ក្រុមហ៊ុនជិត ១៥.០០០ បានចុះបញ្ជីតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ក្នុងដើមទុនសរុបជិត ៥ពាន់លានដុល្លារ

ដោយ៖ សុផារី

ភ្នំពេញ៖​ ក្នុងរយៈពេល២ឆ្នាំមកនេះ មានក្រុមហ៊ុនជិត១៥.០០០មកចុះបញ្ជី ទំហំដើមទុនសរុប៤.៦៧០លានដុល្លារ បានចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន។

យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីខួបគម្រប់២ឆ្នាំ នៃការដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៥ ខែមិថុនាបានឱ្យដឹងថាមកទល់នឹងពេលបច្ចុប្បន្ន ការរៀបចំប្រព័ន្ធនេះមាន២ដំណាក់កាលរួចមកហើយ ដោយដំណាក់កាលទី១ ត្រូវបានដាក់ឲ្យដំណើរការជាផ្លូវការ អស់រយៈពេល២ឆ្នាំកន្លងមក គឺរាប់ចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ។

ដំណាក់កាលទី១នេះ គឺជាការចុះបញ្ជីជាខ្សែច្រវាក់ជាមួយក្រសួងពាណិជ្ជកម្ម, អគ្គនាយកដ្ឋានពន្ធដារ និង ក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ ហើយក្នុងករណីជាគម្រោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ធុរជនក៏អាចស្នើសុំចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផងដែរ។

ដំណាក់កាលទី២ ដែលត្រូវបានដាក់ឲ្យដំណើរការ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ផ្ដោតលើការផ្ដល់អាជ្ញាបណ្ណជំនាញពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ក្រសួងទេសចរណ៍ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងនិយ័តករអាជីវកម្មអចលនទ្រព្យ និងបញ្ចាំនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន គឺជាវិធានកែទម្រង់មុតស្រួចជាកញ្ចប់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងលើកស្ទួយភាពប្រកួតប្រជែង និង លើកកម្ពស់បរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here