ដោយៈ សុខុម
ស៊ីដនី: ផ្សារហ៊ុនអូស្ត្រាលី បានខាតបង់១ភាគ១០ នៃតម្លៃទីផ្សារសរុបរបស់ខ្លួនក្នុងឆមាសទី១ ដើមឆ្នាំ២០២២ ហើយក្រុមអ្នកវិភាគព្រមានថា ផ្សារហ៊ុននេះ អាចនឹងប្រឈមការខាតបង់បន្ថែមទៀត។ នេះបើយោងតាមសារព័ត៌មាន Reuters ចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនា។
ការខាតបង់យ៉ាងច្រើនសន្ធឹកសន្ធាប់នេះ កើតមានឡើងស្របពេលធនាគារកណ្ដាលអូស្ត្រាលី (Reserve Bank of Australia (RBA)) ចាត់វិធានការដំឡើងអត្រាការប្រាក់ ដើម្បីទប់ទល់នឹងការកើនឡើងអតិផរណា និងការភ័យខ្លាចសេដ្ឋកិច្ចធំៗ របស់ពិភពលោកធ្លាក់ចូលក្នុងវិបត្តិ។
សន្ទស្សន៍ផ្សារហ៊ុនអូស្ត្រាលី S&P/ASX 200 បានធ្លាក់ចុះតម្លៃទីផ្សាររបស់ខ្លួនរហូតដល់ទៅ ប្រមាណ២៥០ពាន់លានដុល្លារអូស្ត្រាលី (១៧២,០៥ពាន់លានដុល្លារអាមេរិក) ស្របពេលមានការរឹតបន្តឹងគោលនយោបាយ សង្រ្គាមរុស្ស៊ី-អ៊ុយក្រែន និងការភ័យខ្លាចចំពោះវិបត្តិសេដ្ឋកិច្ចពិភពលោក។
សន្ទស្សន៍ផ្សារហ៊ុននេះ បានធ្លាក់ចុះនៅក្នុង៥៧វគ្គ ក្នុងចំណោម១២៣វគ្គជួញដូរ ដោយធ្លាក់ចុះជាង១០% ក្នុងរយៈពេលជាង២សប្ដាហ៍ក្នុងខែមិថុនា។ ភាគហ៊ុនបច្ចេកវិទ្យា និងភាគហ៊ុនធនាគារស្ថិតក្នុងចំណោមភាគហ៊ុនដែលខាតបង់ធ្ងន់ធ្ងរក្នុងឆមាសទី១។
ធនាគារកណ្ដាលអូស្ត្រាលី (Reserve Bank of Australia (RBA)) បានដំឡើងអត្រាការប្រាក់ លើសពី៥០ពិន្ទុក្នុងខែមិថុនា ក្រោយពីទំនិញប្រើប្រាស់ បានហក់ឡើងថ្លៃដល់កម្រិតខ្ពស់បំផុត មិនធ្លាប់មានក្នុងរយៈពេល២០ឆ្នាំមកនេះ។
ក្រុមអ្នកវិភាគបានព្យាករថា ទីផ្សារនេះ នឹងមានការប្រែប្រួលឡើងចុះទៀត ហើយប្រហែលជាការដំឡើង អត្រាការប្រាក់កាន់តែខ្ពស់ នឹងបន្តជះផលប៉ះពាល់ដល់ទីផ្សារ។
ភាគហ៊ុនបច្ចេកវិទ្យា បានធ្លាក់ចុះជាង៣៥%ក្នុងឆមាសទី១ ហើយទំនងជាស្ថិតក្រោមសម្ពាធនៅឡើយ ខណៈតម្លៃកាន់តែធ្លាក់ចុះ ហើយទិន្នផលមូលបត្របំណុលកើនឡើង៕ Reuters៕