សមាគមហិរញ្ញវត្ថុពីរនៅកម្ពុជាបង្ហាញការសោកស្ដាយ ចំពោះបណ្ដឹងរបស់អង្គការសង្គមស៊ីវិលពីរទៅកាន់ IFC

ដោយ៖ លក្ខិណា

 

ភ្នំពេញ ៖ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានបង្ហាញការសោកស្ដាយ ក្រោយអង្គការសង្គមស៊ីវិលចំនួនពីរ បានដាក់ពាក្យបណ្តឹងទៅកាន់ការិយាល័យអនុលោមភាព ទីប្រឹក្សាដោះស្រាយវិវាទ ដែលជាយន្តការគណនេយ្យភាព និងឯករាជ្យ នៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ។​

 

ក្នុងសេចក្ដីថ្លែងការណ៍រួមរបស់សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាឱ្យដឹងថា ទោះជាយើងមិនទាន់បានទទួលការទំនាក់ទំនងដោយផ្ទាល់ ពីសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ពីការចោទប្រកាន់របស់អង្គការសង្គមស៊ីវិលទាំងពីរមកលើវិស័យធនាគារ និងហិរញ្ញវត្ថុ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បាននឹងកំពុងខិតខំប្រឹងប្រែង ក្នុងការបម្រើ និងជួយដល់ប្រជាជនកម្ពុជា។ ប៉ុន្តែវាគួរឱ្យសោកស្តាយ ដែលកិច្ចខិតខំប្រឹងប្រែង ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ការកាត់បន្ថយភាពក្រីក្រ និងកំណើនសេដ្ឋកិច្ចទាំងអស់នេះ មិនត្រូវបានឱ្យតម្លៃ ឬមើលរំលង ដោយអង្គការសង្គមស៊ីវិលទាំងពីរនេះ។

 

សេចក្ដីថ្លែងការណ៍នោះថា សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បាន​លើកឡើងពី​ការងារ​ ដែល​សម្រេច​បាន​ក្នុង​កិច្ចការពារអតិថិជន និងអ្នកប្រើប្រាស់ យន្តការទទួលបណ្តឹង និងគ្រប់គ្រងបណ្តឹងអតិថិជន

សកម្មភាពអប់រំស្តីពីចំណេះដឹងហិរញ្ញវត្ថុផ្សេងៗក៏ត្រូវបានអនុវត្ត ការ​ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវក្រមប្រតិបត្តិសម្រាប់វិស័យធនាគារ និងហិរញ្ញវត្ថុ និងការកែសម្រួលឡើងវិញនូវវិធានផ្តល់ឥណទាន ក្រមប្រតិបត្តិ សម្រាប់វិស័យធនាគារ និងហិរញ្ញវត្ថុ ជា​ដើម។​

 

សមាគមទាំងពីរបាន​ឱ្យ​ដឹង​ថា សមាគម​ទទួលស្គាល់នូវករណីដាច់ដោយឡែកខ្លះ អំពីការប្រព្រឹត្តិមិនត្រឹមត្រូវមួយចំនួន ដែលអាចកើតមានឡើង។ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ស្វាគមន៍នូវមតិរិះគន់ដើម្បីស្ថាបនា និងអំពាវនាវឱ្យភាគីពាក់ព័ន្ធផ្តល់មតិកែលម្អរទាំងអស់ផ្តល់ព័ត៏មានឱ្យគ្រប់ជ្រុងជ្រោយមកសមាគមទាំងពីរ។

 

វិធានការពិន័យ និងត្រូវបានយកមកអនុវត្តប្រកបដោយភាពត្រឹមត្រូវ ម៉ឹងម៉ាត់ និងឯករាជ្យបំផុត បើសិនជាប្រព្រឹត្តិមិនត្រឹមត្រូវ ដោយសមាជិកណាមួយរបស់សមាគម។ យើងបន្តយកចិត្តទុកដាក់លើការអនុវត្តនូវផែនទីបង្ហាញផ្លូវដែលបានចែងក្នុងយុទ្ធសាស្រ្តជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុក្នុងការការពារអតិថិជននិង លើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ៕

LEAVE A REPLY

Please enter your comment!
Please enter your name here