ដោយៈគង់ សិរីជេស៊ីកា
ភ្នំពេញៈ នៅក្នុងអំឡុងពេលជាងពីរទសវត្សរ៍ មុននឹងមានផ្ទុះជំងឺកូវីដ-១៩ រាតត្បាតទូទាំងសាកលលោក ប្រទេសកម្ពុជាមានការផ្លាស់ប្តូររីកចម្រើនគួរឱ្យកត់សម្គាល់ ដោយបានឡើងដល់ឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតទាបក្នុងឆ្នាំ២០១៥។
ប្រទេសនេះប្រាថ្នាថា នឹងសម្រេចឱ្យបាននូវឋានៈ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅត្រឹមឆ្នាំ២០៣០។ ដោយមានវិស័យនាំចេញសម្លៀកបំពាក់ និងទេសចរណ៍ជាអ្នកនាំមុខ សេដ្ឋកិច្ចរបស់កម្ពុជារក្សាបាននូវកំណើនជាមធ្យមចំនួន៧.៧ភាគរយក្នុងមួយឆ្នាំ នៅចន្លោះឆ្នាំ១៩៩៨ និងឆ្នាំ២០១៩ ដែលធ្វើឱ្យប្រទេសនេះ ស្ថិតនៅក្នុងចំណោមប្រទេស ដែលសេដ្ឋកិច្ចមានកំណើនលឿនជាងគេនៅលើពិភពលោក។
ជាអកុសល នៅក្នុងឆ្នាំ២០២០ វិបត្តិដែលបង្កដោយជំងឺកូវីដ-១៩ បានជះឥទ្ធិពលយ៉ាងអាក្រក់ ទៅលើផ្នែកធំៗទាំងបី នៃសេដ្ឋកិច្ចរបស់កម្ពុជា គឺវិស័យទេសចរណ៍ ការនាំចេញនៃកម្មន្តកម្ម និងវិស័យសំណង់។ វិស័យទាំងបីនេះ រួមគ្នាមានចំណែកជាង៧០ភាគរយ នៃកំណើនសេដ្ឋកិច្ចរបស់ប្រទេស និងផ្តល់ការងារបានចំនួន៣៩ភាគរយ នៃការងារមានប្រាក់ឈ្នួលទាំងអស់ក្នុងប្រទេស នៅក្នុងឆ្នាំ២០១៩។
នៅក្នុងឆ្នាំ២០២០ សេដ្ឋកិច្ចមានកំណើនអវិជ្ជមាន ក្នុងអត្រា-៣,១ភាគរយ ដែលជាកំណត់ត្រាដ៏អាក្រក់បំផុតតាំងពីឆ្នាំ១៩៩៤ មក។
បច្ចុប្បន្ន កម្ពុជាបានសម្របខ្លួនរស់នៅ ជាមួយជំងឺកូវីដ-១៩ហើយ។ កំណើនពិតប្រាកដ នៃសេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២១ ត្រូវបានព្យាករណ៍ឡើងវិញថាសម្រេចបាន៣ភាគរយ។ អាជ្ញាធររដ្ឋាភិបាលបានបន្ធូរបន្ថយ ការរឹតបន្តឹងចំពោះការធ្វើដំណើរ ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីទ្រទ្រង់សកម្មភាពអាជីវកម្ម។ ការឆ្លងជំងឺកូវីដ-១៩ ដែលបានធ្លាក់ចុះក្នុងត្រីមាសទី៤ នៃឆ្នាំ២០២១ បានស្ទុះឡើងវិញនៅខែកុម្ភៈ ឆ្នាំ២០២២ ដែលបណ្តាលមកពីការរីករាលដាលយ៉ាងឆាប់រហ័ស នៃវ៉ារ្យ៉ង់អូមីក្រុង។
