ដោយៈគង់ ម៉ាលីនណា
ភ្នំពេញៈ រាជរដ្ឋាភិបាល កំពុងរៀបចំកសាងឯកសារគោលនយោបាយ អភិវឌ្ឍវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ដើម្បីជួយការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្ដីពី “គោលនយោបាយ និងទិសដៅនៃវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា” ត្រូវបានរៀបចំឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៦-២៧ ខែមេសា ឆ្នាំ២០២២ ដើម្បីប្រមូលធាតុចូលពីអ្នកចូលរួមទាំងអស់ សម្រាប់កំណត់ទិសដៅ និងរៀបចំសេចក្ដីព្រាងគោលនយោបាយ អភិវឌ្ឍវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា និងដើម្បីលើកកម្ពស់ការយល់ដឹង អំពីការវិវត្តនៃវិស័យប ច្ចេកវិទ្យាហិរញ្ញវត្ថុ នាពេលបច្ចុប្បន្ន និង បញ្ហាប្រឈមនានា ដែលតម្រូវឱ្យមានការយកចិត្តទុកដាក់ខ្ពស់នៅកម្ពុជា។
លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា គោលនយោបាយអភិវឌ្ឍវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា នឹងក្លាយជាផ្នែកមួយដ៏សំខាន់ នៃការកសាងហេដ្ឋា រចនាសម្ព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុ, ការទាក់ទាញវិនិយោគ ក្នុងស្រុក និងក្រៅស្រុក, ការជំរុញការបង្កើតធុរកិច្ចថ្មី និងក្រុមហ៊ុនបច្ចេកវិទ្យា ហិរញ្ញវត្ថុ, ការបង្កើនផលិតផល និង សេវាកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុ, និង ការលើកកម្ពស់ភាពប្រកួតប្រជែងសេដ្ឋកិច្ច។
លោកបានគូសបញ្ជាក់ថា ដើម្បីធានាបាននូវការរៀបចំសេចក្ដីព្រាងគោលនយោបាយមួយ ដែលមានភាពប្រទាក់ក្រឡា មុតស្រួច និងគ្រប់ជ្រុងជ្រោយ, ការបន្តប្រមូលធាតុចូលល្អៗ ឲ្យបានកាន់តែច្រើន និងជាក់លាក់ ពីតួអង្គពាក់ព័ន្ធក្នុងវិស័យសំខាន់ៗ នៃបច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងដំណើរតាក់តែងសេចក្ដីព្រាងគោលនយោបាយនេះ ពិតជាមានភាពចាំបាច់។ លោកជំរុញឲ្យក្រុមការងាររៀបចំសេចក្ដីព្រាងគោលនយោបាយ អភិវឌ្ឍវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ត្រូវបន្តរៀបចំសិក្ខាសាលាជាបន្តបន្ទាប់ ទៅតាមអនុវិស័យអាទិភាព នៃវិស័យហិរញ្ញវត្ថុទាំងមូល។
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ក៏សូមស្នើឲ្យគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល ដោយសហការជាមួយនិយ័តករទាំងអស់ ទាំងក្នុងវិស័យធនាគារ និងមិនមែនធនាគារ ពិនិត្យលទ្ធភាពរៀបចំព្រឹត្តិការណ៍បច្ចេកវិទ្យាហិរញ្ញវត្ថុប្រចាំឆ្នាំនៅកម្ពុជា ដែលជាវេទិកាថ្នាក់ជាតិ សម្រាប់បើកឲ្យមានការពិភាក្សា, ការចែករំលែក និងការផ្លាស់ប្តូរយោបល់ ទូលំទូលាយពីគ្រប់តួអង្គពាក់ព័ន្ធ សំដៅប្រមូលកំណត់ ឲ្យបាននូវបញ្ហាប្រឈម, កាលានុវត្តភាព និងដំណោះស្រាយបែបបច្ចេកវិទ្យាថ្មី ដែលនឹងជួយដល់ការអនុវត្តគោលនយោបាយនេះ កាន់តែមានប្រសិទ្ធភាពថែមទៀត។
លោកបានសម្តែងក្តីសង្ឃឹមយ៉ាងមុតមាំថា តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, ដៃគូអភិវឌ្ឍន៍, វិស័យឯកជន ទាំងក្នុងផ្នែកធនាគារ និង មិនមែនធនាគារ, សមាគម, ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ, ធុរជន, និងនវានុវត្តជន ដែលបានចូលរួមក្នុងសិក្ខាសាលានេះ នឹងចូលរួមយ៉ាងសកម្ម ក្នុងការចែករំលែកចំណេះដឹង និងបទពិសោធន៍ និងផ្ដល់ជាធាតុចូល ដើម្បីបានជាទុនដ៏មានតម្លៃ សម្រាប់ក្រុមការងាររៀបចំ សេចក្ដីព្រាងគោលនយោបាយ ក្នុងការចាប់ផ្ដើមដំណើរការអនុវត្តការងារ៕