សិក្សាពីចំណុចសំខាន់ៗទាំងនេះទាក់ទងនឹងសហគមន៍៍សេដ្ឋកិច្ចអាស៊ាន

ដោយៈ ម៉ាលីនណា

       ភ្នំពេញៈ សមាហរណកម្មសេដ្ឋកិច្ចអាស៊ាន បានចាប់ផ្តើមកាលពីចុងឆ្នាំ២០១៥កន្លងមក​នេះ ប៉ុន្តែប្រជាពលរដ្ឋកម្ពុជាហាក់មិនទាន់យល់ច្បាស់ ពីសហគមន៍នេះឲ្យបានពេញលេញ និងស៊ីជម្រៅនៅទ្បើយ។

យោងតាមឯកសារផ្លូវការរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឲ្យដឹងថា សហគមន៍សេដ្ឋកិច្ចអាស៊ានមានប្រជាពលរដ្ឋចំនួន៦២២​លាននាក់ និងមានទំហំផលិតផលក្នុងស្រុកសរុបចំនួន២.៦ទ្រីលានដុល្លារកាលពីឆ្នាំ​២០១៤  និងអត្រាកំណើនផលិតផលក្នុងស្រុកសរុបចំនួន៤.៦ភាគរយ។ នៅក្នុងអាស៊ានបានអនុវត្តន៍វិធានការណ៍នានារបស់ប្រទេសជាសមាជិក ដើម្បីធ្វើសមាហរណកម្មសេដ្ឋកិច្ចកាន់តែស៊ីជម្រៅ និងកែសម្រួលវិធានច្បាប់ឲ្យមានភាពងាយស្រួល ធ្វើ​សុខដុមនីយកម្មហេដ្ឋារចនាសម្ព័ន្ឋ បទបញ្ញត្តិ សម្រួលចរាចរណ៍ទំនិញឆ្លងកាត់ព្រំដែន កាត់បន្ថយឬលុបបំបាត់របាំងមិនមែនពន្ឋគយ និងធ្វើឲ្យកាន់តែស៊ីជម្រៅបន្ថែម ទៀតនូវទំនាក់ទំនងសេដ្ឋកិច្ចក្នុងតំបន់។

ទី១ តើគេពិព៌ណនាសង្ខេបពីសហគមន៍សេដ្ឋកិច្ចអាស៊ានយ៉ាងដូចម្តេច?

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

       សហគមន៍អាស៊ាននឹងធ្វើឲ្យប្រទេសជាសមាជិកអាស៊ានទាំង១០ កាន់តែខិតជិតគ្នា ដោយយើងនឹងត្រូវផ្សារភ្ជាប់គ្នាដោយចក្ខុវិស័យរួមនៃតំបន់មួយ ដែលរ៉ឹងមាំ​យូរអង្វែងប្រកបដោយសន្តិរភាព ស្ថិរភាព និងវិបុលភាព។ ការកសាងសហគមន៍មានសរសរស្តម្ភចំនួនបី គឺវិស័យនយោបាយ សន្តិសុខ វិស័យសេដ្ឋកិច្ច និងវិស័យ​សង្គម វប្បធ៌ម។ ការបង្កើតសហគមន៍ គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់មួយក្នុង​ការបន្តការវិវត្តន៍របស់អាស៊ាន ជាអង្គការមួយដែលមានអត្តសញ្ញាណតំបន់រួមមាន​ប្រជាជន៦២០លាននាក់ ដែលប្រាថ្នាចង់បាន “ចក្ខុវិស័យតែមួយ អត្តសញ្ញាណតែមួយ សហគមន៍តែមួយ”។

ទី២ សហគមន៍នេះចាប់ផ្តើមដំណើរការនៅថ្ងៃទី៣១ ធ្នូ ឆ្នាំ ២០១៥ តើយើង​រំពឹងថាមានអ្វីផ្លាស់ប្តូរនៅក្នុងឆ្នាំថ្មីនេះ?