ប្រហែល៨៣ភាគរយ នៃចំនួនប្រជាជនទូទាំងប្រទេស បានទទួលការចាក់វ៉ាក់សាំង២ដង។ ចំពេលមានការបន្ធូរបន្ថយ ការរឹតត្បិតលើការធ្វើដំណើរ ការងើបឡើងវិញនៃសេដ្ឋកិច្ច កាន់តែមានកម្លាំងថែមទៀតដោយសារការស្ទុះឡើងវិញ យ៉ាងខ្លាំងក្លានៃផ្នែកផលិតកម្ម ជាពិសេសវិស័យកាត់ដេរ ទំនិញសម្រាប់ធ្វើដំណើរ ស្បែកជើង និងឧស្សាហកម្មកង់ និងវិស័យកសិកម្ម។ ទន្ទឹមនឹងនេះ វិស័យសេវាកម្ម និងជាពិសេសវិស័យទេសចរណ៍ ដែលជាប្រភពផ្តល់ការងារដ៏សំខាន់ នៅតែមានភាពយឺតយ៉ាវនៅឡើយ នៅក្នុដំណើរការស្តារស្ថានភាពរបស់វាឡើងវិញ។
ការផ្ទុះឡើងនៃវ៉ារ្យ៉ង់ថ្មីៗរបស់កូវីដ-១៩ អាចបន្ទច់បង្អាក់ដល់ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច ទោះបីជាតម្រូវការខាងក្រៅប្រទេស នៅបន្តមានការកើនឡើងក៏ដោយ។ ដោយសារកម្ពុជា ជាអ្នកនាំចូលថាមពល និងអាហារដុល ការកើនឡើងតម្លៃថាមពល និងអាហារដោយសារសង្គ្រាមនៅប្រទេសអ៊ុយក្រែន អាចបង្អាក់ទំនុកចិត្តអ្នកប្រើប្រាស់ និងធ្វើឱ្យប្រាក់ចំណូលធ្លាក់ចុះ នាំឱ្យភាពក្រីក្រកាន់តែកើនឡើងថែមទៀត។
ថ្មីៗនេះ កម្ពុជាបានកំណត់ខ្សែបន្ទាត់ភាពក្រីក្រឡើងវិញ តាមរយៈការប្រើប្រាស់ទិន្នន័យអង្កេតសេដ្ឋកិច្ច សង្គមកម្ពុជាថ្មីបំផុត ឆ្នាំ២០១៩/២០២០ ដោយផ្តោតលើការចំណាយ ដើម្បីបំពេញតម្រូវការមូលដ្ឋាន និងប្រើប្រាស់កន្ត្រករួមធ្វើជាមូលដ្ឋាន។ ខ្សែបន្ទាត់ភាពក្រីក្រថ្នាក់ជាតិ នៅកម្ពុជាបច្ចុប្បន្ន ស្មើនឹង ១០.៩៥១ រៀល ឬស្មើនឹង២,៧ ដុល្លារអាមេរិក (អត្រាប្តូរប្រាក់លើទីផ្សារ) សម្រាប់មនុស្សម្នាក់ក្នុងមួយថ្ងៃ ។
នៅក្រោមខ្សែបន្ទាត់ភាពក្រីក្រថ្មីនេះ ប្រហែល១៨ភាគរយនៃចំនួនប្រជាជនកម្ពុជា ត្រូវបានកំណត់ថាជាអ្នកក្រីក្រ។ អត្រាភាពក្រីក្រប្រែប្រួលគួរឱ្យកត់សម្គាល់ទៅតាមតំបន់។ រាជធានីភ្នំពេញ មានអត្រាភាពក្រីក្រទាបជាងគេបំផុតចំនួន (៤,២ ភាគរយ) បន្ទាប់មកតំបន់ទីប្រជុំជនផ្សេងទៀតមានអត្រាភាពក្រីក្រចំនួន១២,៦ភាគរយ ហើយតំបន់ជនបទមានអត្រាភាពក្រីក្រខ្ពស់ជាងគេបំផុតចំនួន (២២,៨ភាគរយ)។
គិតចាប់ពីឆ្នាំ២០០៩ មកដល់ឆ្នាំ២០១៩/២០២០ អត្រានៃភាពក្រីក្របានធ្លាក់ចុះចំនួន១,៦ភាគរយក្នុងមួយឆ្នាំ ដោយសារមានការកើនឡើងនៃប្រាចំណូលពលកម្ម (ជាពិសេសប្រាក់ឈ្នួល) ដែលដើរតួជាកត្តាជំរុញមួយផ្នែកធំ។ ទោះជាយ៉ាងនេះក្តី ជំងឺរាតត្បាតកូវីដ-១៩ បាននាំឱ្យអ្នកអត់ការងារធ្វើមានចំនួនកើនឡើង និងបង្កើនភាពក្រីក្រ និងវិសមភាពថែមទៀត។
