ភាគីកម្ពុជានិងជប៉ុន ប្តេជ្ញារួមគ្នាជំរុញពាណិជ្ជកម្មទ្វេភាគីនិងស្តារសេដ្ឋកិច្ចលើវិស័យសក្តានុពលមួយចំនួន

ដោយ: សូរិយា

ភ្នំពេញ៖ ភាគីកម្ពុជា និងជប៉ុនបានប្តេជ្ញាចិត្តបន្តកិច្ចសហការសម្របសម្រួលជំរុញសកម្មភាព ធុរកិច្ច និងវិនិយោគបន្ថែមទៀត លើវិស័យសក្តានុពលនានានៅកម្ពុជា សំដៅជំរុញពាណិជ្ជកម្មទ្វេភាគី និងស្តារសេដ្ឋកិច្ចទ្បើងវិញក្រោយវិបត្តិជំងឺឆ្លងកូវីដ-១៩។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២កន្លងទៅ បានជួបពិភ្សាការងារជាមួយ លោក ហ្វូមីអាគិ តាកាហ្សាហ្សិ (Fumiaki TAKASHASHI) អតីតឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា និងជាប្រធានសមាគមជប៉ុន-កម្ពុជា(JCA) ព្រមទាំងគណៈប្រតិភូពាណិជ្ជកម្ម-វិនិយោគជប៉ុន ដើម្បីស្វែងយល់បន្ថែមនូវសក្តានុពលពាណិជ្ជកម្ម និងជំរុញការវិនិយោគរវាងប្រទេសទាំងពីរ។

លោករដ្ឋមន្រ្តី បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការសម្រួល និងធ្វើឱ្យប្រសើរឡើងនូវបរិយកាសធុរកិច្ច-វិនិយោគនៅកម្ពុជា និងបានលើកឡើងពីការគាំទ្ររបស់ក្រសួងពាណិជ្ជកម្មដល់ធុរកិច្ចនៅកម្ពុជា តាមរយៈការសម្រួលការចុះបញ្ជីម៉ាកដល់ក្រុមហ៊ុនធុរកិច្ចនានា ការជំរុញការធ្វើធុរកិច្ចលើផលិតផលសក្តានុពលនានានៅកម្ពុជា រួមមានកសិដ្ឋានចិញ្ចឹមដង្កូវនាងសម្រាប់បម្រើដល់ការផលិតគ្រឿងសំអាង និងផលិតផលកសិកម្មមានសក្តានុពលដទៃទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាការឆ្លើយតប លោកប្រធានសមាគម បានសម្តែងការកោតសរសើរចំពោះកិច្ចខិតខំរបស់រាជរដ្ឋាភិបាលក្នុងការរក្សាបាននូវកំណើនពាណិជ្ជកម្មទ្វេភាគីដ៏ល្អប្រសើរ ទោះបីកន្លងមកប្រទេសទាំងពីរស្ថិតក្នុងកាលៈទេសៈលំបាក ដែលបង្កដោយជំងឺឆ្លងកូវីដ-១៩ ក៏ដោយ។

ទន្ទឹមនឹងនេះ គណៈប្រតិភូពាណិជ្ជកម្ម-វិនិយោគជប៉ុន បានសម្តែងការពេញចិត្ត និងថ្លែងអំណរគុណជូនចំពោះ លោករដ្ឋមន្រ្តី និងគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ដែលបានផ្តល់ពេលវេលាជម្រាបជូនអំពីកិច្ចសម្រួលដល់ការធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជា ជាពិសេសការបន្តសម្របសម្រួលរវាងក្រសួងពាណិជ្ជកម្ម ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងធុរកិច្ច-វិនិយោគិនជប៉ុន សំដៅជំរុញ បន្ថែមនូវការវិនិយោគ ព្រមទាំងធ្វើពាណិជ្ជកម្មលើទំនិញ និងវិស័យសក្តានុពលដទៃទៀតរបស់កម្ពុជា។

ក្នុងឱកាសនោះ ភាគីទាំងពីរ ក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាអំពីវឌ្ឍនភាពទូទៅដទៃទៀតពាក់ព័ន្ធនឹងការរៀបចំច្បាប់គ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស គោលនយោបាយកាត់បន្ថយឧស្ម័នកាបូនរយៈពេលវែង និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសក្តានុពលដទៃទៀត រួមមាន ការបម្លាស់ប្តូរថាមពល (Energy Transition) ជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here