       ការកសាងសហគមន៍អាស៊ាន គឺជាដំណើរការមួយដែលកំពុងធ្វើបន្ត មិនមែន​ជាការផ្លាស់ប្តូរភ្លាមៗនោះទេ។ ដើម្បីរៀបចំសម្រាប់ការចាប់ផ្តើមសហគមន៍នេះ ប្រទេសសមាជិកអាស៊ាន បានអនុវត្តន៍គំនិតផ្តួចផ្តើមជាច្រើននៅក្រោមផែនការលំអិតទាំងបីរបស់សហគមន៍អាស៊ាន ក្នុងគោលបំណងធ្វើសមាហរណកម្មកាន់តែ​ស៊ីជម្រៅនិងទូលំទូលាយ។ ថ្នាក់ដឹកនាំអាស៊ានបានអនុម័ត ចក្ខុវស័យសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៥ ដែលបន្តធ្វើសមាហរណកម្ម និងពង្រឹងភាពរ៉ឹងមាំរបស់​យើងសម្រាប់រយៈពេល១០ឆ្នាំខាងមុខ។

៣ តើសហគមន៍សេដ្ឋកិច្ចអាស៊ាន នឹងប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃរបស់យើង​យ៉ាងដូចម្តេច?

       គោលដៅចំបងនៃសមាហរណកម្មតំបន់ តាមរយៈសហគមន៍អាស៊ាន គឺដើម្បី​លើកកំពស់ជីវភាពរស់នៅរបស់ប្រជាជនអាស៊ាន។ សេចក្តីថ្លែងការណ៍កូទ្បាទ្បាំពួរ ឆ្នាំ២០១៥ ស្តីពីការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាន ដែលចេញដោយថ្នាក់ដឹកនាំអាស៊ាន ក្នុងឳកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី២៧ វិច្ឆិកា ឆ្នាំ២០១៥បានបញ្ជាក់ពីបំណងប្រាថ្នារបស់ថ្នាក់ដឹកនាំអាស៊ានក្នុងការបង្កើត “សហគមន៍មួយដែលផ្អែក​លើច្បាប់ ដែលយកចិត្តទុកដាក់លើប្រជាជន និងយកប្រជាជនជាធំ ដែលក្នុងសហគ​មន៍នោះ ប្រជាជនយើងបន្តធ្វើការចូលរួម និងទទួលបានផលប្រយោជន៍ពេញលេញពីដំណើរការសមាហរណកម្មអាស៊ាន និងសេរីភាព អព្យាក្រិតភាព សន្ឋិសញ្ញាមិត្ត​ភាព និងកិច្ចសហប្រតិបត្តិការឆ្នាំ១៩៧៦ និងពិធីសារសម្រាប់ពង្រឹងយន្តការដោះស្រាយ ជម្លោះឆ្នាំ២០០៤សម្រាប់ដោះស្រាយជម្លោះពាក់ព័ន្ឋនឹងផ្នែកសេដ្ឋកិច្ច។

សេចក្តីថ្លែងការណ៍អាស៊ានស្តីពី សមុទ្រចិនខាងត្បូង(ឆ្នាំ១៩៩២) និងសេចក្តី​ថ្លែងការណ៍ស្តីពី ការប្រតិបត្តិរបស់បណ្តាភាគីសមុទ្រចិនខាងត្បូងឆ្នាំ២០០២ ក៏បាន​ដើរតួនាទីសំខាន់នៅក្នុងការរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពនៅសមុទ្រចិនខាងត្បូង។កិច្ចព្រមព្រៀងអាស៊ានស្តីពី ភាពកខ្វក់នៃផ្សែងអ័ព្ទឆ្លងព្រំដែនគឺជាឧទាហរណ៍ ទី៣ឆ្លើយតបទៅនឹងសំណួរសួរថា តើអាស៊ានគ្រប់គ្រងបញ្ហាប្រឈមឆ្លងដែនយ៉ាង​ដូចម្តេច។

ទី៤ តើយើងអាចធ្វើដំណើរដោយសេរីក្នុងតំបន់ ឬធ្វើការនៅក្នុងប្រទេសអាស៊ានមួយទៀតបានឬទេ?

