ពាណិជ្ជករកម្ពុជាសង្ឃឹមថា ភាគីអាមេរិកនឹងបើកផ្លូវបន្ថែមលើការនាំចូលផលិតផលខ្មែរដាក់លក់នៅផ្សារ វើល៍ម៉ាត

ដោយ: សូរិយា

ភ្នំពេញ៖ ពាណិជ្ជករនៅកម្ពុជា សង្ឃឹមទុកថា ផលិតផលខ្មែរជាច្រើនផ្សេងទៀត នឹងអាចតាំងបង្ហាញលក់នៅសហរដ្ឋអាមេរិក ខណៈក្រុមហ៊ុនវើល៍ម៉ាត (Walmart) បង្ហាញចំណាប់អារម្មណ៍ ក្នុងការនាំចូលផលិតផលរបស់កម្ពុជាបន្ថែមទៀត ទៅកាន់ប្រទេសនេះ នៅពេលខាងមុខនេះ។

លោក ស៊ុយ កុកធាន អនុប្រធានសមាគមស្វាយចន្ទីកម្ពុជា កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២នេះ បានឲ្យដឹងថា “កន្លងមកក្រុមហ៊ុន Walmart ធ្លាប់បានជួបលោក ក្នុងបំណងបង្ហាញតម្រូវការ និងសិក្សាបន្ថែមអំពីគ្រាប់ស្វាយចន្ទីរ ដើម្បីនាំចូលទៅដាក់លក់នៅក្នុងផ្សាររបស់ខ្លួន ព្រោះស្វាយចន្ទីរខ្មែរ គឺល្អជាងគេ រសជាតិឆ្ងាញ់ ថែមទាំងមានសារជាតិចិញ្ចឹមដែលជួយដល់សុខភាព ហើយមានលក្ខណៈគ្រាប់ធំជាងគេ មានលក្ខណៈសម្គាល់ភូមិសាស្រ្តល្អ អញ្ចឹងអ្វី ដែលសង្ឃឹម គឺគ្រាប់ស្វាយចន្ទីរនឹងអាចវាយលុកចូលទីផ្សារសហរដ្ឋអាម៉េរិក ជាពិសេសផ្សារ Walmart”។

លោកបានបន្តថា “ចាំមើលកូវីដធូរស្រាលមែនទែន ហើយយើងមានឱកាស យើងនឹងជជែកគ្នាឲ្យស៊ីជម្រៅទៀតទាក់ទងតម្រូវការពីផ្សារ Walmart”។

អ្នកនាង សំ យ៉ា តំណាងសិប្បកម្មផលិតសាច់ក្រក់សៀមរាប លី ធាងសេង បាននិយាយថា បើសិនជាពេលអនាគត ផលិតផលអ្នកនាងអាចឈានចូលទៅលក់នៅទីផ្សារក្រៅស្រុកបាន ជាពិសេសនៅសហរដ្ឋអាមេរិក អ្នកនាងនឹងខិតខំព្យាយាមឲ្យបាន ទៅតាមលទ្ធភាព ដើម្បីឲ្យផលិតផលខ្មែរកាន់តែច្រើនឡើង បង្ហាញវត្តមាននៅទីនោះ ជាពិសេសឆ្លើយតបនឹងតម្រូវការប្រជាជនខ្មែរ ដែលកំពុងរស់នៅ និងធ្វើការនៅសហរដ្ឋអាមេរិក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អ្នកនាងឲ្យដឹងទៀតថា “ពិតជាសប្បាយចិត្តមែនទែន ក្នុងនាមពួកយើងជាសហគ្រាស និងសិប្បកម្ម បើអាចធ្វើបាន គឺនិងព្យាយាមធ្វើឲ្យបាននូវលក្ខខណ្ឌបែបបទនៃការនាំចេញ ដើម្បីឲ្យផលិតផលខ្មែរមានការគាំទ្រទៅដល់ក្រៅប្រទេស ដោយធ្វើការសហការជាមួយវិស័យរដ្ឋ ដើម្បីឆ្លើយតបតម្រូវការនាំចេញ”។

កាលពីកន្លងទៅថ្មីៗនេះ ក្នុងជំនួបការងារ រវាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅលើទឹកដីសហរដ្ឋអាមេរិក លោកស្រី Anbinh Phan តំណាងក្រុមហ៊ុន Walmart បានបង្ហាញចំណាប់អារម្មណ៍ក្នុងការនាំចូលផលិតផលរបស់កម្ពុជាបន្ថែមទៀត ដូចជា គ្រឿងសង្ហារឹម ផ្លែឈើ ម្ហូបអាហារ និងគ្រឿងអេឡិចត្រូនិកជាដើម។

ទន្ទឹមនឹងនេះ លោកស្រី ក៏បានជម្រាបបន្ថែមទៀតនូវបំណង ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការ ការពង្រឹងភាពជាដៃគូ ក្នុងសកម្មភាពធុរកិច្ច និងវិនិយោគ ដែលនឹងចូលរួមចំណែក ក្នុងការបង្កើតឱកាសការងារសម្រាប់ប្រជាជនកម្ពុជា ជាពិសេសស្រ្តី ការជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ៕

LEAVE A REPLY

Please enter your comment!
Please enter your name here