ធនាគារពិភពលោកៈសេដ្ឋកិច្ចកម្ពុជាអាចសម្រេចបានកំណើនចន្លោះពី៣,៨ទៅ៤,៥ភាគរយនៅឆ្នាំនេះ

ដោយៈលក្ខិណា

ភ្នំពេញៈ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករណ៍ជាថ្មី ដោយធនាគារពិភពលោក ដែលអាចរក្សាបានកំនើនចន្លោះពី៣,៨ភាគរយ ទៅ៤,៥ភាគរយនៅ ឆ្នាំនេះ។

យោងតាមរបាយការណ៍របស់ធនាគារពិភពលោក ដែលបានចេញផ្សាយនៅថ្ងៃទី៥ មេសា ២០២២នេះ បានឱ្យដឹងថា  ទោះជាមានការធ្លាក់ចុះជាទូទៅ នៃតម្រូវការសកលយ៉ាងណាក៏ដោយ ក៏ការព្យាករណ៍កំណើនសម្រាប់កម្ពុជា គឺស្នើ៤,៥ភាគរយក្នុងឆ្នាំនេះ ដោយផ្អែកលើសេណារីយ៉ូដើមគ្រា ដោយសារតែមានការលុបចោល នូវការដាក់កំហិតលើការធ្វើដំណើរ ព្រោះកម្ពុជាមានអត្រាចាក់វ៉ាក់សាំងកូវីដ១៩ ខ្ពស់។

គេរំពឹងថា “ការស្ដារសេដ្ឋកិច្ចឡើងវិញ នៅតែពឹងផ្អែកលើសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក និងការនាំចេញផលិតផលកម្ម”។

របាយការណ៍ដដែលបង្ហាញថា ស្ថិតក្រោមសេណារីយ៉ូទាបជាង ក៏គេបានព្យាករណ៍ថា កំណើនអាចសម្រេចបានត្រឹម៣,៨ភាគរយ ក្នុងឆ្នា២០២២។ សេណារីយ៉ូទាបជាងនេះ គឺគេសន្មតថា មានការធ្លាក់ចុះនៃលក្ខ​ខណ្ឌសេដ្ឋកិច្ចក្នុងស្រុក ដោយសារអត្រាអតិផរណាកើនឡើងខ្ពស់ ខណៈដែលលក្ខខណ្ឌខាងក្រៅកាន់តែអាក្រក់ ដោយសារការធ្លាក់ចុះនៃតម្រូវការខាងក្រៅ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អ្នកជំនាញរំពឹងថា វិស័យកម្មន្តសាល សម្រាប់នាំចេញរបស់កម្ពុជា នឹងជួបព្យុះភ្លៀងនាពេលប៉ុន្មានខែខាងមុខ ដោយសារបរិយាកាសខាងក្រៅមិនសូវអំណោយផល បណ្ដាលមកពីការធ្លាក់ចុះ តម្រូវការនៅសហរដ្ឋអាមេរិក និងការធ្លាក់ចុះតម្រូវការនៅសហរដ្ឋអាមេរិក និងការធ្លាក់ចុះជារចនាសម្ព័ន្ធទូទៅនៅក្នុងប្រទេសចិន។

លើសពីនេះការកើនឡើង នៃតម្រូវការថាមពល និងស្បៀងអាហារ គឺដោយសារសង្គ្រាមនៅអ៊ុយក្រែន ដែលធ្វើឱ្យការកាត់បន្ថយភាពក្រីក្រ មានយឺតយ៉ាវ ព្រោះវាបានដាក់បន្ទុកលើការចំណាយកាន់តែខ្ពស់របស់គ្រួសារ ។

របាយការណ៍ពិភពលោកបង្ហាញថា ក្នុងរយៈពេលមធ្យម គេរំពឹងថាសេដ្ឋកិច្ចមាននិន្នាការវិល ត្រលប់មករកសក្ដានុពលខ្ពស់ ដែលមានកំណើនប្រមាណ៦ភាគរយ ។ ច្បាប់វិនិយោគថ្មី កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា ចិន និងកម្ពុជា សាធារណរដ្ឋកូរ៉េ និងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់ នឹងជួយជំរុញការវិនិយោគ និងពាណិជ្ជកម្មនាប៉ុន្មានឆ្នាំខាងមុខ ។ ចំពោះចំណុចវិជ្ជមានវិញ គឺកម្ពុជាមានភាពធន់នឹងវិបត្តិសកលប្រសើរខាងមុខ ។

ទោះជាយ៉ាងនេះក្ដី ផលជះអវិជ្ជមានរបស់មេរោគកូវីដ១៩ មកលើការងារ និងសុខុមាលភាពត្រូវបានគេរំពឹងថា នៅបន្តមានក្នុងពេលដែលវិស័យសេវាកម្ម ជាពិសេសវិស័យធ្វើដំណើរ ទេសចរណ៍ និងបដិសណ្ឋារកិច្ចនៅបន្តជួបព្យុះភ្លៀងនៅឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here