ការនាំចេញអង្ករកម្ពុជា​កើនឡើង​ដល់១សែន​៧ម៉ឺន​តោន​ក្នុង​​បី​ខែ​ដើមឆ្នាំ​២០២២

ដោយ៖ សុផារី

ភ្នំពេញ៖​ នៅក្នុងរយៈពេល៣ខែដើមឆ្នាំ២០២២នេះ កម្ពុជា​នាំចេញអង្ករទៅក្រៅប្រទេសសរុបចំនួន ១៧០.៥៣៩តោន កើនឡើងចំនួន ១៦.៨៥១តោន (១០,៩៦%) បើធៀបនឹងបរិមាណនាំចេញក្នុងរយៈពេល៣ខែដើមឆ្នាំ២០២១ ដែលមានចំនួន ១៥៣.៦៨៨តោន។​

លោក​ វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ​​បាន​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​០១ ខែ​មេសា​នេះ​ថា ការនាំចេញអង្ករក្នុងខែមីនា ឆ្នាំ២០២២ មានចំនួន៦៧.៤៨១តោន ថយចុះចំនួន៩.៩៨៥តោន (-១២,៨៩%) បើធៀបនឹងខែមីនា ឆ្នាំ២០២១ ដែលមានចំនួន៧៧.៤៦៦តោន។​

ក្នុង​នោះ​ រយៈពេល​បី​ខែនេះ​ ការ​នាំ​ចេញ​អង្ករក្រអូបគ្រប់ប្រភេទមានចំនួន១២០.៤២២តោន ស្មើនឹង ៧០,៦១% អង្ករសគ្រប់ប្រភេទមានចំនួន៤៨.៨២៧តោន ស្មើនឹង២៨,៦៣% និងអង្ករចំហុយគ្រប់ប្រភេទមានចំនួន១.២៩០តោន ស្មើនឹង០,៧៦%។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តាម​រយៈ​ទិន្នន័យ​របស់​ក្រសួង​បាន​ឱ្យ​ដឹង​ថា​ បរិមាណអង្ករបាននាំចេញទៅកាន់ទិសដៅសហភាពអឺរ៉ុបចំនួន២១ប្រទេស មានបរិមាណសរុបចំនួន៤៧.៦៧៤តោន (កើនឡើងចំនួន១២.២៣២តោន ស្មើនឹង ៣៤,៥១%)។

ចំណែកទិសដៅនាំ​ចេញ​ទៅ​កាន់​ប្រទេសចិនមានបរិមាណសរុបចំនួន៨៨.៦៤៦តោន (កើនឡើងចំនួន ៣.២៧៦តោន ស្មើនឹង៣,៨៤%)។

ការ​នាំ​ចេញ​ទៅ​កាន់​ទិសដៅអាស៊ានចំនួន៤ប្រទេស មានបរិមាណសរុបចំនួន១៧.៣១០តោន (កើនឡើងចំនួន ៥.៦៥២តោន ស្មើនឹង ៤៨,៤៨%) និងទិសដៅដទៃទៀតចំនួន២១ប្រទេស មានបរិមាណសរុប ១៦.៩០៩តោន (ថយចុះចំនួន ៤.៣០៩តោន ស្មើនឹង -២០,៣១%)។

ក្រុមហ៊ុនដែលបាននាំចេញអង្ករមានចំនួន៤៦ក្រុមហ៊ុន ហើយបរិមាណអង្ករដែលបាននាំចេញដោយក្រុមហ៊ុនធំៗចំនួន១០ មានរហូតដល់១២៣.៣៦៤តោន (៧២,៣៤%) និងក្រុមហ៊ុន៣៦ដទៃទៀតបាននាំចេញត្រឹមតែ៤៧.១៧៥តោន (២៧,៦៦%)៕

LEAVE A REPLY

Please enter your comment!
Please enter your name here