សិង្ហបុរីជាប់ចំណាត់ថ្នាក់លេខ១ ជាប្រទេសមានអាជីវកម្ម Start-up ច្រើនបំផុតប្រចាំអាស៊ី-ប៉ាស៊ីហ្វិក

សុខុម

អន្តរជាតិ: សិង្ហបុរី បានវ៉ាឈ្នះប្រទេសចិន ជាប់ចំណាត់ថ្នាក់លេខ១ ជាប្រទេសដែលមានអាជីវកម្ម Start-up ច្រើនបំផុតប្រចាំអាស៊ី-ប៉ាស៊ីហ្វិក។ នេះបើយោងតាមរបាយការណ៍សន្ទស្សន៍ប្រព័ន្ធអេកូស៊ីអាជីវកម្ម Start-up ឆ្នាំ២០២២ (Start-up Ecosystem Index 2022) របស់ StartupBlink។

ទន្ទឹមនេះសិង្ហបុរី ក៏បានជាប់ចំណាត់ថ្នាក់លេខ៧ នៅទូទាំងពិភពលោកផងដែរផ្នែកអាជីវកម្ម Start-up នៅក្រោយសហរដ្ឋអាមេរិក អង់គ្លេស អ៊ីស្រាអែល កាណាដា ស៊ុយអែត និងអាល្លឺម៉ង់។ កាលពីឆ្នាំ២០២១ ប្រទេសសិង្ហបុរី បានជាប់ចំណាត់ថ្នាក់លេខ១០។ នេះបើយោងតាមសារព័ត៌មាន The Straits Times ចុះផ្សាយកាលពីពេលថ្មីៗនេះ។

របាយការណ៍នេះបានបង្ហាញថា វិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) ជាឧស្សាហកម្ម “លេចធ្លោខ្លាំង” របស់ប្រទេសសិង្ហបុរី ហើយក៏បានធ្វើការកត់សម្គាល់ដែរថា ពេលនេះសិង្ហបុរី ស្ថិតក្នុងចំណោមទីក្រុងជាប់ចំណាត់ថ្នាក់កំពូលទាំង៣០ សម្រាប់វិស័យផ្សេងៗទៀតដូចជា បច្ចេកវិទ្យាអប់រំ ពាណិជ្ជកម្មតាមអនឡាញ (E-commerce) & លក់រាយ Software & ទិន្នន័យ និងទីផ្សារ & ការលក់។

របាយការណ៍ដដែលលើកឡើងថា “សិង្ហបុរី គឺជាគំរូសម្រាប់នវានុវត្តន៍ថ្មី និងបន្តគំរូក្នុងនាមជាប្រទេសតូចមួយដែលលេចធ្លោខ្លាំង និងបង្កើតឥទ្ធិពលថ្នាក់តំបន់ក្នុងនាមជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏មានឥទ្ធិពល និងបើកចំហនៅអាស៊ី”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

របាយការណ៍នេះបន្ថែមទៀតថា ច្បាប់ពន្ធដារដ៏អំណោយផលរបស់សិង្ហបុរី និងភាពងាយស្រួលនៅក្នុងការធ្វើអាជីវកម្មទាក់ទាញបាន “ការវិនិយោគលើប្រព័ន្ធអេកូឡូស៊ីយ៉ាងធំសម្បើម”៕

LEAVE A REPLY

Please enter your comment!
Please enter your name here