ដោយៈសុខុម
ប៊ែរឡាំងៈ រដ្ឋាភិបាលអាល្លឺម៉ង់ គ្រោងនឹងដំឡើងការព្យាករអតិផរណារបស់ខ្លួន សម្រាប់ឆ្នាំនេះរហូតដល់៦,១% ដោយសារឥទ្ធិពលនៃសង្រ្គាមនៅអ៊ុយក្រែន បើធៀប ៣,៣%ដែលខ្លួនបានព្យាករក្នុងខែមករា។
យោងតាមឯកសារមួយរបស់រដ្ឋាភិបាល ដែលសារព័ត៌មាន Reuters បានចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី២៥ ខែមេសា បង្ហាញថា រដ្ឋាភិបាលក្រុងប៊ែរឡាំង គ្រោងនឹងបង្ហាញលទ្ធផលព្យាករណ៍សេដ្ឋកិច្ចរបស់ខ្លួននៅថ្ងៃពុធ ទី២៧ ខែមេសា ហើយថា សន្ទុះឡើងថ្លៃទំនិញប្រើប្រាស់នឹងធ្លាក់ចុះមកនៅត្រឹម ២,៨%ក្នុងឆ្នាំ២០២៣។
អតិផរណាប្រចាំឆ្នាំរបស់អាល្លឺម៉ង់ ក្នុងខែមីនា បានកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន ក្នុងរយៈពេលជាង ៤០ឆ្នាំមកនេះ ដោយសារតម្លៃឧស្ម័នធម្មជាតិ និងផលិតផលប្រេងឥន្ធនៈ បានហក់ឡើងយ៉ាងគំហុក បន្ទាប់ពីរុស្ស៊ី បញ្ឆេះសង្គ្រាមចូលឈ្លានពានប្រទេសអ៊ុយក្រែន ហើយវិក្កយ បត្រឧស្ម័ន និងអគ្គិសនីបានកើនឡើងខ្ពស់មិនធ្លាប់មានកាលពីខែមុន។
រដ្ឋាភិបាលចម្រុះ ដែលកំពុងកាន់អំណាចរបស់អាល្លឺម៉ង់ បានប្រកាសវិធានការសង្គ្រោះ កាលពីខែមុនដែលមានទំហំទឹកប្រាក់ រហូតដល់ ៧,២ពាន់លានដុល្លារអាមេរិក ដើម្បីជួយអ្នកប្រើប្រាស់ទប់ទល់ នឹងការឡើងថ្លៃថាមពល និងកាត់បន្ថយការពឹងផ្អែកលើឧស្ម័នរបស់រុស្ស៊ី។
ទិន្នន័យអតិផរណាសម្រាប់ខែមេសា នឹងត្រូវចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី២៨ ដ៏ខ្លីខាងមុខនេះ។
ឯកសារដដែលបង្ហាញថា ការចំណាយរបស់អ្នកប្រើប្រាស់នឹងកើនឡើង៩,៧%នៅឆ្នាំនេះ ដោយលើស ០,៦%បើធៀបនឹងការព្យាករ ក្នុងខែមករា។ នៅឆ្នាំ២០២៣ ការចំណាយរបស់អ្នកប្រើប្រាស់ នឹងកើនឡើងយឺតក្នុងអត្រា៤,៨%។ ទន្ទឹមនេះ អត្រាប្រាក់សន្សំនឹងធ្លាក់ចុះ មកនៅត្រឹម១០,៩%បើធៀបនឹង១៥,០%កាលពីឆ្នាំមុន៕ Reuters៕