វិភាគៈ កត្តាសន្តិភាព និងការអភិវឌ្ឈសេដ្ឋកិច្ចបានបញ្ចប់នូវអំពើហឹង្សាខាងនយោបាយនៅកម្ពុជា

ដោយៈយិន លាងគង់សហស្ថាបនិកនិងអគ្គនាយកគេហទំព័រPropertyarea.asia

ភ្នំពេញៈ ស្នាមញញឹម ការជិះរថយន្ត និងម៉ូតូនៅភាមដងផ្លូវមានសភាពស្ងប់ស្ងាត់ និងសណ្តាប់ធ្នាប់របៀបរៀបរយ ហើយអ្នកឃោសនារកសម្លេងឆ្នោតនានា បានបង្ហាញស្នាមញញឹមរបស់ពួកគេ ជាមួយកែវភ្នែកយ៉ាងស្រទន់។
មូលដ្ឋានគ្រឹះ និងតម្លៃសន្តិភាព បានចាក់យ៉ាងជ្រៅក្នុងចំណោមប្រជាជាតិខ្មែរ ដែលពួកគេហាក់មានភាពឆ្អែតឆ្អន់នឹងភ្លើងសង្រ្គាម ដែលមិនបន្ស​ល់នូវអ្វីក្រៅពីទឹកភ្នែក សោកនាកម្ម ថ្លុកឈាម និងការវិនាសព្រាត់ប្រាស់នោះឡើយ។

អរគុណសន្តិភាព
ពាក្យសន្តិភាព មានតម្លៃ “មិនអាចកាត់ថ្លៃបាន” សម្រាប់ប្រជាជាតិកម្ពុជា និងជាតិសាសន៍ដទៃទៀត ព្រោះប្រទេសណាក៏ដោយ ដែលគ្មានសន្តិភាព នឹងមិនសម្រេចបាននូវមូលដ្ឋាននៃការអភិវឌ្ឍន៍បានឡើយ។

ជាក់ស្តែង គឺយើងបាននិងកំពុងឃើញ ប្រទេសអ៊ុយក្រែន ដែលប្រជាជនដាក់វាសនាប្រទេស លើតារាកំប្លែងម្នាក់ (ប្រសាសន៍របស់ប្រធានាធិបតីប្រេស៊ីល) បានធ្វើឲ្យប្រទេសរងភាពខ្ទេចខ្ទាំ ប្រជាពលរដ្ឋជាង១០លាននាក់​បានក្លាយជាជនភៀសខ្លួន ដោយសារការសម្រេចចិត្តខុសខាងនយោ​បាយរបស់មេដឹកនាំ។

ដូចគ្នានឹងកម្ពុជា រយៈពេល៥០០ឆ្នាំចុងក្រោយ ដោយសារការសម្រេច​ចិត្តខាងនយោបាយខុស បានធ្វើឲ្យប្រទេសរួមតូច ប្រជាពលរដ្ឋរង​សោកនាកដកម្មមិនចប់មិនហើយ ប៉ុន្តែរយៈពេលជាង២០ឆ្នាំចុងក្រោយនេះ បានធ្វើឲ្យសុខសន្តិភាព បានកើតមានលើពេញផ្ទៃប្រទេស ដោយសារមេដឹកនាំ ផ្តោតលើការកសាងសុខសន្តិភាព និងរក្សាឲ្យបាននូវសន្តិភាពជាស្នូល ដើម្បីកសាងមូលដ្ឋាននៃសេដ្ឋកិច្ចជាតិ ដើម្បីរុញប្រទេសទៅកាន់លំដាប់ថ្មីមួយទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គណបក្សនយោបាយ
ភាពចាស់ទុំរបស់អ្នកធ្វើនយោបាយ មានសារៈសំខាន់ណាស់សំរាប់ជាតិសាសន៍ឬប្រជាជាតិមួយ ព្រោះបើប្រទេសមួយមានអ្នកនយោបាយស្ទើរភ្លើង គ្មានចំណេះដឹង គ្មានទេពកោសល្យ ភាពឈ្លាសវៃ គ្មានចក្ខុវិស័យ​ច្បាស់លាស់ គ្មានទស្សនវិស័យត្រឹមត្រូវ មិនស្គាល់ពីរបត់នយោបាយអន្តរជាតិ និងមិនដំកល់ផលប្រយោជន៍ជាតិជាធំ នោះប្រជាជាតិនោះពិតជាអភ័ព្វមិនខាន។

ក្នុងឱកាសបិទបញ្ចប់ការឃោសនា បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២នេះ មានគណបក្សនយោបាយចូលរួមចំនួន១៧ មានប្រជាពលរដ្ឋរាប់ម៉ីន សែននាក់បានចូលរួម ដើម្បីស្វែងរកអសនៈឃុំ សង្កាត់ ប៉ុន្តែក្នុងចំណោមគណបក្សទាំង១៧ មានតែគណបក្សប្រជាជនកម្ពុជា តែមួយគត់ដែលមានភាពលេចធ្លោជាងគេ និងទទូលបានអសនៈច្រើនជាងគេនាពេលខាងមុខ។

