ទំហំពាណិជ្ជកម្មកម្ពុជាក្នុងឆ្នាំនេះរំពឹងមានទឹកប្រាក់ជាង ៥៤ពាន់លានដុល្លារអាមេរិក

ដោយៈ លក្ខិណា

ភ្នំពេញៈ តាមប៉ាន់ស្មាននិងព្យាកររបស់កម្ពុជា ទំហំពាណិជ្ជកម្មរវាងកម្ពុជាជាមួយអន្តរជាតិរំពឹងថា នឹងសម្រេចបានទំហំទឹកប្រាក់៥៤.៣៩៨លានដុល្លារអាមេរិក ក្នុងនោះការនាំចេញត្រូវបានរំពឹងថា សម្រេចបានទឹកប្រាក់២៣.៤១៨លានដុល្លារអាមេរិក និងនាំចូលរំពឹងថាមានទឹកប្រាក់៣០.៩៨០លានដុល្លារអាមេរិក។

ការព្យាកររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីខែឧសភា ២០២២កន្លងទៅនេះឱ្យដឹងថា វិស័យមួយចំនួនដែលគាំទ្រដល់ការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិបានព្យាករណ៍ថា នឹងមានភាពល្អប្រសើរឡើងវិញនៅក្នុងឆ្នាំ ២០២២និងឆ្នាំ២០២៣ខាងមុខនេះ ក្នុងនោះដែរ អនុវិស័យកម្មន្តសាលមិនមែនកាត់ដេរ ត្រូវបានព្យាករថានឹងបន្តសម្រេ​ចបានកំណើនល្អប្រសើរ ក្នុងរង្វង់១២,២ភាគរយក្នុងឆ្នាំ២០២២ និង១៣,៣ភាគរយក្នុងឆ្នាំ២០២៣។

កំណើនរឹងមាំនេះ គាំទ្រដោយការរំពឹងទុកភាពល្អប្រសើរ នៃតម្រូវការខាងក្រៅ ជាពិសសទីផ្សារសហរដ្ឋអាមេរិក ស្របជាមួយនឹងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រួមមាន កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា ចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា កូរ៉េ ព្រមទាំងការអនុវត្ត ច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ។

នៅក្នុងក្របខណ្ឌគោនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោនយោបាយហិរញ្ញវត្ថុសាធារណៈឆ្នាំ ២០២៣ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបាន ឱ្យដឹងថា ទោះជាមានចំណុចវិជ្ជមានច្រើនក្ដី តែបញ្ហាជារចនាសម្ព័ន្ធមួយចំនួន បាននិងកំពុងរាំងស្ទះដល់ការរីកចម្រើន នៃអនុវិស័យកម្មន្តសាកលមិនមែនកាត់ដេរ រួមមាន បញ្ហាកង្វះវត្ថុធាតុដើមក្នុងស្រុក កង្វះកម្លាំងពលកម្មជំនាញបច្ចេកទេស ថ្លៃអគ្គិសនីខ្ពស់ កង្វះប្រភេទអាជីវកម្មធុនតូច និងមធ្យម និងភាពមានកម្រិតក្នុងការតភ្ជាប់ទៅនឹងខ្សែច្រវ៉ាក់តម្លៃក្នុងតំបន់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

វិស័យកាត់ដេរកម្ពុជាក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣ខាងមុខនេះ ក៏ត្រូវបានព្យាករថា នឹងបន្តសម្រេចបានកំណើនរឹងមាំ ក្នុងអត្រា១០,៨ភាគរយក្នុងឆ្នាំនេះ និង៨,១ភាគរយក្នុងឆ្នាំ២០២៣ គាំទ្រដោយស្ថិរភាពនៃកត្តាក្នុងស្រុក ដែលសម្រេចបានតាមរយៈអត្រាចាក់វ៉ាក់សាំងកូវីដ១៩ ខ្ពស់របស់កម្មករ និយោជិត ភាពល្អប្រសើរនៃកត្តាខាងក្រៅ ជាពិសេសការរំពឹងទុកនូវការបន្តកើនឡើង តម្រូវការទីផ្សារសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប និងការបន្តទទួលបានការបង្វែរ ការបញ្ជាទិញពីប្រទេសក្នុងតំបន់ ពិសេស ប្រទេសមីយ៉ាន់ម៉ា។

យ៉ាងណាក្ដីវិស័យនេះ ក៏បន្តប្រឈមនឹងបញ្ហាមួយចំនួន រួមមាន ការកើនឡើងនូវការប្រកួតប្រជែង ពីប្រទេសជិតខាងការបាត់បង់ នូវការបង្វែរការបញ្ជាទិញ ភាពមិនប្រាកដប្រជានៃប្រព័ន្ធអនុគ្រោះពន្ធ និងភាពមានកម្រិតនៃ ការប្រើប្រាស់បច្ចេកវិទ្យាក្នុងផលិតម្មជាដើម។

ការនាំចេញនៃផលិតផលកសិកម្មក៏ត្រូវបានរំពឹងថា នឹងមានភាពរឹងមាំ ដែលជំរុញឱ្យទំហំពាណិជ្ជកម្មកម្ពុជា និងប្រទេសជាដៃគូមានភាពរឹងមាំផងដែរ ក្នុងការនាំចេញអង្ករ ទៅកាន់អឺរ៉ុបចាប់ផ្ដើមមានកំណើនឡើងវិញ និងការនាំចេញផលិតផលកសិកម្ម ទៅកាន់ប្រទេសចិនកូរ៉េ និងប្រទេសផ្សេងទៀតផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here