ប្រទេសថៃទម្លាក់ការព្យាករណ៍សេដ្ឋកិច្ចត្រឹម៣,៥ភាគរយនៅឆ្នាំនេះ

ដោយ៖ សុផារី

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា បាននិយាយកាលពីថ្ងៃអង្គារនេះថា សេដ្ឋកិច្ចរបស់ប្រទេសថៃត្រូវបានគេរំពឹងថានឹងមានកំណើនត្រឹម ៣,៥ភាគរយនៅឆ្នាំនេះ ធ្លាក់ចុះពីការព្យាករណ៍កាលពីមុនគឺ ៤,០ភាគរយ។

លោកនាយករដ្ឋមន្ត្រីថៃ បានឱ្យដឹងថា ការទម្លាក់ការព្យាករណ៍នេះ បណ្តាលមកពីឥទ្ធិពលនៃសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែន ដែលអាចធ្វើឱ្យសេដ្ឋកិច្ចនៃប្រទេសដៃគូពាណិជ្ជកម្មរបស់ថៃធ្លាក់ចុះ។

លោកប្រាយុទ្ធបាននិយាយបន្តថា ក្នុងត្រីមាសទីមួយ ឆ្នាំ២០២២នេះ សេដ្ឋកិច្ចរបស់ប្រទេសថៃ ដែលជាសេដ្ឋកិច្ចធំទីពីររបស់អាស៊ីអាគ្នេយ៍ ដំណើរការបានប្រសើរជាងរយៈពេលបីខែមុន ដែលត្រូវបានជំរុញដោយកំណើននៃការនាំចេញ និងការងើបឡើងវិញបណ្តើរៗនៃវិស័យទេសចរណ៍។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Peng Chai អ្នកនាំពាក្យក្រសួងហិរញ្ញវត្ថុ បាននិយាយនៅថ្ងៃទី២៧ ខែមេសាកន្លងមក ថា ដោយសារផលប៉ះពាល់ពីជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន តម្លៃថាមពលពិភពលោកបានកើនឡើងខ្ពស់ អតិផរណាកាន់តែខ្លាំង ហើយកំណើនសេដ្ឋកិច្ចរបស់ដៃគូពាណិជ្ជកម្មសំខាន់ៗរបស់ប្រទេសថៃ ជាពិសេសបណ្តាប្រទេសនៅអឺរ៉ុប និងអាមេរិកបានធ្លាក់ចុះ។

លោកថា នេះជាមូលហេតុដែលក្រសួងហិរញ្ញវត្ថុនឹងកាត់បន្ថយការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់ឆ្នាំនេះមកត្រឹម៣,៥ភាគរយ ពីការព្យាករណ៍៤,០ភាគរយ កាលពីខែមករា និងបង្កើនអត្រាអតិផរណាដល់៥,០ភាគរយ នៅក្នុងឆ្នាំ២០២២នេះ។

លោក Peng Chai បាននិយាយថាសេដ្ឋកិច្ចរបស់ប្រទេសថៃ ជាទូទៅ បង្ហាញពីនិន្នាការងើបឡើងវិញ តាមរយៈការប្រើប្រាស់ក្នុងស្រុកបន្តកើនឡើង ហើយឧស្សាហកម្មទេសចរណ៍ងើបឡើងវិញ ជាមួយនឹងការបន្ធូរបន្ថយការរឹតបន្តឹងលក្ខខណ្ឌធ្វើដំណើរចូលមកកាន់ប្រទេសថៃ។

ប្រទេសថៃរំពឹងថានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន៦,១លាននាក់ពេញមួយឆ្នាំ២០២២នេះ បើធៀបនឹងភ្ញៀវទេសចរអន្តរជាតិចំនួន៤០ម៉ឺននាក់កាលពីឆ្នាំ២០២១។ ការនាំចេញត្រូវបានរំពឹងថានឹងកើនឡើង ៦,០ភាគរយ។

លើសពីនេះ ក្រុមប្រឹក្សាអ្នកដឹកជញ្ជូនជាតិថៃបាននិយាយកាលពីថ្ងៃអង្គារថា ការនាំចេញរបស់ប្រទេសថៃត្រូវបានគេរំពឹងថានឹងកើនឡើងយ៉ាងហោចណាស់៥ភាគរយនៅឆ្នាំនេះ បន្ទាប់ពីកំណើននៅក្នុងត្រីមាសទីមួយ និងដោយមានការគាំទ្រពីប្រាក់បាតដែលធ្លាក់ចុះ។

ប្រភបដដែលបានប្រាប់សន្និសីទសារព័ត៌មានមួយថា ការនាំចេញនៅក្នុងត្រីមាសទី២រំពឹងថាតែនៅតែដំណើរការល្អ ទោះបីជាមានភាពមិនប្រាកដប្រជាជាសកលក៏ដោយ។ ក្នុងត្រីមាសទី១ នៃឆ្នាំនេះ ការនាំចេញបានកើនឡើង១៤,៩ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here