ដំណឹងល្អ កម្ពុជាទទួលបានពានរង្វាន់ប្រាក់ពិភពលោកពីBIE ក្នុងការចូលរួមព្រឹត្តិការណ៍ពិព័រណ៍នៅឌុយបៃ

ដោយ៖ លក្ខិណា

ភ្នំពេញ ៖ ព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក២០២០ ដែលបានរៀបចំឡើងរយៈពេល៦ខែ នៅទីក្រុងឌុយបៃ សហភាពអារ៉ាប់រួមត្រូវបានបិទបញ្ចប់កាលពីចុងខែមីនា២០២២កន្លងទៅនេះ ហើយកម្ពុជាដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះដែរ ក៏ទទួលបានពានរង្វាន់ប្រាក់ពិភពលោកពីគណៈកម្មការរៀបចំពិព័រណ៍ពិភពលោក និងការិយាល័ពិព័រណ៍អន្តរជាតិ BIE ។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី០២ ខែឧសភា ២០២២ បានឱ្យដឹងថា ពិព័រណ៍ពិភពលោក២០២០ ឌុយបៃ បានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី០១ តុលា ២០២១ ដល់ថ្ងៃទី៣១ មីនា ២០២២ ជាមួយប្រធានបទ “ការតភ្ជាប់គំនិត ដើម្បីស្ថាបនាអនាគត” និងមានប្រធានបទរងសំខាន់ៗចំនួន៣ រួមមាន “កាលានុវត្តភាព វឌ្ឍនភាព និងនិរន្តរភាព” ត្រូវបានរៀបចំឡើងនៅទីក្រុងឌុយបៃ សហភាពអារ៉ាប់រួម នៅលើផ្ទៃដីចំនួន៤៣៨ហិចតា ដោយមានការចូលរួមពីប្រទេសនិងអង្គការអន្តរជាតិធំៗចំនួន១៩២។

សេចក្ដីប្រកាសដដែលឱ្យដឹងថា ពិព័រណ៍ពិភពលោក២០២០ឌុយបៃ ត្រូវបានបើកសម្ពោធជាផ្លូវការនៅថ្ងៃទី៣០ ខែកញ្ញា ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គម្ចាស់ហ្សែគ មូហាម៉េត ប៊ីនរ៉ាស៊ីត អាល ម៉ាកតុម អនុប្រធានាធិបតី ជានាយករដ្ឋមន្ត្រី និងជាអ្នកគ្រប់គ្រងទីក្រុងឌុយបៃ និងបើកឱ្យដំណើរការគិតចាប់ពីថ្ងៃទី០១ តុលា ២០២១ ដល់ថ្ងៃទី៣១ មីនា២០២២ មានរយៈពេល៦ខែ ដោយបានទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ ចូលទស្សនាបានចំនួន ២៤.១០២.៩៦៧នាក់ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រទេសកម្ពុជាទទួលបានពានរង្វាន់ប្រាក់ពិភពលោកពីគណៈកម្មការរៀបចំពិព័រណ៍ពិភពលោក និងការិយាល័យពិព័រណ៍អន្តរជាតិ ឆ្នាំ២០២២ ឆ្លងតាមការវាយតម្លៃដោយសុក្រឹត ដោយលើការរៀបចំតុបតែងពន្លាជាតិស្របតាមខ្លឹមសារ និងប្រធានបទ ការរៀបចំដោយជោគជ័យនូវទិវាជាតិកម្ពុជា និងការចូលរួមក្នុងកម្មវិធីសំខាន់ៗ កាលចូលរួមក្នុងកម្មវិធីសំខាន់ៗកាលពីថ្ងៃទី៣០ មីនា។

យោងតាមសេចក្ដីប្រកាសនេះ បញ្ជាក់ថានៅថ្ងៃទី០៤ ឧសភា ២០២២ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនឹងបកស្រាយលម្អិតពីការទទួលបានពានរង្វាន់ប្រាក់ពិភពលោកនៃការចូលរួមព្រឹត្តិការណ៍ពិព័រណ៍ពិភពលោកនេះផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here