អគ្គនាយកដ្ឋានពន្ធ៖ កត្ដាចំនួន៥ ធ្វើឱ្យការប្រមូលពន្ធនៅត្រីមាសទី១ឆ្នាំនេះ សម្រេចបានជិត៤៥ភាគរយនៃផែនការកំណត់

ដោយ៖ សុផារី

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធបញ្ជាក់ថា ដោយសារកត្ដាចំនួន៥ ធ្វើឱ្យការប្រមូលពន្ធរបស់អគ្គនាយកដ្ឋានពន្ធ នៅត្រីមាសទី១ ឆ្នាំ២០២២នេះ សម្រេចបានរហូតដល់ជាង១.២៦៣លានដុល្លារ ស្មើនឹង៤៤,៨០% នៃផែនការកំណត់ដោយច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។

សម្រាប់ឆ្នាំ២០២២នេះ ក្នុងច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង តម្រូវឲ្យអគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលឲ្យបានចំនួន ១១.៤១៩,១៣ពាន់លានរៀល ស្មើនឹងប្រមាណ ២.៨១៩,៥៤លានដុល្លារ។

កត្ដាសំខាន់ៗទាំង៥ ដែលធ្វើឱ្យការប្រមូលពន្ធរបស់អគ្គនាយកដ្ឋានពន្ធ សម្រេចបានរហូតដល់ជាង ១.២៦៣លានដុល្លារ នៅត្រីមាសទី១ ឆ្នាំ២០២២នេះ រួមមាន៖

ទី១៖ ការបន្តពង្រឹងអភិបាលកិច្ចល្អ (Good Governance) និងរដ្ឋបាលកិច្ចល្អ (Good Administration) ព្រមទាំងការប្រកាន់ខ្ជាប់នូវស្មារតីបុរេសកម្ម ជាពិសេសការរៀបចំអភិវឌ្ឍ និងដាក់ឲ្យប្រើប្រាស់ នូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន តាំងពីមុនការរីករាលដាលនៃជំងឺកូវីដ-១៩។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទី២៖ ការគ្រប់គ្រងប្រមូលចំណូលពន្ធតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដែលបានដាក់ឲ្យអនុវត្តជាបន្តបន្ទាប់ ជាពិសេស ToI E-Filing, E-Filing, E-Payment, GDT Tax Pre-filling App, និងប្រព័ន្ធទទួលលិខិតប្រកាសពន្ធ ពាក្យស្នើសុំ លិខិតរដ្ឋបាល និង/ឬឯកសារនានា តាមរយៈប្រព័ន្ធបញ្ជូនឯកសារ អេឡិចត្រូនិក (E-Document Submission System) ព្រមទាំងការស្នើសុំវិញ្ញាបនបត្រ/ លិខិតអនុញ្ញាតនានាតាមប្រព័ន្ធអនឡាញ។

ទី៣៖ កម្មវិធីលើទូរស័ព្ទដៃ របស់អគ្គនាយកដ្ឋានពន្ធដារ ផ្តល់លទ្ធភាពជូនអ្នកជាប់ពន្ធទទួលបាន ភាពងាយស្រួល និងចំណេញពេលវេលា ក្នុងការបង់ពន្ធ បានពីគ្រប់ទីកន្លែង ទទួលបាននូវបច្ចុប្បន្នភាពនិងព័ត៌មានថ្មីៗអំពីពន្ធដារ តាមដានឯកសារ ព្រមទាំងទទួលសេវា អ្នកជាប់ពន្ធពីអគ្គនាយកដ្ឋានពន្ធដារ។

ទី៤៖ ជម្រើសបង់ពន្ធតាមតាមរយៈធនាគារពាណិជ្ជជាដៃគូរ ដែលគិតមកដល់បច្ចុប្បន្ននេះ មាន៨ ក្នុងនោះមាន ធនាគារអេស៊ីលីដា ធនាគារកាណាឌីយ៉ា ធនាគារកម្ពុជាសាធារណៈ ធនាគារស្ថាបនា ធនាគារ ABA ធនាគារវឌ្ឍនៈ ធនាគារប្រៃណនីយកម្ពុជា និងធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់។

ទី៥៖ ការផ្តល់សេវាជូនអ្នកជាប់ពន្ធតាមរយៈសេវាពិគ្រោះយោបល់ ជូនអ្នកជាប់ពន្ធសរុបក្នុងរយៈពេល៣ខែ ឆ្នាំ២០២២ មាន ២៦.៤២៧ករណី ថយចុះ ៥១% ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២១ ដែលចំណុចនេះ គឺបានឆ្លុះបញ្ជាំងអំពីកើនឡើងនូវការយល់ដឹងរបស់អ្នកជាប់ពន្ធនូវច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារ ព្រមទាំងប្រព័ន្ធបច្ចេកវិទ្យាគាំទ្រនានា៕

LEAVE A REPLY

Please enter your comment!
Please enter your name here