ដោយៈវិភាគ
កណ្តាលៈ ក្រសួងពាណិជ្ជកម្ម ស្ថាប័នពាក់ព័ន្ធ និងសិប្បករផលិតករ បានជួបជជែកគ្នាអំពីវឌ្ឍនភាពនៃការងារសហព័ន្ធចម្លាក់ប្រាក់ ស្ពាន់កម្ពុជា និងគ្រោងបង្កើតសមាគម ឈ្មោះថា “សមាគមសហព័ន្ធចម្លាក់ប្រាក់-ស្ពាន់កម្ពុជា”។
ក្នុងជំនួប ដែលបានធ្វើឡើងកាលពីថ្ងៃទី ២៥ ខែ មេសា មានការអញ្ជើញចូលរួមពីសំណាក់ អគ្គនាយករងពាណិជ្ជកម្មក្នុងប្រទេស អគ្គនាយករងជំរុញពាណិជ្ជកម្ម ប្រធាននាយកដ្ឋានស្តីទីអភិវឌ្ឍន៍វិស័យឯកជន អនុប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា នាយកដ្ឋានគោលនយោបាយពាណិជ្ជកម្ម ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកណ្ដាល ឧកញ៉ាអភិបាលរងស្រុកពញាឮ អាជ្ញាធរដែនដី មន្រ្តីជំនាញក្រសួងពាណិជ្ជកម្ម មន្រ្តីមន្ទីរពាណិជ្ជកម្មខេត្តកណ្ដាល សិប្បករផលិតករ និងអាជីវករផងដែរ។
លោក រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំមន្រ្តីជំនាញចូលរួមកិច្ចប្រជុំពិភាក្សា និងពិនិត្យមើលលើនិតិវិធីនៃការចុះបញ្ជីសមាគមនៅក្រសួងមហាផ្ទៃ នៃសហព័ន្ធចម្លាក់ប្រាក់-ស្ពាន់កម្ពុជា ស្ថិតក្នុងឃុំកោះចិន និងឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល។
លោកបានលើកឡើងថា ជំនួបនេះ គឺពិភាក្សាគ្នារៀបចំនិតិវិធី ប្រមូលឯកសារសម្រាប់ចុះបញ្ជី សមាគមសហព័ន្ធចម្លាក់ប្រាក់-ស្ពាន់កម្ពុជា ស្របតាមច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងជំរុញការងារមួយចំនួន រួមមាន ទី១ ផ្សព្វផ្សាយ និងជំរុញការរកទីផ្សារផ្នែកផលិតផលចម្លាក់ប្រាក់-ស្ពាន់ ទី២ ការរក្សាកេរ្តិ៍ដំណែលវប្បធម៌ពីដូនតា និងទី៣ ជំរុញផ្នែកវិស័យទេសចរណ៍។
លើសពីនេះ លោកបានលើកឡើងពីនិតិវិធី នៃការចុះបញ្ជីតាមរូបវ័ន្តបុគ្គល និងនិតិបុគ្គល ព្រមទាំងលើកជាសំណើចំនួនពីរចំណុច ដើម្បីធ្វើការពិភាក្សាគ្នាជាមួយក្រុមផលិត ក្នុងការជ្រើសរើសឈ្មោះសម្រាប់ធ្វើការចុះបញ្ជី រួមមាន ទី១ សមាគមចម្លាក់ប្រាក់-ស្ពាន់កម្ពុជា និងទី២ សមាគម ចម្លាក់ប្រាក់-ស្ពាន់ខេត្តកណ្តាល ដើម្បីពិភាក្សា និងស្នើសុំមតិចូលរួមពីអង្គប្រជុំរួម។
អង្គប្រជុំបានឯកភាព ក្នុងការជ្រើសរើសឈ្មោះ សម្រាប់ដាក់ក្នុងការចុះបញ្ជីនៅក្រសួងមហាផ្ទៃ គឺ “សមាគមសហព័ន្ធចម្លាក់ប្រាក់-ស្ពាន់កម្ពុជា”និងការប្រមូលឯកសារក្នុងការរៀបចំបន្តតាមនិតិវិធី៕