ភាពលេចធ្លោរបស់គណបក្សប្រជាជន និងទទួលបានប្រជាប្រិយភាពជាងគេ មិនមែនជារឿងចៃដន្យឡើយ ប៉ុន្តែគឺឈរលើមូលដ្ឋានច្បាស់លាស់ ទី១ ដោយសារគណបក្សនេះ ជាបក្សកំពុងដឹកនាំប្រទេស និងមានមគ្គុទេស ក៏ដឹកនាំដ៏ឈ្លាសវៃលើកម្រិតជាតិ និងអន្តរជាតិ ទី២ គណបក្សនេះបានសិក្សាស្វែងយល់ពីអ្វី ដែលជាតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋ និងមូលដ្ឋានជាតិ ទី៣ គណបក្សនេះមានធនធានមនុស្សច្រើន និងជាបក្សមាន​ចក្ខុវិស័យច្បាស់លាស់ក្នុងការដឹកនាំប្រទេស។

ទី៤ គណបក្សប្រជាជន មានធនធានហិរញ្ញវត្ថុគ្រប់គ្រាន់ សម្រាប់បំរើមូលដ្ឋាន នៃសេចក្តីប្រើប្រាស់សម្រាប់គណបក្ស ទី៥ ជាគណបក្សដែលបាន​នៅរួមរស់ជាមួយប្រជាពលរដ្ឋ និងដើម្បីប្រជាពលរដ្ឋ ទី៦ គណបក្សក្រោមការដឹកនាំប្រទេសរបស់សម្តេចតេជោ បានកសាងប្រទេសពីបាតដៃទទេ រហូតកសាងប្រទេសរហូតក្លាយជាប្រទេស មានការរីកចម្រើនលឿន និងក្លា​យជាប្រទេស មានប្រាក់ចំណូលមធ្យមកម្រិតទាប និងកំពុងឈានទៅប្រទេស មានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នាពេលខាងមុខ។

ទី៧ ប្រជាជនបានទទួលផលប្រយោជន៍ពិតប្រាកដ និងមើលឃើញច្បាស់ពីការរីកចម្រើន នៃជីវភាពគ្រួសាររបស់ពួកគាត់ដោយផ្ទាល់ ជាជាងគ្រាន់តែស្តាប់លឺ និងទី៨ ជាគណបក្សដែលបានរៀបចំផែនទី ចង្អុលបង្ហាញផ្លូវជាលើកដំបូងសម្រាប់អភិវឌ្ឍប្រទេស និងកសាងមេដឹកនាំសម្រាប់ជំនាន់ក្រោយ លើកដំបូងសម្រាប់ប្រជាជាតិកម្ពុជាជំនាន់ក្រោយ។

មូលដ្ឋានស្ថេរភាព និងការអភិវឌ្ឍរយៈពេលវែង
ការរក្សាបាននូវសន្តិភាព ត្រូវផ្សារភ្ជាប់នឹងការអភិវឌ្ឍន៍សេដ្ឋកិច្ច ប្រសិនជាមេដឹកនាំប្រទេសមួយ មិនអាចកសាងបាននូវកំណើនសេដ្ឋកិច្ចរ៉ឹងមាំទេ ការរក្សាសន្តិភាពក៏ជាបញ្ហាប្រឈមធំមួយដែរ។

ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានកសាងនូវមូលដ្ឋាននៃជំនឿ និងសេចក្តីទុកចិត្តយ៉ាងរ៉ឹងមាំ សម្រាប់ប្រជាជាតិខ្មែរ តាមរយៈការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ដោយរយៈពេលជាង២០ឆ្នាំចុងក្រោយនេះ សេដ្ឋកិច្ចកម្ពុជាសម្រេចបានកំនើន ក្នុងរង្វង់ជាង៧ភាគរយ ដែលជាប់ជាប្រទេសមួយ ក្នុងចំណោមប្រទេសចំនួន៥លើពិភពលោក ដែល​សម្រេចបានកំណើនសេដ្ឋកិច្ចលូលលាស់លឿនជាងគេ។

ការរីកចម្រើននៃសេដ្ឋកិច្ច បានធ្វើឲ្យរាជរដ្ឋាភិបាលអាចវិភាជន៍ថវិកាជាតិ ក៏ដូចជា ទទួលបានហិរញ្ញប្បទានសម្បទាន ពីបណ្តាប្រទេសជាមិត្តនានាយកមកកសាងហេដ្ឋារចនាសម្ព័ន្ឋនានា ដើម្បីបំពេញសេចក្តីត្រូវការជាមូលដ្ឋានសម្រាប់ប្រជាពលរដ្ឋ និងជាមួលដ្ឋានគ្រឹះរ៉ឹងមាំ ដើម្បីកសាងសេដ្ឋកិច្ចកម្ពុជាឲ្យមានភាពរីកចម្រើនរយៈពេលវែងបន្ថែមទៀត។

ជាមួយនឹងសច្ចៈភាព មើលឃើញនឹងភ្នែកនេះហើយ បានធ្វើឲ្យភាព​ស្លោកស្រពោន ដែលលេចចេញតាមរយៈកែវភ្នែកប្រជាជាតិខ្មែរ បានប្រែក្លាយជាស្រស់បំព្រងឡើងវិញ តាមរយៈស្នាមញញឹម ភាពគ្មានអំពើហឹង្សា លើចលនានយោបាយ ដែលឈរលើមូលដ្ឋាននៃទស្សនៈវិស័យផ្សេងៗគ្នា។

កសាងបាននូវមូលដ្ឋានជីវភាពកាន់តែប្រសើរ​ រក្សាបាននូវមូលដ្ឋាន​សុខសន្តិភាព នឹងនាំមកនូវវិបុលភាពសម្រាប់ជាតិកម្ពុជា ហើយប្រទេសនេះ នឹងក្លាយជាប្រជាជាតិ ដែលមានអរិយធ៌មរស់រវើកឡើងវិញ នាពេលអនាគតឆាប់ៗខាងមុខនេះ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here