ADBអះអាងថា ប្រព័ន្ធការងារពាក់ព័ន្ធនៃធុរកិច្ចថ្មីរបស់កម្ពុជាកំពុង អភិវឌ្ឍន៍យ៉ាងឆាប់រហ័ស

 ដោយៈ លក្ខិណា

ភ្នំពេញៈ ធុរកិច្ចថ្មីដែលផ្អែកលើបច្ចេកវិទ្យា ដែលជាភាសាអងគ្លេសថា technology-based startups របស់កម្ពុជាបានរីកចម្រើនយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ជាមួយនឹងប្រព័ន្ធការងារពាក់ព័ន្ធគាំទ្រ (supporting ecosystem) ជំរុញដោយគោលនយោបាយ និងហេដ្ឋារចនាសម្ព័ន្ធ តម្រង់ឆ្ពោះទៅរកការអភិវឌ្ឍរបស់វា។

យោងតាមរបាយការណ៍ស្តីពី ប្រព័ន្ធការងារពាក់ព័ន្ធសម្រាប់ធុរកិច្ចថ្មីផ្នែកបច្ចេកវិទ្យារបស់កម្ពុជា (Cambodia’s Ecosystem for Technology Startups)ដែលបានចេញផ្សាយនាព្រឹកថ្ងៃទី៣០ មិថុនានេះបានឲ្យដឹងថា  កម្មវិធីមួយចំនួន រួមមាន សហគ្រិនខ្មែរ (Khmer Enterprise) និង កម្មវិធីថ្នាក់ជាតិធុរកិច្ចថ្មីកម្ពុជា (Startup Cambodia National Program) បានលេចចេញជារូបរាង ដើម្បីជួយដល់ធុរកិច្ចថ្មីក្នុងវិស័យដូចជា វេទិកាឌីជីថលនានា ការផ្តល់មូលនិធិផ្លូវការដំបូង (seed funding) និងការស្រាវជ្រាវ។

កិច្ចខិតខំប្រឹងប្រែងទាំងនេះ ត្រូវបានគាំទ្រដោយគោលនយោបាយដូចជា ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា (Cambodia Digital Economy and Society Policy Framework)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សេដ្ឋវិទូរបស់ ADB លោក Paul Vandenberg ដែលជាអ្នកនិពន្ធគោលម្នាក់ នៃរបាយការណ៍នេះបានមានប្រសាសន៍ថា “រាជរដ្ឋាភិបាលកម្ពុជាទទួលស្គាល់យ៉ាងច្បាស់ ពីសារៈសំខាន់នៃធុរកិច្ចថ្មី ផ្នែកបច្ចេកវិទ្យាក្នុងការជម្រុញការរីកចម្រើន និងការអភិវឌ្ឍរបស់ប្រទេស។ ដើម្បីសម្រួលដល់ការងារនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវយន្តការ និងគោលនយោបាយសំខាន់ៗ ដើម្បីគាំទ្រដល់សហគ្រិនទាំងនោះ ។

ADBឱ្យដឹងថា ដូចប្រទេសភាគច្រើនដែរ បច្ចេកវិទ្យាសម្រាប់វិស័យធនាគារនិងហិរញ្ញវត្ថុ (fintech) និង អាជីវកម្ម តាមប្រព័ន្ធអ៊ីនធឺណិត(e-commerce)មានចំនួនច្រើន ក្នុងចំណោមធុរកិច្ចថ្មីនៅកម្ពុជា ខណៈដែលធុរកិច្ច ថ្មីដែលផ្តោតលើវិស័យអប់រំ(បច្ចេកវិទ្យាបម្រើវិស័យអប់រំ ឬ edtech) សុខាភិបាល(បច្ចេកវិទ្យាបម្រើវិស័យ សុខាភិបាលឬhealthtech) កសិ​កម្ម (បច្ចេកវិទ្យាបម្រើវិស័យកសិកម្ម ឬagritech) និងបរិស្ថាន(បច្ចេកវិទ្យាបម្រើវិស័យបរិស្ថានបៃតង ឬgreentech) ដែលត្រូវបានចាត់ទុកថា មានផលជះខ្ពស់ដល់ការអភិវឌ្ឍ មានចំនួនតិចនៅឡើយ។

របាយការណ៍នេះបានពិនិត្យ មើលលើវិស័យទាំងបួន និង សក្តានុពលរបស់វា ក្នុងការរួមចំណែកដល់ការអភិវឌ្ឍ ប្រកបដោយបរិយាប័ន្ន និងនិរន្តរភាពនៅកម្ពុជា។

របាយការណ៍នេះបានឱ្យដឹងថា ការជំរុញការលេចឡើងនៃធុរកិច្ចថ្មីកាន់តែច្រើន ក្នុងតំបន់អភិវឌ្ឍន៍សំខាន់ៗ គឺជាបញ្ហាប្រឈមមួយ ព្រោះវាទាមទារឱ្យសហគ្រិនកាន់តែច្រើន ផ្តោតលើវិស័យទាំងបួន និងធ្វើការអភិវឌ្ឍវា។ ប៉ុន្តែរដ្ឋាភិបាលក៏អាចមានតួនាទីក្នុងនោះដែរ ដោយផ្តល់ការគាំទ្រដែលបានកំណត់ ដូចជា ការឧបត្ថម្ភសម្រាប់ដំណាក់កាលអាជីវកម្មដំបូង(incubators) និងសម្រាប់ដំណាក់កាលពង្រីកខ្លួន តាមរយៈការបង្កើតឱ្យមានក្រុមផ្តល់ប្រឹក្សា ដែលមានជំនាញក្នុងវិស័យទាំងនោះ និងការគាំទ្រសកម្មភាពស្រាវ ជ្រាវនៅតាមគ្រឹះស្ថានឧត្តមសិក្សា។

របាយការណ៍នេះបានបង្ហាញដែរថា ការកំណត់ចំនួនធុរកិច្ចថ្មីដែលសកម្មនៅក្នុងប្រទេស គឺពិបាកពីព្រោះទីផ្សារប្រែប្រួលជានិច្ច ជាមួយនឹងការបណ្តាក់ទុនថ្មីៗជាបន្តបន្ទាប់ និងអាជីវកម្មចាស់ដែលបរាជ័យ ឬអសកម្ម។ នៅចុងឆ្នាំ ២០២១ មានធុរកិច្ចថ្មីចំនួន៩0 បានចុះឈ្មោះជាមួយកម្មវិធីថ្នាក់ជាតិធុរកិច្ចថ្មីកម្ពុជា ខណៈដែលការអនុគ្រោះសំខាន់មួយ សម្រាប់ដំណាក់កាលអាជីវកម្មដំបូង មានសមាជិកសកម្មចំនួន១៥០៕

LEAVE A REPLY

Please enter your comment!
Please enter your name here