CDC អនុម័តគម្រោងឯកជន៤៧ក្នុងទំហំទឹកប្រាក់ជាង២,៥ពាន់លានដុល្លារអាមេរិកក្នុងត្រីមាសដំបូង

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ គម្រោងវិនិយោគក្នុងឆ្នាំ២០២២នេះ ត្រូវបានមើលឃើញថាមានសកម្មភាពជាងរយៈពេល២ឆ្នាំកន្លងមក ទាំងការវិនិយោគនៅក្នុងនិងក្រៅតំបន់សេដ្ឋកិច្ចពិសេស។

យោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបង្ហាញថា ត្រីមាសទី១ឆ្នាំនេះ កម្ពុជាអនុម័តគម្រោងវិនិយោគឯកជន៤៧គម្រោង កើនឡើង៣ គម្រោងធៀបនឹងត្រីមាសទី១ឆ្នាំមុន។

របាយការណ៍ដដែលឱ្យដឹងថា គម្រោងវិនិយោគ ដែលកម្ពុជាអនុម័តក្នុងត្រីមាសទី១ឆ្នាំនេះ មានទឹកប្រាក់២,៥២ពាន់លានដុល្លារអាមេរិក កើនឡើងប្រមាណ១៤,២ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ក្នុងគម្រោងវិនិយោគទាំង៤៧នេះ មាននៅក្រៅតំបន់សេដ្ឋកិច្ចពិសេសចំនួន៤៣គម្រោង បានកើនឡើង១៥គម្រោង ឬប្រមាណ៥៣,៦ភាគរយ និងទុនវិនិយោគសរុបចំនួន២,២១៩ពាន់លានដុល្លារអាមេរិក កើនឡើង២១០,៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុននេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការវិនិយោគក្រៅតំបន់សេដ្ឋកិច្ចពិសេស គាំទ្រដោយគម្រោងវិនិយោគលើមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណង វារីអគ្គិសនី រោងចក្រផលិតសំបកកង់យានយន្ត សណ្ឋាគារ រោងចក្រស៊ីម៉ង់ត៍ កសិដ្ឋានដាំដំណាំចេកនិងដំណាំហូបផ្លែផ្សេងៗទៀត រោងចក្រដំឡើងរថយន្ត និងមន្ទីរពហុព្យាបាល។

លោក វ៉ា វីរៈ អ្នកជំនាញអចលនទ្រព្យអន្តរជាតិ បានលើកឡើងផងដែរថា ក្នុងឆ្នាំ២០២២នេះ កម្ពុជាទទួលបានគម្រោងវិនិយោគនានាឡើងវិញ បន្ទាប់ពីមានបញ្ហារយៈពេលពេល២ឆ្នាំកន្លងមកនេះ ហើយរំហូរទុនវិនិយោគពីបរទេស ក៏ឃើញថា ចាប់ផ្ដើមមានកំណើនឡើងវិញផងដែរ។

តាមរយៈការអនុម័តគម្រោងវិនិយោគថ្មីៗនិងរំហូរទុនវិនិយោគ នៅដើមឆ្នាំ២០២២នេះ កម្ពុជារំពឹងថា ចុងឆ្នាំនេះ និងដើមឆ្នាំក្រោយ ការវិនិយោគក្នុងប្រទេសនឹងទទួលបានកំណើនឡើងវិញ ទាំងគម្រោងវិនិយោគ និងរំហូរទុនវិនិយោគ៕

LEAVE A REPLY

Please enter your comment!
Please enter your name here