​កម្ពុជានាំចេញទំនិញបានទឹកប្រាក់ជាង៣,៥ពាន់លានដុល្លារ រយៈពេល២ខែដើមឆ្នាំនេះ

ដោយ៖ សុផារី

ភ្នំពេញ៖ រយៈពេល២ខែដើមឆ្នាំនេះ កម្ពុជានាំចេញទំនិញបានទឹកប្រាក់ជាង៣.៥៩៥លានដុល្លារ អាមេរិកជាទីផ្សារឈរនៅលេខទី១ ដែលស្រូបការនាំចូលទំនិញពីកម្ពុជាច្រើនជាងគេ មានចំនួន១.៤១៥លានដុល្លារ កើនឡើង៤២,១%។ នេះបើយោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

ទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចេញ​ផ្សាយ​ក្នុង​សប្តាហ៍​នេះ​បញ្ជាក់ថា ចាប់ពីខែមករា ដល់ខែកម្ភៈ ឆ្នាំ២០២២នេះ កម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារអាមេរិក ក្នុងទំហំ១.៤១៥លានដុល្លារ កើនឡើង៤២,១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានតម្លៃត្រឹមតែ៩៩៥លានដុល្លារអាមេរិក។

លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជ្យបណ្ឌិតសភាកម្ពុជា បានលើកឡើងថា ការនាំចេញទៅសហរដ្ឋអាមេរិកកើនឡើងនេះ ដោយសារកម្ពុជាស្ថិតនៅក្រោមការទទួលបានការអនុគ្រោះពន្ធនាំចូល GSP របស់សហរដ្ឋអាមេរិក ហើយអាមេរិកក៏មានតម្រូវការទំនិញពីកម្ពុជា ដែលនាំឱ្យពួកគេដាក់បញ្ជាទិញទំនិញពីកម្ពុជា។

លោក​បណ្ឌិត​បន្តថា​ កម្ពុជាមានដំណើរការច្រវ៉ាក់ផលិតកម្មរលូន មានការផ្គត់ផ្គង់ច្បាស់លាស់ ឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់ ទាំងគុណភាព និងតម្លៃ។ ជាមួយគ្នានេះដែរ កម្ពុជាមានស្ថេរភាពនយោបាយ មានការធានាបាននូវសុខសន្តិភាពល្អ ដែលការផ្តល់ទំនុកចិត្តដល់វិនិយោគិន គ្រប់វិស័យធ្វើការនាំចេញទំនិញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​បណ្ឌិត​មាន​ប្រសាសន៍ថា “កម្ពុជាអាចបំពេញបាននូវតម្រូវការរបស់អ្នកបញ្ជាទិញ ដែលធ្វើឱ្យកំណើននៃការនាំចេញរបស់កម្ពុជាបានប្រសើរឡើង”។

របាយការណ៍​ដដែលបានឱ្យដឹងថា ក្រៅពី​ទីផ្សារ​អាមេរិក​ កម្ពុជាបាននាំចេញទំនិញទៅ​កាន់​ប្រទេស​វៀតណាមជាទីផ្សារលំដាប់ទី២ ក្នុងតម្លៃ៣៦០លានដុល្លារ ថយចុះ១២,៥% ខណៈចិនស្ថិតក្នុងលេខរៀងទី៣ ដែលបាននាំចូលទំនិញពីកម្ពុជា ចំនួនជាង២០៩លានដុល្លារ ថយចុះ២,៧% និងជប៉ុនឈរនៅលំដាប់ទី៤ ដែលបាននាំចូលទំនិញពីកម្ពុជាចំនួន២០២លាន កើនឡើង៤,៣% ថៃ ក្នុង​ទំហំ​ចំនួនជាង១៨០លានដុល្លារកើនឡើង៥,៥%។

ទន្ទឹមគ្នានេះ កម្ពុជាបានចេញទំនិញទៅប្រទេសកាណាដាចំនួន១៧៦លានដុល្លារកើនឡើង១៥,៥% អាលឺម៉ង់១៥៨លានដុល្លារកើនឡើង១៧,២% អង់គ្លេសជាង១៣១លានដុល្លារកើនឡើង១៤,៦% បែលហ្សិកជាង១១៥លានដុល្លារកើនឡើង៣៧,២% ហូឡង់ជាង៨០លានដុល្លារកើនឡើង៣៩,១% អេស្ប៉ាញ ជាង៦៦លានដុល្លារកើនឡើង៣៦,៦% និងប្រទេស អូស្រ្តាលី ជាង៦០លានដុល្លារ កើនឡើង១៦,៦% រួមនឹងប្រទេសផ្សេងៗមួយចំនួនទៀត។

ទំនិញចម្បងដែលរកចំណូលឱ្យកម្ពុជាច្រើនជាងគេ គឺ សម្លៀកបំពាក់មានតម្លៃជាង១,៤ពាន់លានដុល្លារ ស្បែកជើងជាង២៧៨លានដុល្លារ គ្រាប់ធញ្ញជាតិជាង២១៨លានដុល្លារ ម៉ាស៊ីន និងឧបករណ៍អគ្គិសនីជាង២៣០លានដុល្លារ បន្លែជាង១២៨លានដុល្លារ ផ្លែឈើជាង៧៩លានដុល្លារ គ្រឿងសង្ហារឹមផ្សេងជាង១០៦លានដុល្លារ រួមនឹងទំនិញសំខាន់ៗមួយចំនួនទៀត ដែលសរុបជាទឹកប្រាក់៣.៥៩៥.៧៦០.០០០ ដុល្លារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here