ។

របាយការណ៍របស់ធនាគារពិភពលោកបង្ហាញថា ក្នុងដំណាក់កាលមធ្យម សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថា នឹងមានកំណើនជាមធ្យម៦ភាគរយ ក្នុងមួយឆ្នាំ ដោយសារតែភាពអំណោយផលពីច្បាប់វិនិយោគថ្មី អមដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីនានា សម្រាប់ជួយជំរុញការវិនិយោគ និងការធ្វើពាណិជ្ជកម្មផង។

ធនាគារពិភពលោក ក៏បានផ្ដល់ជាអនុសាសន៍គោលនយោបាយមួយចំនួន ដែលអាចជួយទ្រទ្រង់សកម្មភាពស្ដារសេដ្ឋកិច្ច ឱ្យងើបឡើងវិញ ក្នុងនោះ មានភាពចាំបាច់បន្តកិច្ចខិតខំ ទប់ស្កាត់ការឆ្លងកូវីដ១៩  បន្តពង្រឹងភាពជឿទុកចិត្តរបស់អ្នកទទួលប្រើប្រាស់ និងវិនិយោគិន ជំរុញការនាំចេញ ជាពិសេសទំនិញកសិផល តាមរយៈកិច្ចសម្រួលពាណិជ្ជកម្ម និងកាត់បន្ថយចំណាយថ្លៃដើមក្នុងការធ្វើអាជីវកម្ម និងការបន្តរក្សាលំនឹងថ្លៃទំនិញលក់រាយនៅលើទីផ្សារ។

ក្នុងរបាយការណ៍នេះ ក៏មានការវិភាគជាពិសេស លើភាពរអាក់រអួលនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ក្រោយសម័យកូវីដ-១៩។ ផ្នែកពិសេសនេះបានស្នើឡើង នូវយុទ្ធសាស្ត្រមួយចំនួន សម្រាប់កាត់បន្ថយថ្លៃចំណាយទៅលើឡូហ្ស៊ីស្ទិក (Logistics) ។

វាក៏បានសង្កត់ធ្ងន់ដែរថា កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការបង្កើនសមត្ថភាពប្រកួតប្រជែង ផ្នែកពាណិជ្ជកម្មរបស់ខ្លួន និងពង្រីកបណ្តាញផ្លូវដឹកជញ្ជូន ចាំបាច់ត្រូវធ្វើតាមបែបអភិក្រម ជាលក្ខណៈប្រព័ន្ធមួយដែលមានវិសាលភាពទៅហួស ពីតម្រូវការឱ្យមានការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្តទៅទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here