ការពង្រីកជំនួយសង្គមដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលបានចាប់ផ្តើមនៅខែមិថុនា ឆ្នាំ២០២០ ជួយសម្រាលបានមួយម្រិតនូវការបាត់បង់ប្រាក់ចំណូល ដោយសារជំងឺរាតត្បាតនេះ។ កំណើនអត្រាភាពក្រីក្រក្នុងឆ្នាំ ២០២០ ត្រូវបានព្យាករណ៍ទុកថាមានកំណើនត្រឹម២,៨ ភាគរយ។
ភាពក្រីក្រនៅតែមានកម្រិតខ្ពស់ បើធៀបទៅនឹងមុនពេលមានជំងឺរាតត្បាតកូវីដ-១៩។ លទ្ធផលនៃការស្ទង់មតិញឹកញាប់ តាមទូរស័ព្ទជាមួយគ្រួសារបង្ហាញថា ការងារនៅមិនទាន់ត្រឡប់ទៅរកកម្រិត នៅមុនពេលមានជំងឺរាតត្បាតនេះនៅឡើយទេ។ ផលប៉ះពាល់អវិជ្ជមាន នៃជំងឺរាតត្បាតនេះលើប្រជាពលរដ្ឋ ដែលប្រកបអាជីវកម្មជាលក្ខណៈគ្រួសារ ដែលពុំមានដីដាំដុះនៅតែមានសភាពធំធេង ដែលភាគច្រើនបណ្តាលមកពីតម្រូវការរបស់អ្នកប្រើប្រាស់ធ្លាក់ចុះ។ ស្ទើរតែពាក់កណ្តាលនៃគ្រួសារ បានរាយការណ៍ពីការធ្លាក់ចុះ នៃប្រាក់ចំណូលនៅចន្លោះខែធ្នូ ឆ្នាំ២០២០ ដល់ខែមីនា ឆ្នាំ២០២១។
ត្រង់នេះបង្ហាញថា សមាមាត្រនៃគ្រួសារ ដែលរងផលប៉ះពាល់អវិជ្ជមានដោយសារកូវីដ-១៩ បន្តមានការលំបាកពីការបាត់បង់ ប្រាក់ចំណូលដែលអាចនាំឱ្យភាពក្រីក្រកើនឡើង។
ប្រទេសកម្ពុជាបានខិតខំ ធ្វើឱ្យមានភាពប្រសើរឡើងជាលំដាប់ ក្នុងផ្នែកសុខាភិបាល ការអភិវឌ្ឍកុមារតូច និងការអប់រំកម្រិតបឋមនៅតាមជនបទ។ អាយុកាលមធ្យមគិតចាប់តាំងពីពេលកើត បានកើនឡើងពី៥៨ឆ្នាំ ក្នុងឆ្នាំ២០០០ ដល់៧០ឆ្នាំ ក្នុងឆ្នាំ២០២០។ សមាមាត្រអត្រាមរណភាពមាតាក្នុង១០០,០០០កំណើតរស់ បានថយចុះពី៣៥១នាក់ក្នុងឆ្នាំ២០០៥ មកនៅត្រឹម១៦០នាក់ក្នុងឆ្នាំ២០១៧។
អត្រាមរណៈរបស់កុមារអាយុក្រោមប្រាំឆ្នាំ បានថយចុះពី១០៦,៣នាក់ ក្នុង១០០០កំណើតរស់ក្នុងឆ្នាំ២០០០ មកនៅត្រឹម២៦,៦នាក់ក្នុង១០០០កំណើតរស់ ក្នុងឆ្នាំ២០១៩។ អត្រាមរណៈរបស់ទារកបានធ្លាក់ចុះពី ៧៨ នាក់ក្នុង១០០០កំណើតរស់ ក្នុងឆ្នាំ២០០០ មកនៅត្រឹម២២,៨នាក់ ក្នុង១០០០កំណើតរស់ ក្នុងឆ្នាំ២០១៩។
ទោះបីជាមានវឌ្ឍនភាព នៃលទ្ធផលផ្នែកសុខភាព និងការអប់រំក៏ដោយ សូចនាករផ្នែកមូលធនមនុស្ស នៅមានកម្រិតទាបជាងប្រទេស ដែលមានចំណូលមធ្យម កម្រិតទាបផ្សេងទៀតនៅឡើយ។
