ស្ពានខ្សែកាបតភ្ជាប់ពីផ្លូវជាតិលេខ៥ទៅកាន់តំបន់ជ្រោយចង្វារនឹងបញ្ចប់នៅចុងត្រីមាសទី១ឆ្នាំក្រោយហើយ

ដោយៈជេស៊ីកា

ភ្នំពេញៈ ស្ពានបេតុងយោងដោយខ្សែកាបដ៏ស្រស់ស្អាត តភ្ជាប់រវាងផ្លូវជាតិលេខ៥ ទៅកាន់តំបន់ជ្រោយចង្វារ បានបញ្ចប់ការសាងសង់៧១ភាគរយហើយ ខណៈគំរោងនេះ នឹងបញ្ចប់នៅចុងត្រីមាសទី១ដើមឆ្នាំ២០២៣។

លោកនីស៊ីហារ៉ា វីរ៉ាស៊នប្រធានគ្រប់គ្រងគំរោងសាងសង់ស្ពាន នៃក្រុមហ៊ុនOCIC បានមានប្រសាសន៍ឲ្យដឹងតាមបណ្តាញតេឡេក្រាម កាលពីល្ងាចថ្ងៃទី១៣ មិថុនាកន្លងមកថា ស្ពានឆ្លងទន្លេសាបឬស្សីកែវ បច្ចុប្បន្នយើង សាងសង់បានជាសរុប៧១ភាគរយនៃគំរោងទាំងមូល ដោយបច្ចុប្បន្ននេះផ្នែកគ្រឹះនិងសសរស្ពាន សំរេចបាន១០០ភាគរយ និងសសរសំរាប់ទាញកាបសំរេចបាន៩០ភាគរយ។

ចំណែកធ្នឹមបេតុង សំរេចបាន៤៤ភាគរយ ហើយតាមផែនការគំរោងនេះគ្រោងនឹងបញ្ចប់នៅដើមខែមិនាឆ្នាំ២០២៣។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តទៀតថា “ដោយសារបញ្ហាកូវីដ១៩ ការសាងសង់របស់យើងមានការយឺតយ៉ាវមួយរយះ ហើយនិងមានការសិក្សា ពីផែនការឡើងវិញ ប៉ុន្តែចូលដល់ឆ្នាំ២០២២នេះ ការងាររបស់យើងគឺតាមផែនការជាធម្មតា”។

លោក នីស៊ីហារ៉ា វីរ៉ាស៊នបានបន្តទៀតថា ស្ពាននេះនិងជួយសំរួលចររាចរណ៍ដល់ការកកស្ទះ ស្ពានជ្រោយចង្វារប្រមាណ៤០ភាគរយ ដោយសារ ស្ពាននេះ តភ្ជាប់ពីផ្លូវជាតិលេខ៥ មកតំបន់អភវឌ្ឍន៍ជ្រោយចង្វារ និងភ្ជាប់ទៅផ្លូវជាតិលេខ៦A នោះវានឹងចូលរួមពង្រីកតំបន់ជុំវិញនោះ អោយមានសក្តានុពលភាពទាំផ្នែកសេដ្ឋកិច្ច និងសង្គមកាន់តែខ្លាំងនៅពេលអនាគត។

ស្ពានយោងដោយខ្សែកាបនេះ ជាស្ពានទី៥ ដែលបាននិងកំពុងសាងសង់ឆ្លងកាត់ទន្លេសាប ដែលទី១ គឺស្ពានមិត្តភាពកម្ពុជា ជប៉ុន ជ្រោយចង្វារ ទី២ ស្ពានមិត្តភាពកម្ពុជា ចិនជ្រោយចង្វារ ទី៣ ស្ពានមិត្តភាពកម្ពុជា ចិនព្រែកព្នៅ ទី៣ ស្ពានមិត្តភាពកម្ពុជា ចិនព្រែកក្តាម និងទី៥​ស្ពានយោងដោយខ្សែកាប ដែលសាងសង់ដោយក្រុមហ៊ុនOCIC ដោយប្រើប្រាស់ថវិកាបានមកពីការជួលដីរដ្ឋបាលរាជធានីភ្នំពេញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here