សម្តេចតេជោ៖ ក្រុមប្រទេស BRICS មានតួនាទីកាន់តែសំខាន់បំផុតក្នុងការស្តារសេដ្ឋកិច្ចពិភពលោកពីវិបត្តិជំងឺកូវីដ១៩

ដោយសហការី

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ក្រុមប្រទេសមានសេដ្ឋកិច្ចចម្រើនលូតលាស់ BRICS ដែលរួមមានប្រេស៊ីល រុស្ស៉ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង មានតួនាទីកាន់តែសំខាន់មិនអាចខ្វះបានក្នុងការស្តារសេដ្ឋកិច្ចពិភពលោកឡើងវិញពីវិបត្តិជំងឺកូវីដ១៩ ដែលបានរាតត្បាតពិភពលោក អស់រយៈពេលជាងពីរឆ្នាំកន្លងមកនេះ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងបែបនេះ ក្នុងកិច្ចសន្ទនាជាន់ខ្ពស់នៃថ្នាក់ដឹកនាំប្រទេស “ប្រ៊ីកបូក (BRICS Plus)” ស្ដីពីការអភិវឌ្ឍសកលក្រោមមូលបទ “លើកកម្ពស់ភាពជាដៃគូអភិវឌ្ឍន៍សកល សម្រាប់យុគសម័យថ្មីដើម្បីរួមគ្នអនុវត្តរបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព”។

កិច្ចសន្ទនានេះ ត្រូវបានរៀបចំឡើងដោយប្រទេសចិន តាមប្រព័ន្ធវីដេអូ ដោយមានការចូលរួមពីលោក ស៊ី ជីនពីង ប្រធានាធិបតីចិន” លោក Matemela Cyril Ramaphosa ប្រធានាធិបតីអាហ្វ្រិខាងត្បូង លោកJair Messias Bolsonaro ប្រធានាធិបតីប្រេស៊ីល លោក Putin ប្រធានាធិបតីរុស្ស៉ី និងលោក Modi នាយករដ្ឋមន្ត្រីឥណ្ឌា។ កិច្ចសន្ទនានេះ ក៏មានការចូលរួមពីបណ្តាប្រមុខរដ្ឋ/រដ្ឋាភិបាល កំពុងអភិវឌ្ឍន៍មួយចំនួនទៀត។

ក្នុងសុន្ទរកថាគន្លឹះនៃកិច្ចសន្ទនា សម្តេចតេជោ បានគូសរំលេចថា ក្នុងរយៈពេលជាង ២ឆ្នាំកន្លងមកនេះ ការរីករាលដាលនៃវិបត្តិជំងឺកូវីដ-១៩ បណ្តាលឱ្យមានការខាតបង់នូវវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចនៃប្រទេសកំពុងអភិវឌ្ឍ ដែលសម្រេចបានក្រោមក្របខណ្ឌរបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ បច្ចុប្បន្នតំបន់ និងសកលលោក បាននិងកំពុងបន្តប្រឈមកាន់តែស្រួចស្រាល់ឡើងៗ ហើយកាន់តែស្មុគស្មាញ និងមិនអាចប៉ាន់ប្រមាណបាន ចំពោះការអភិវឌ្ឍ រួមមាន ការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ សង្គ្រាមយោធា ពាណិជ្ជកម្ម និងបច្ចេកវិទ្យា ការប្រែប្រួលអាកាសធាតុ ការរឹតបណ្តឹងនូវគោលនយោបាយរូបិយវត្ថុ។ល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្តេចតេជោ បានសង្កត់ធ្ងន់ថា កត្តាទាំងនេះ បាននិងកំពុងបង្កឱ្យមានការផ្លាស់ប្ដូរនិម្មាបនកម្មសេដ្ឋកិច្ចសកលលោក និងបន្ទច់បង្អាក់ចរន្តសកលភាវូបនីយកម្ម ដែលធ្វើឱ្យខ្សែច្រវាក់តម្លៃសកល និងផលិតភាពសកលមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់។

ស្ថិតក្នុងបរិការណ៍ដែលការរីករាលនៃជំងឺកូវីដ-១៩ បានស្រាកស្រាន្ដ និងការខិតខំស្តារសេដ្ឋកិច្ចដែលជាសេដ្ឋកិច្ចកំពុងលូតលាស់ខ្លាំងប្រកបដោយ សកលលោកជាអាទិភាពចំពោះមុខនេះ សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចថា ក្រុមប្រទេស BRICS មានតួនាទីសំខាន់ណាស់ក្នុងការជួយស្តារសេដ្ឋកិច្ចពិភពលោកចេញពីវិបត្តិ។

សម្តេចតេជោ បានគូសបញ្ជាក់ដូច្នេះ “BRICS ដែលជាប្រទេសមានសេដ្ឋកិច្ចកំពុងលូតលាស់ខ្លាំងប្រកបដោយសក្តានុពល មានតួនាទីកាន់តែសំខាន់មិនអាចខ្វះបានក្នុងការពង្រីក និងពង្រឹងចលនានៃសកម្មភាពសេដ្ឋកិច្ចសកលលោកឱ្យត្រលប់ទៅរកកំណើនសក្តានុពល ដើម្បីពន្លឿនការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព”។

សម្តេចតេជោ បន្ថែមថា “កិច្ចសហប្រតិបត្តិការ ប្រ៊ីកបូក (BRICS Plus) ជាកាលានុវត្តភាពមួយដ៏សំខាន់សម្រាប់ពង្រឹងភាពជាដៃគូជាមួយបណ្តាប្រទេសផ្សេងៗក្នុងការបង្កើតវេទិកា សម្រាប់លើកកម្ពស់កិច្ចសហប្រតិបត្តិការជាក់ស្ដែងក្នុងវិស័យអាទិភាពសំខាន់ៗ ដើម្បីបង្កើតឱកាសការងារ កាត់បន្ថយភាពក្រីក្រ ព្រមទាំងការធានាសន្តិសុខស្បៀង និងថាមពលជាដើម ក្នុងការសម្រេចឱ្យបាននូវរបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព”៕

LEAVE A REPLY

Please enter your comment!
Please enter your name here