នៅឆ្នាំ២០២០ កុមារដែលកើតនៅក្នុងប្រទេសកម្ពុជា នឹងត្រូវបានគេរំពឹងថា នឹងមានផលិតភាពត្រឹមតែ៤៩ភាគរយប៉ុណ្ណោះ នៅពេលធំពេញរូបរាង ប្រសិនបើពួកគេទទួលបានការអប់រំ ប្រកបដោយគុណភាព សុខភាពល្អ និងអាហាររូបត្ថម្ភត្រឹមត្រូវក្នុងវ័យកុមារភាព។
តាមការប៉ាន់ស្មាន កុមារអាយុក្រោមប្រាំឆ្នាំ ម្នាក់ក្នុងចំណោមបីនាក់ មានសភាពក្រិន ហើយមានតែ៣៦ភាគរយ នៃកុមារអាយុពី៣ ទៅ៥ឆ្នាំប៉ុណ្ណោះ ដែលបានចូលរៀនកម្រិតដំបូង។ នៅឆ្នាំ២០២១ អត្រាចុះឈ្មោះចូលរៀនសរុបសម្រាប់ កម្រិតបឋមសិក្សា អនុវិទ្យាល័យ និងមធ្យមសិក្សាទុតិយភូមិ បានឈានដល់៩១,៩ភាគរយ។ ៦០,៧ភាគរយ និង៣២,២ភាគរយតាមលំដាប់នីមួយៗ។
អត្រាចុះឈ្មោះចូលរៀនបឋមសិក្សាសរុប សម្រាប់ក្មេងអាយុប្រាំឆ្នាំបានកើនឡើងពី២៤,៦ភាគរយក្នុងឆ្នាំ២០០៤ ដល់៦១,០៨ភាគរយនៅឆ្នាំ២០២១។ គិតត្រឹមឆ្នាំ២០២០ មាន១៥ភាគរយនៃប្រជាជនកម្ពុជា (២,៥លាននាក់) គ្មានលទ្ធភាពប្រើប្រាស់ទឹកស្អាត ហើយ២៣ភាគរយ (៣,៨ លាននាក់) អត់មានបង្គន់អនាម័យប្រើប្រាស់ឡើយ។
កម្ពុជាចាំបាច់ត្រូវធ្វើកំណែទម្រង់សំខាន់ៗ ដើម្បីរក្សានិរន្តរភាពកំណើនជួយជនក្រីក្រ ជំរុញសមត្ថភាពប្រកួតប្រជែង ការគ្រប់គ្រងទ្រព្យសម្បត្តិធនធានធម្មជាតិ ប្រកបដោយនិរន្តរភាព និងលើកកម្ពស់លទ្ធភាពទទួលបានសេវា និងគុណភាពសេវាសាធារណៈ ។ កម្ពុជានៅតែមានការខ្វះខាតខ្លាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធ ហើយនឹងអាចទទួលបានអត្ថប្រយោជន៍ពីការតភ្ជាប់បណ្តាញផ្លូវ និងការវិនិយោគកាន់តែច្រើន លើហេដ្ឋារចនាសម្ព័ន្ធជនបទ និងទីក្រុង។
ការធ្វើពិពិធកម្មសេដ្ឋកិច្ចបន្ថែមទៀត នឹងតម្រូវឱ្យមានការជំរុញសហគ្រិនភាព, ពង្រីកការប្រើប្រាស់បច្ចេកវិទ្យា និងការកសាងជំនាញថ្មីៗ ដើម្បីដោះស្រាយតម្រូវការ ទីផ្សារការងារថ្មីៗដែលកំពុងលេចឡើង។ ស្ថាប័នសាធារណៈដែលមានគណនេយ្យភាព និងមានលក្ខណៈឆ្លើយតបក៏នឹងមានសារៈសំខាន់ចាំបាច់ផងដែរ។ គុណភាពនៃធនធានមនុស្ស នឹងមានសារៈសំខាន់បំផុត ដើម្បីឱ្យកម្ពុជាឈានទៅសម្រេចបាន នូវគោលដៅប្រកបដោយមហិច្ឆិតារបស់ខ្លួន ក្នុងការឡើងដល់ឋានៈជាប្រទេស មានប្រាក់ចំណូលមធ្យមនៅឆ្នាំ២០៣០។ ទិន្នន័យថ្មីបំផុត: 29 មីនា 2022៕