EU ផ្តល់នាវាល្បាតចំនួន ៧គ្រឿង ដល់រដ្ឋាភិបាល ដើម្បីបង្រ្កាបបទល្មើសនេសាទ

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ ថ្នាក់ដឹកនាំសហភាពអឺរ៉ុបប្រចាំកម្ពុជា តាមរយៈគម្រោង CAPFISH Capture នឹងផ្តល់នាវាល្បាតចំនួន៧គ្រឿងថ្មីបន្ថែមទៀត ដល់អធិការដ្ឋានរដ្ឋបាលជលផល និងខណ្ឌរដ្ឋបាលជលផលតំបន់ឆ្នេរទាំង៤នៅកម្ពុជា។


ការផ្តល់នាវាល្បាតនជ សម្រាប់បំពេញតម្រូវការចាំបាច់ ក្នុងការអនុវត្តគម្រោងឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីឆ្លើយតបទៅនឹងសកម្មភាពក្នុងសូចនាករ ដែលបានចែងនៅក្នុងកិច្ចព្រមព្រៀងហិរញ្ញប្បទាន សហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា និងសហភាពអឺរ៉ុប សម្រាប់អនុវត្តផែនការសកម្មភាពត្រួតពិនិត្យ និងអធិការកិច្ចជលផលសមុទ្រ (NPCI) និងផែនការសកម្មភាពជាតិស្តីពីការបង្ការ ទប់ស្កាត់ និងលុបបំបាត់ការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត ក្នុងដែននេសាទសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា (NPOA-IUU)។

ការប្រកាសទទួល និងផ្តល់នាវាល្បាតបន្ថែមទៀតនេះ ធ្វើឡើងក្នុងកម្មវិធី ប្រគល់ទទួលនាវាល្បាតក្រោមហិរញ្ញប្បទាន ឥតសំណងរបស់សហភាពអឺរ៉ុបនៃកម្មវិធី CAPFISH-Capture និងចូលរួមទម្លាក់ប្រអប់បេតុងសម្រាប់ជាជម្រកសិប្បនិម្មិត និងទប់ស្កាត់បទល្មើសនេសាទ ក្រោមវត្តមាន លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយលោកជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងមន្រ្តីពាក់ព័ន្ឋកាលពីថ្ងៃទី៤ ឧសភាកន្លងមកនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់និងអបអរសាទរ ចំពោះសមិទ្ធផលទាំងឡាយ ដែលខេត្តកោះកុង សម្រេចបានប្រកបដោយមោតនភាព ក្នុងការអភិវឌ្ឍវិស័យសំខាន់ៗ ប្រកបដោយភាពទាក់ទាញយ៉ាងរស់រវើក ដែលក្នុងនោះក៏មានវិស័យកសិកម្មផងដែរ។

លោកបន្តថា សហភាពអឺរ៉ុបបានផ្តល់ហិរញ្ញប្បទាន សម្រាប់គម្រោងកម្មវិធីជំរុញកំណើនវិស័យកសិកម្ម ប្រកបដោយចីរភាព និងបរិយាប័ន្ននៃអនុវិស័យជលផល និងអនុវិស័យផលិតកម្មសត្វ ចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៨ ដែលបានរួមចំណែកជំរុញកំណើនក្នុងវិស័យកសិកម្ម ដោយផ្តោតជាសំខាន់លើការអភិវឌ្ឍអនុវិស័យជលផល និងផលិតកម្មសត្វ។

ក្នុងរយៈពេល២ឆ្នាំនៃការអនុវត្តគម្រោងកម្មវិធី CAPFISH-Capture កន្លងមកនេះ សហភាពអឺរ៉ុបបានផ្តល់នូវមធ្យោបាយ នាវាល្បាត រថយន្ត ម៉ូតូ សម្ភារការិយាល័យ និងសម្ភារ សម្រាប់អនុវត្តសកម្មភាពនៅមូលដ្ឋានជាច្រើន ដល់អង្គភាពអនុវត្តសកម្មភាពផ្ទាល់ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

លោកវេង សាខុនបានន្តថា ទន្ទឹមនេះសហភាពអឺរ៉ុប ក៏បានផ្តល់ហិរញ្ញប្បទានឥតសំណង សម្រាប់គម្រោងកម្មវិធីថ្មីចំនួន២ទៀត ដែលបាននិងកំពុងអនុវត្តដោយរដ្ឋបាលជលផលគឺកម្មវិធី CaPFish-Aquaculture និង CAPFISH-Capture ដែលគម្រោងទាំង២នេះ ចាប់ផ្តើមពីឆ្នាំ២០១៩ និងត្រូវបញ្ចប់នៅឆ្នាំ២០២៤៕

LEAVE A REPLY

Please enter your comment!
Please enter your name here