យានយន្តឆ្លងកាត់ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ នឹងចំណាយរង្វង់២០ដុល្លារក្នុងមួួយលើក

    ដោយៈលក្ខិណា

ភ្នំពេញៈ ផ្លូវល្បឿនលឿនភ្នំពេញ កាន់តែជិតរួចរាល់ជាស្ថាបពរ និងគ្រោងដាក់ដំណើរការសាកល្បង នៅប៉ុន្មានខែកក្ដាខាងមុខនេះ តែក្រោយពីការដាក់ដំណើរការសាកល្បង អ្នកវិនិយោគលើផ្លូវនេះគ្រោងនឹងយកកម្រៃសេវាសម្រាប់យានយន្តឆ្លងកាត់ ដោយក្នុងនោះក្រសួងបានដាក់សំណើរទៅក្រុមហ៊ុន ឱ្យយកត្រឹមរង្វង់១០សេនក្នុងមួយគីឡូម៉ែត្រ។

ដូច្នេះបើធ្វើដំណើរពីភ្នំពេញ ទៅក្រុងព្រះសីហនុងឬក្រុងព្រះសីហនុ ទៅភ្នំពេញ ម្ចាស់យានយន្តអាចនឹងចំណាយរង្វង់២០ដុល្លារក្នុងមួយលើក។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងឱកាសអញ្ជើញទស្សនកិច្ចផ្លូវល្បឿនលឿននៅព្រឹកថ្ងៃទី២៦ មេសា២០២២ លោកស៊ុន ចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនមានប្រសាសន៍ថា ផ្លូវល្បឿនលឿននៅគ្រប់ប្រទេស គឺគេយកតម្លៃសេវាទាំងអស់ ហើយសម្រាប់ផ្លូវល្បឿនលឿនយើងវិញក៏ដូចគ្នា។ បើយើងយកថ្លៃពេកក៏គ្មានអ្នកជិះឆ្លងកាត់ដែរ ហើយបើយកថោកក៏មិនអាចប្រមូលដើមទុន ដែលត្រូវវិនិយោគមកវិញបានដែរ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “នៅប្រទេសនានាលើពិភពលោក តម្លៃឆ្លងកាត់ផ្លូវល្បឿនលឿន គឺខ្ពស់បំផុតត្រឹម១២សេនក្នុងមួយគីឡូម៉ែត្រ ហើយយើងក៏បានស្នើ ឱ្យក្រុមហ៊ុនអភិវឌ្ឍន៍យកកម្រៃសេវា ពីអ្នកដំណើរក្រោម១០សេនក្នុងមួយគីឡូម៉ែត្រ ដែលជាតម្លៃមួយក្នុងការពិចារណា រវាងក្រុមហ៊ុនវិនិយោគនិងក្រសួងសាធារណការនិងដឹកជញ្ជូន”។

ទន្ទឹមនឹងនោះដែរ ក្រសួងក៏បានស្នើឱ្យក្រុមហ៊ុន ពិចារណាមិនយកកម្រៃសេវាដល់ពលរដ្ឋឆ្លងកាត់មួយរយៈពេល ដើម្បីឱ្យពលរដ្ឋបានសាកល្បងបើកបរ លើផ្លូវល្បឿនលឿនដំបូងរបស់កម្ពុជា ហើយចាប់ផ្ដើមយកកម្រៃ៦ខែដំបូង ក្នុងកម្រិតទាបមួយនឹងចាប់ផ្ដើមឡើងតម្លៃ បន្តិចម្ដងៗជាបន្តបន្ទាប់  ។

លោកស៊ុន ចាន់ថុលបានបន្ថែមថា ក្រសួងក៏គ្រោងនឹងរៀបចំផលិតវីឌីអូអប់រំដល់ពលរដ្ឋ ក្នុងការប្រើប្រាស់ផ្លូវល្បឿនលឿនរបស់យើងផងដែរ ដូចជាការយានយន្តដែលបើកបរយឺត ត្រូវប្រកាន់ស្ដាំ និងយានយន្តបើកលឿនត្រូវប្រកាន់គន្លងលឿន ។សម្រាប់យានយន្ត ដែលត្រូវបានកំណត់លើផ្លូវល្បឿននេះ ក៏កំពុងពិចារណាថាយានយន្តប្រភេទណា មិនអនុញ្ញាតឱ្យឆ្លងកាត់ពីព្រោះថាផ្លូវនេះ គេបើកលឿនៗណាស់ ។

លោកបញ្ជាក់ថា “ផ្លូវល្បឿនលឿននេះ នឹងចូលរួមចំណែកដ៏សំខាន់ក្នុងការតភ្ជាប់ប៉ូលសេដ្ឋកិច្ចសំខាន់២របស់កម្ពុជា គឺភ្នំពេញ និងក្រុងព្រះសីហនុ ដោយកាត់បន្ថយចំណាយពេលវេលា សម្រាប់ការធ្វើដំណើរ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងបញ្ជៀសការកកស្ទះនៅលើផ្លូវជាតិលេខ៤ផងដែរ”។

ករំពឹងថា ក្រោយផ្លូវនេះ រួចរាល់និងដំណើរការ នឹងជំរុញ ឱ្យខេត្តព្រះសីហនុមានការរីកចម្រើនលឿនរហ័ស ទៅតាមផែនការយុទ្ធសាស្ត្របស់រាជរ  ដ្ឋាភិបាល ដែលកំណត់យកខេត្តព្រះសីហនុក្លាយជា តំបន់សេដ្ឋកិច្ចពិសេស ពហុបំណង៕

LEAVE A REPLY

Please enter your comment!
Please enter your name here