UN: អាស៊ានត្រូវបង្កើនការដាក់សម្ពាធលើរបបយោធាមីយ៉ាន់ម៉ាដើម្បីកុំឱ្យពលរដ្ឋស្លាប់កាន់តែច្រើន

ដោយៈ សុខុម

គូឡាឡាំពួ: អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (UN) បានព្រមានធ្ងន់ៗកាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែមិថុនា ថា អាស៊ាន ត្រូវតែបង្កើនការដាក់សម្ពាធ លើរបបយោធាមីយ៉ាន់ម៉ា បើមិនដូច្នេះទេនឹងមានប្រជាជនស្លាប់ និងរងទុក្ខវេទនាកាន់តែច្រើន បន្ទាប់ពីលទ្ធិប្រជាធិបតេយ្យជាប់គាំងរយៈពេលវែង។

ប្រទេសមីយ៉ាន់ម៉ា បានធ្លាក់ចូលក្នុងស្ថានភាពចលាចល ហើយសេដ្ឋកិច្ចរបស់ប្រទេសនេះ បានដាំក្បាលចុះយ៉ាងដុនដាប ចាប់តាំងពីផ្ទុះរដ្ឋប្រហារយោធាកាលពីខែកុម្ភៈ ឆ្នាំ២០២១ ដែលបានទម្លាក់មេដឹកនាំស៊ីវិល គឺលោកស្រី អ៊ុន សានស៊ូជី ដែលត្រូវបានផ្ទេរពីការឃុំខ្លួនក្នុងផ្ទះទៅឃុំខ្លួនក្នុងពន្ធនាគារនៅសប្ដាហ៍នេះ។

កិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ដើម្បីនាំមកនូវសន្តិភាពជូនប្រទេសមីយ៉ាន់ម៉ា ដែលជាសមាជិកមួយរបស់ខ្លួនបានជាប់គាំង ខណៈការប្រយុទ្ធនៅតែបន្តកើនឡើងកម្ដៅកាន់តែខ្លាំង។

កាលពីឆ្នាំមុន អាស៊ាន បានព្រមព្រៀងគ្នាលើ “ការឯកភាព៥ចំណុច” ដែលអំពាវនាវឱ្យបញ្ឈប់អំពើហិង្សា​ ដើម្បីវិលមកចូលតុចរចាប្រកបដោយផ្លែផ្កា ប៉ុន្តែរបបយោធាមិនអើពើ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទន្ទឹមនឹងនេះ ការខ្វែងគំនិតគ្នាក្នុងអាស៊ាន ក៏បានធ្វើឱ្យកិច្ចខំប្រឹងប្រែងដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា ជួបភាពស្មុគស្មាញផងដែរ។

នៅពេលសួរអំពីកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន លោក Tom Andrews អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅមីយ៉ាន់ម៉ា លើកឡើងថា “ច្បាស់ណាស់ថា អាស៊ាន ត្រូវតែខិតខំបន្ថែមទៀត”។លោកបន្ថែមថា “យើងរង់ចាំកាន់តែយូរ កាន់តែអសកម្ម នឹងមានមនុស្សស្លាប់ និងរងទុក្ខកាន់តែច្រើន”។

នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ប្រទេសម៉ាឡេស៊ី ដែលបានថ្កោលទោសរដ្ឋប្រហារនៅមីយ៉ាន់ម៉ា លោក Tom Andrews បានសង្កត់ធ្ងន់ថា “ពលរដ្ឋមីយ៉ាន់ម៉ា មិនអាចទ្រាំរង់ចាំភាពអសកម្មមួយឆ្នាំទៀតនោះឡើយ”៕ AFP៕

LEAVE A REPLY

Please enter your comment!
Please enter your name here