       កិច្ចព្រមព្រៀងនិងគំនិតផ្តួចផ្តើមនៅក្នុងអាស៊ាន បានជួយសម្រួលដល់ការធ្វើ​ដំណើរក្នុងបណ្តាប្រទេសអាស៊ាន និងមានកិច្ចព្រមព្រៀងជាច្រើនទៀតកំពុងត្រូវបានរៀបចំ។ ក្នុងវិស័យការងារ កិច្ចព្រមព្រៀងទទួលស្គាល់ទៅវិញទៅមក នៅក្នុង​សហគមន៍អាស៊ាន បានផ្តល់នូវចរាចរណ៍ដោយសេរីនៃអ្នកមានវិជ្ជាជីវៈជំនាញ ដូច​ជា វិស្វករ គិលានុបដ្ឋាក ស្ថាបត្យករ អ្នកអង្កេតដីធ្លី វេជ្ជបណ្ឌិតនិងទន្តពេទ្យ គណ​នេយ្យករ និងអ្នកមានវិជ្ជាជីវៈទេសចរណ៍។

       ៥ ប្រទេសសមាជិកអាស៊ានមួយចំនួនមានការខ្វែងគំនិតគ្នាខ្លះ តើសហគមន៍​សេដ្ឋកិច្ចអាស៊ាននឹងជួយដោះស្រាយបញ្ហានេះដោយរបៀបណា?

       ដូចនៅក្នុងគ្រួសារ ប្រទេសសមាជិកអាស៊ានអាចមានទស្សនៈផ្សេងគ្នាលើបញ្ហាមួយចំនួន ហើយប្រទេសមួយចំនួននៅមានបញ្ហាព្រំដែនដែលមិនទាន់ដោះស្រា​យ។ ប្រទេសសមាជិកអាស៊ានបានប្តេជ្ញាគោរពធម្មនុញ្ញអាស៊ាន ជាគោលការណ៍ ណែនាំរបស់ពួកគេ ដែលរួមមានការដោះស្រាយជម្លោះដោយសន្តិវិធី។ក្នុងចំណោ​ម​នោះតាមរបៀបអាស៊ាន គឺនិយាយពីការកសាងសហគមន៍ និងកុងសង់ស៊ីល(ស្រុះស្រួលគ្នា) និងការមិនប្រើហឹង្សាចំពោះការប្រឈមមុខដាក់គ្នា ប្រកាន់ភាពនិយម   កណ្តាលទៅលើភាពជ្រុលនិយម និងការដោះស្រាយជម្លោះដោយសន្តិវិធី។

អាស៊ានមានកិច្ចព្រមព្រៀងជាច្រើន ដើម្បីលើកកំពស់សន្តិភាព កិច្ចសហប្រតិ​បត្តិការ និងសាមគ្គីភាពតំបន់ រួមមានសេចក្តីថ្លែងការណ៍ឆ្នាំ១៩៧១ស្តីពីសន្តិភាព សា​មគ្គីភាព វិបុលភាព និងសុខដុមរមនាក្នុងអាស៊ាន។

គំរោងតភ្ជាប់រូបវ័ន្តគ្របដណ្តប់ទៅលើគំនិតផ្តួចផ្តើមជាច្រើន ដើម្បីជួយសម្រួ​លដល់លំហូរទំនិញ សេវាកម្ម និងប្រជាជននៅក្នុងតំបន់ដែលរួមមានបណ្តាញ    ហាយវេ  កំពង់ផែសមុទ្រចំនួន៤៧ ច្រករបៀងខ្សែបញ្ជូនទិន្នន័យល្បឿនលឿនអាស៊ាន និងបណ្តាញចែកចាយថាមពលអាស៊ាន គំរោងហេដ្ឋារចនាសម្ព័ន្ឋធំៗអាទិភាព ដែលនឹងជំរុញការតភ្ជាប់ឆ្លងកាត់ព្រំដែន និងនាំមកនូវផលប្រយោជន៍ជាច្រើនដូចជា ភាពប្រកួតប្រជែងនៃបណ្តាញផលិតកម្មតំបន់ ពាណិជ្ជកម្ម សេវាកម្ម លំហូរវិនិយោគប្រសើរជាងមុន និងការកាត់បន្ថយគម្លាតអភិវឌ្ឍន៍។

