សហរដ្ឋអាមេរិកគំរាមដាក់ទណ្ឌកម្មមហាយក្សចិន បើហ៊ានគាំទ្ររុស្ស៊ីក្នុងសង្គ្រាមនៅអ៊ុយក្រែន

ដោយៈ សុខុម

វ៉ាស៊ីនតោន: អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី Wendy Sherman បានប្រកាសច្បាស់ៗកាលពីថ្ងៃទី៦ ខែមេសាថា ទណ្ឌ​កម្មលើរុស្ស៊ី ចំពោះបញ្ឆេះសង្គ្រាមចូលឈ្លានពានអ៊ុយក្រែន គួរតែជាមេរៀនដ៏ល្អដើម្បីឱ្យមហាយក្សចិន “យល់ច្បាស់” ពីផលវិបាកដែលខ្លួនប្រឈម ប្រ​សិ​នបើហ៊ានផ្តល់ជំនួយគាំទ្រដល់ទីក្រុងមូស្គូ។
នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃទី៧ ខែមេសា នេះ។

លោកស្រី Wendy Sherman លើកឡើងថា ទណ្ឌកម្មធ្ងន់ធ្ងរជាបន្តបន្ទាប់ និងការរឹតបន្តឹងការនាំចេញ ក្នុងចំណោមសម្ព័ន្ធមិត្ត និងដៃគូរបស់សហរដ្ឋអាមេរិក ប្រឆាំងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន សេដ្ឋកិច្ចរុស្ស៊ី និងក្រុមមេដឹកនាំជាន់ខ្ពស់ ព្រមទាំងមហាសេដ្ឋីរុស្ស៊ីផងដែរនោះ​ គួរតែធ្វើជាគំរូសម្រាប់មេដឹកនាំចិន លោកស៊ី ជីនភីង។

ក្នុងសវនាការរបស់គណៈកម្មាធិការកិច្ចការបរទេស នៃសភាអាមេរិក លោកស្រី Wendy Sherman បានលើកឡើងថា “ខ្ញុំយល់ថា វានឹងធ្វើឱ្យប្រធានាធិបតីស៊ី ជីនភីង យល់ច្បាស់ពីអ្វីដែលលោកប្រឈម ប្រសិ​នបើហ៊ានគាំទ្រលោក ពូទីន ក្នុងទម្រង់សម្ភារៈណាមួយ”។

លោកស្រីបានបន្ថែមទៀតថា រដ្ឋាភិបាលក្រុងប៉េកាំង គួរតែ “ទទួលយកមេរៀនដ៏ត្រឹមត្រូវ” ពីការឆ្លើយតបរួមគ្នារបស់លោកខាងលិច​ ចំពោះសង្គ្រាមនៅអ៊ុយក្រែន ហើយថា រាល់ចំណាត់ការណាមួយរបស់មហាយក្សចិន ដើម្បីវាយដណ្តើមកាន់កាប់កោះតៃវ៉ាន់ ដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ នឹងមិនអាចទទួលយកបានឡើយ។
លោកស្រីបានលើកឡើងបន្តទៀតថា “យើងសង្ឃឹមថា សាធារណរដ្ឋប្រជាមានិតចិន យល់ថាចំណាត់ការណាមួយបែបនេះ​ នឹងទទួលបានការឆ្លើយតបពីសហគមន៍អន្តរជាតិ ដែលមិនត្រឹមតែមកពីសហរដ្ឋអាមេរិក មួយនោះឡើយ”៕ Reuters៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here