ខេត្តចំនួនពីរនឹងមានការអភិវឌ្ឍកាន់តែខ្លាំងនាពេលអនាគតបន្ទាប់ពីរាជធានីភ្នំពេញ

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ បណ្ដាខេត្តមួយចំនួន នៃព្រះរាជាណាចក្រកម្ពុជាកំពុងក្លាយជាចំណាប់អារម្មណ៍ ដ៏ទាក់ទាញរបស់វិនិយោគិន ក្នុងការអភិវឌ្ឍលើវិស័យអចលនទ្រព្យ ក្នុងនោះខេត្តចំនួនពីរ ត្រូវបានរដ្ឋាភិបាលយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលធ្វើឱ្យខេត្តទាំងពីរ កាន់តែមានសក្ដានុពល ក្នុងការទាក់ទាញវិនិយោគលើអចលនទ្រព្យកាន់តែខ្លាំង។

ខេត្តទាំងពីរ ដែលកំពុងតែបង្ហាញសាច់ដុំ ក្នុងការទាក់ទាញវិនិយោគិនបណ្ដាក់ទុនវិនិយោគនោះ យើងឃើញយ៉ាងច្បាស់ គឺខេត្តព្រះសីហនុ នៃតំបន់ឆ្នេររបស់កម្ពុជា និងខេត្តសៀមរាប នៃតំបន់ទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្ររបស់កម្ពុជា ហើយខេត្តទាំងពីរនេះ ត្រូវបានរាជរដ្ឋាភិបាលបោះទុនវិនិយោគរាប់រយលានដុល្លារអាមេរិក ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរាប់ខ្សែ ដើម្បីសម្រួលដល់ការវិនិយោគ និងសម្រួលដល់ការធ្វើដំណើររបស់វិនិយោគិនក្នុងការស្វែងរការវិនិយោគផងដែរ ។

លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍ឲ្យដឹងនារសៀលថ្ងៃទី៤ មេសានេះថា ខេត្តទាំងពីរ គឺខេត្តសៀមរាប និងខេត្តព្រះសីហនុ សុទ្ធតែមានសក្ដានុពលក្នុងការទាក់ទាញការវិនិយោគ ប៉ុន្តែរវាងខេត្តទាំងពីរនេះ គឺខេត្តព្រះសីហនុចាត់ទុកជាខេត្តមួយមានការអភិវឌ្ឍរួចទៅហើយ និងជាខេត្តបណ្ដុំដោយឧស្សាហកម្ម សម្រាប់សៀមរាបជាខេត្តទេសចរណ៍ ដូច្នេះការទាក់ទាញការវិនិយោគក៏ទៅលើវិស័យទេសចរណ៍ដែរ ។

លោកបន្តថា “អ្នកវិនិយោគដែលឆ្ពោះទៅកាន់ខេត្តព្រះសីហនុ គឺគាត់សម្លឹងមើលឃើញពីគោលដៅ វិនិយោគរបស់គាត់ត្រឹមត្រូវ គឺអាចជារោងចក្រឧស្សាហកម្ម ឃ្លាំងស្តុកទំនិញ ផែស្ងួតជាដើម ពីព្រោះខេត្តនេះមានកំពង់ផែទឹកជ្រៅមួយរបស់កម្ពុជា ហើយសៀមរាបវិញអ្នកវិនិយោគគឺអាចសង់សណ្ឋាគារ ផ្ទះសំណាក់សម្រាប់បម្រើដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅព្រឹកថ្ងៃទី ៤ មេសា ២០២២នេះ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាបដែលជាសមិទ្ធផលដ៏ធំធេងមួយសម្រាប់កម្ពុជា ក៏ដូចជាខេត្តសៀមរាប ហើយសមិទ្ធផលនេះ នឹងក្លាយជាប្រយោជន៍ដល់កម្ពុជាទាំងមូល ជាពិសេសការស្រូបទាញទេសចរជាតិអន្តរជាតិ និងវិនិយោគិនចូលបណ្ដាក់ទុនបន្ថែមក្នុងខេត្តនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here