កិច្ចព្រមព្រៀងសម្របសម្រួលការដឹកជញ្ជូនចំនួនបី ក៏បានរួមចំណែកដល់ការ​តភ្ជាប់រូបវ័ន្ត កិច្ចព្រមព្រៀងទាំងបីនេះ គឺកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីការ​សម្រួលទំនិញឆ្លងកាត់ ការសម្រួលសម្រួលការដឹកជញ្ជូនឆ្លងកាត់រដ្ឋសមាជិក និងការដឹកជញ្ជូនពហុបែប ដែលមានគោលបំណងកាត់បន្ថយចំណាយ និងជួយជំរុញ​ចរាចរណ៍រថយន្តទំនិញសេវាឆ្លងកាត់ព្រំដែន។ឧទាហរណ៍ សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតទ្បាវ និងវៀតណាម បានដាក់ឲ្យដំណើរការប្រព័ន្ឋត្រួតពិនិត្យតែមួយនៅចំណុចត្រួតពិនិត្យព្រំដែនទ្បាវ បាវដាញ់សាវ៉ាញនៅឆ្នាំ២០១៥ ដើម្បីជួយសម្រូលពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងនៅតាមបណ្តោយច្រករបៀងសេដ្ឋកិច្ចលិច កើត។

ប្រទេសសមាជិកអាស៊ាន ក៏កំពុងតែធ្វើឲ្យកាន់តែងាយស្រួល ដល់ការធ្វើចរា​ចរណ៍ទំនិញ ទាំងនៅក្នុងប្រទេសនិងតាមព្រំដែនឆ្លងកាត់ប្រទេស រួមទាំងតាមរយៈ​ច្រកចេញចូលតែមួយថ្នាក់ជាតិរបស់ប្រទេសជាសមាជិកនិមួយៗ។ នៅដើមឆ្នាំ​២០១៦ ច្រកចេញចូលតែមួយរបស់អាស៊ាន នឹងត្រូវអនុវត្តន៍ក្នុងចំណោមសមាជិក អាស៊ាន ដែលបានត្រៀមលក្ខណៈរួចរាល់។ អាស៊ានក៏កំពុងតែបន្តអនុវត្តន៍ទីផ្សារអា​កាសចរណ៍តែមួយ  និងទីផ្សារនាវាចរណ៍តែមួយ ដែលជាផ្នែកមួយក្នុងការសម្រេច​ឲ្យបាននូវគោលដៅក្លាយជាទីផ្សារតែមួយ និងមូលដ្ឋានផលិតកម្ម និងបើកចំហជាជំ​ហ៊ានៗថែមទៀតដល់ការវិនិយោគនៅក្នុងតំបន់អាស៊ាន និងនៅក្រៅតំបន់អាស៊ាន។

វិធានការណ៍តភ្ជាប់ស្ថាប័នរួមមាន វិធានការណ៍នានាដើម្បីសម្រួលពាណិជ្ជកម្ម ដូចជា កន្លែងផ្ទុកទិន្នន័យពាណិជ្ជកម្មអាស៊ាន និងកន្លែងផ្ទុកទិន្នន័យពាណិជ្ជកម្ម​ថ្នាក់ជាតិ។ អាស៊ានក៏កំពុងដោះស្រាយរបាំងពាណិជ្ជកម្មមិនមែនពន្ឋគយ  ដើម្បីជំរុ ញពាណិជ្ជកម្មក្នុងតំបន់អាស៊ាន និងការវិនិយោគ និងធ្វើសុខដុមនីយកម្មស្តង់ដានិង និតិវិធីវាយតំលៃភាពស្របគ្នានូវរាល់ប្រទេសសមាជិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here