អាជីវកម្មអនឡាញដែលគ្មានលិខិតអនុញ្ញាតនិងអាជ្ញាប័ណ្ណនឹងប្រឈមការផាកពិន័យជាទឹកប្រាក់ឬដាក់ទោសតាមផ្លូវច្បាប់

ដោយ: សូរិយា

ភ្នំពេញ៖ មន្រ្តីជំនាញនៃក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា យ៉ាងយូរបំផុត ត្រឹមថ្ងៃទី១ ខែកក្កដាខាងមុខ ចំពោះរូបវន្តបុគ្គល សហគ្រាសឯកបុគ្គល ឬក្រុមហ៊ុន ដែលធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក មិនមានលិខិតអនុញ្ញាត ឬអាជ្ញាប័ណ្ណពាណិជ្ជកម្មស្របច្បាប់ នឹងប្រឈមការផាកពិន័យជាទឹកប្រាក់ចំនួន ១០លានរៀល ឬឈានដល់ការដាក់ទោសតាមផ្លូវច្បាប់។

លោក ឱម តារ៉ារិទ្ធ ប្រធាននាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី៤ ខែមេសានេះ បានមានប្រសាសន៍ថា មូលហេតុដែលក្រសួងតម្រូវឲ្យអាជីវកម្មតាមប្រព័ន្ធអនឡាញទាំងអស់ ត្រូវដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក គឺដើម្បីការពារសិទ្ធិរបស់អ្នកប្រើប្រាស់ទាំងអស់ ខណៈដែលកន្លងមកមានបញ្ហាជាច្រើនរវាងអ្នកលក់ និងអ្នកប្រើប្រាស់។

លោកបានពន្យល់ថា “នៅក្នុងច្បាប់កាលណាធ្វើអាជីវកម្មអត់សុំលិខិតអនុញ្ញាត ឬអាជ្ញាប័ណ្ណត្រូវទទួលផាកពិន័យបណ្តោះអាសន្ន ជាទឹកប្រាក់រហូតដល់១០លានរៀល ហើយក្នុងករណីមិនរាងចាលនឹងមានវិធានការណ៍ផ្សេងទៀត អាចនឹងទៅតុលាការ អាចមានជាប់ទោសព្រហ្មទណ្ឌ”។

លោកបន្ថែមថា គោលដៅសំខាន់គឺការគ្រប់គ្រងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចសំខាន់ជាងគេគឺ សម្រាប់ការពារដល់អ្នកប្រើប្រាស់ ព្រោះកន្លងមក មានបញ្ហាច្រើនដែលបង្កើតឱ្យមានភាពមិនទុកចិត្តគ្នារវាងអ្នកប្រើប្រាស់ និងអ្នកលក់ ព្រោះថាពេលខ្លះ អ្នកទិញគាត់ទិញឥវ៉ាន់ហើយ នៅពេលទទួលគឺខុសពីការផ្សព្វផ្សាយ និងពេលខ្លះគេបង់លុយហើយ គេយកឥវ៉ាន់ទៅឲ្យទាន់ពេលជាដើម។ល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ


លោក ឱម តារ៉ារិទ្ធ បានបញ្ជាក់ថា មកដល់ពេលនេះ ជាលើកទី៣ហើយ ដែលក្រសួងសម្រេចពន្យារពេលដល់ម្ចាស់អាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិកទាំងអស់។ កន្លងមក ក្រសួងធ្លាប់បានកំណត់ឱ្យមានមុនថ្ងៃទី១ ខែធ្នូ ឆ្នាំ ២០២១ និងលើកទី២ ឱ្យបានមុនថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ និងលើកទី៣នេះ ពន្យារហូតដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ ដោយសារតែភាពមិនច្បាស់លាស់នៃដំណើរការអាជីវកម្ម និងឥទ្ធិពលនៃការគំរាមកំហែងពីការឆ្លងរាលដាលជំងឺកូវីដ១៩ ប្រភេទបំប្លែងថ្មីអូមីក្រុង។

លោកបន្ថែមទៀតថា ការសម្រេចពន្យារពេលបន្ថែមនេះ ដោយសារក្រសួងចង់ផ្តល់ពេលវេលាគ្រប់គ្រាន់ដល់ម្ចាស់អាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិកទាំងអស់ត្រៀមខ្លួនឱ្យបានរួចរាល់ ខណៈនៅពេលមានការចុះបញ្ជី ឬអាជ្ញាប័ណ្ណពាណិជ្ជកម្មត្រឹមត្រូវ នឹងផ្តល់នូវទំនុកចិត្ត និងភាពស្របច្បាប់ផងដែរ។

លោកបន្ថែមទៀត គិតមកដល់ពេលនេះ ក្រុមហ៊ុន សហគ្រាសធំៗពង្រីកអាជីវកម្មបន្ថែមតាមប្រព័ន្ធអនឡាញ ដែលបានដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាប័ណ្ណពាណិជ្ជកម្មអេឡិចត្រូនិក មានចំនួនក្រោម១០០ ខណៈដែលផេកដំណើរការ ក្នុងការធ្វើអាជីវកម្មតាមអនឡាញសរុបចំនួនប្រមាណ៤០០ទៅ៥០០ផេកឯណោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here