ពិភពលោកអាចធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចជាថ្មី ខណៈហានិភ័យនៅអាមេរិក និងប្រទេសចិនកំពុងកើនឡើង

ដោយៈសុខុម

អន្តរជាតិ: ពិភពលោកទាំងមូល បានជួបគ្រោះកំណាចជាបន្តបន្ទាប់ចាប់តាំងពីផ្ទុះវិបត្តិកូវីដ-១៩ ដ៏កាចសាហាវកាលពី២ឆ្នាំមុន ដែលបានផ្ទុះរលកថ្មីជាបន្តបន្ទាប់ និងការផ្ទុះសង្គ្រាមរុស្ស៊ី ចូលឈ្លានពានប្រទេសអ៊ុយក្រែន ដែលបន្តរហូតមកទល់ពេលនេះ។

ដូចនេះ តើពិភពលោកទាំងមូល អាចនឹងធ្លាក់ចូលវិបត្តិសេដ្ឋកិច្ចជាថ្មី ឬយ៉ាងណា? ខណៈសេដ្ឋកិច្ចពិភពលោក កំពុងងើបឡើងវិញពីវិបត្តិកូវីដ-១៩ ហានិភ័យកាន់តែច្រើនឡើងៗ កំពុងធ្វើឱ្យប៉ះពាល់ដល់ទស្សនវិស័យសេដ្ឋកិច្ច ទោះបីជាអ្នកជំនាញសេដ្ឋកិច្ចភាគច្រើននៅតែជឿជាក់ថា វិបត្តិសេដ្ឋកិច្ចទំនងជាមិនកើតឡើងនៅឆ្នាំ២០២២នេះក្ដី។

សង្រ្គាមនៅប្រទេសអ៊ុយក្រែន ទណ្ឌកម្មលើរុស្ស៊ី គោលនយោបាយ “គ្មានកូវីដ-១៩ ដាច់ខាត” របស់ប្រទេសចិន នៅក្នុងការទប់ស្កាត់ការរីករាលដាលវីរុសកូវីដ-១៩ អតិផរណាកើនឡើងខ្ពស់ និងការដំឡើងការប្រាក់ដោយធនាគារកណ្តាលអាមេរិក (Federal Reserve) សុទ្ធតែរារាំងដល់កំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០២២ នេះ។
ដូចនេះសំណួរសួរថា តើស្ថានភាពកាន់តែយ៉ាប់យ៉ឺនទៅៗ និងការជ្រើសរើសគោលនយោបាយ ដោយខ្វះសុភវិនិច្ឆ័យត្រឹមត្រូវ អាចធ្វើឱ្យសេដ្ឋកិច្ចពិភពលោក ដែលកំពុងសំយ៉ុងក្បាលចុះធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចបន្តទៀតដែរឬទេ?។

លោកស្រី Tara Sinclair សាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ចមកពីសកលវិទ្យាល័យ George Washington នៅ ក្នុងវ៉ាស៊ីនតោន ឌីស៊ី បានប្រាប់សារព័ត៌មាន Aljazeera កាលពីថ្ងៃសុក្រ ទី៨ ខែមេសា ថា “វិបត្តិសេដ្ឋកិច្ចគឺពិបាក នឹងព្យាករដឹងមុនណាស់ ហើយសូម្បីតែអ្នកព្យាករណ៍ពូកែៗ ដូចធនាគារកណ្ដាលអាមេរិក (Federal Reserve) ជាដើមក៏អាចត្រឹមតែដឹងថា យើងកំពុងជួបវិបត្តិសេដ្ឋកិច្ច នៅពេលយើងបានធ្លាក់ចូល ក្នុងវិបត្តិរួចហើយប៉ុណ្ណោះ គឺមិនមែនព្យាករដឹងមុននោះទេ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រីបានគូសបញ្ជាក់បន្ថែមទៀតថា “ជាទូទៅ ក្រុមអ្នកបង្កើតគោលនយោបាយច្រើន តែងមើលរំលងវិបត្តិសេដ្ឋកិច្ច នៅក្នុងការព្យាកររបស់ពួកគេ ហើយគ្រាន់តែផ្តោតលើការព្យាករ អំពីសេដ្ឋកិច្ចដូចក្នុងគ្រាធម្មតាប៉ុណ្ណោះ”។

នៅសហរដ្ឋអាមេរិក ធនាគារកណ្តាល Federal Reserve ប្រឈមនឹងកិច្ចការដ៏លំបាក នៅក្នុងការទប់អតិផរណាដែលបានហក់ឡើងខ្ពស់ មិនធ្លាប់មានក្នុងរយៈពេល៤ទសវត្សរ៍មកនេះ។

ចំណែកឯនៅប្រទេសចិន ឯណោះវិញ ហានិភ័យក៏កំពុងកើនឡើងខ្លាំងដែរ ខណៈរដ្ឋាភិបាលក្រុងប៉េកាំង កំពុងបន្តខិតខំប្រឹងប្រែងលុបបំបាត់ការរីករាលដាលវីរុសកូវីដ-១៩ រលកថ្មីដែលជាការផ្ទុះដ៏ធ្ងន់ធ្ងរបំផុតតាម រយៈវិធានការបិទខ្ទប់ និងការរឹតបន្តឹងព្រំដែនយ៉ាងតឹងរ៉ឹងបំផុត ដែលធ្វើឱ្យរាំងស្ទះសកម្មភាពសេដ្ឋកិច្ចយ៉ាងខ្លាំង។

លោក Carsten Holz អ្នកជំនាញខាងសេដ្ឋកិច្ចចិន នៅសកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាហុងកុង (Hong Kong University of Science and Technology) បានប្រាប់សារព័ត៌មាន Aljazeera ថា ប្រទេសចិន ទំនងជាមិនអាចសម្រេចគោលដៅ កំណើនសេដ្ឋកិច្ច៥,៥%របស់ខ្លួនសម្រាប់ឆ្នាំ២០២២បានឡើយ។
ទោះជាយ៉ាងនេះក្តី ការព្យាករអំពីសេដ្ឋកិច្ច សម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក នៅតែមានសុទិដ្ឋិនិយមជារួម។

នៅក្នុងទស្សនវិស័យសេដ្ឋកិច្ចចុងក្រោយរបស់ខ្លួន ដែលបានចេញផ្សាយកាលពីថ្ងៃពុធ ទី៦ ខែមេសា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានប៉ាន់ប្រមាណថា បណ្ដាសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី នឹងទទួលបានកំណើន៥,២% ក្នុងឆ្នាំ២០២២ និង៥,៣%ក្នុងឆ្នាំ២០២៣ ដែលទាបជាងការព្យាករមុននេះតែបន្តិចប៉ុណ្ណោះ៕ Aljazeera៕

LEAVE A REPLY

Please enter your comment!
Please enter your name here