អូស្ត្រាលីគ្រោងផ្ដល់ហិរញ្ញប្បទានដល់កម្ពុជាជាង១០០លានដុល្លារ សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច

      ដោយៈលក្ខិណា

ភ្នំពេញៈ អូស្រ្តាលីក៏ជាដៃគូមួយ សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ដែលកន្លងមកអូស្ត្រាលី បានផ្ដល់ជំនួយនិងហិរញ្ញប្បទាន ជាបន្តបន្ទាប់ដល់កម្ពុជា ។

ដើម្បីជួយកម្ពុជា ក្នុងការស្ដារសេដ្ឋកិច្ច ប្រកបដោយភាពធន់ឡើងវិញ រដ្ឋាភិបាលអូស្ត្រាលី គ្រោងនឹងផ្ដល់ហិរញ្ញប្បទានឥណទានសំណង ដល់កម្ពុជារហូតដល់ជាង១០០លានដុល្លារអាមេរិករហួតដល់ឆ្នាំ២០៣០ ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្រោយជំនួបរវាងរដ្ឋមន្ត្រីសេដ្ឋកិច្ច និងអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា។

លោក Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជាបានមានប្រសាសន៍ ក្នុងជំនួបកាលពីថ្អៃទី៣១មីនា ២០២២ថា ជាការអបអរសាទរសម្រាប់ខួបទី៧០ឆ្នាំ រវាងប្រទេសទាំងពីរ ភាគីអូស្ត្រាលីតាមរយៈមូលនិធិDFATគ្រោងនឹងផ្ដល់កិច្ចសហប្រតិបត្តិការ ហិរញ្ញប្បទានឥតសំណងថ្មី ក្រោមកម្មវិធីភាពជាដៃគូកម្ពុជា អូស្ត្រាលី សម្រាប់អភិវឌ្ឍសេដ្ឋកិច្ចប្រកប​ដោយភាពធន់ ដែលមានទឹកប្រាក់ចំនួន៨៧លានដុល្លារអូស្ត្រាលី ឬប្រមា​ណ៦៥លានដុល្លារអាមេរិក សម្រាប់រយៈពេល៥ឆ្នាំដំបូង គិតពីឆ្នាំ២០២២ដល់ឆ្នាំ២០២៧ និងអាចបន្តផ្ដល់បន្ថែមរហូតដល់៥៧ លានដុល្លារអូស្ត្រាលី  ឬប្រមាណ៤២លានដុល្លារអាមេរិក សម្រាប់រយៈពេល៣ឆ្នាំបន្ទាប់ទៀត អាចបន្តដល់ពាក់កណ្ដាលឆ្នាំ ២០៣០ ។

កម្មវិធីជំនួយរបស់អូស្ត្រាលី មានគោលបំណងធំៗ៣ ទី១ ជួយជ្រោម​ជ្រែងដល់កម្ពុជា ក្នុងការអភិវឌ្ឍលើផ្នែកកសិកម្ម ដែលមានតម្លៃខ្ពស់ និងចាប់ផ្ដើមលើវិស័យកែច្នៃកសិផល ទី២ សហការជាមួយរាជរដ្ឋាភិបាលកម្ពុជា លើការងារជុំវិញគោនយោបាយពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំងអភិវឌ្ឍន៍សហគ្រាស ដើម្បីជួយជ្រោមជ្រែងកម្ពុជា ក្នុងការពង្រីកទីផ្សាររបស់ខ្លួន និងគាំទ្រអាជីវកម្មកម្ពុជា ដើម្បីលើកកម្ពស់ស្តង់ដារគុណភាពរបស់ខ្លួន ដើម្បីអាចនាំចូលទៅទីផ្សារនានា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទី៣ បន្តវិនិយោគ ដើម្បីពង្រីកវិស័យហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយគុណភាពនៅកម្ពុជា ជាពិសេសនៅក្នុងវិស័យទឹក ថាមពល និងភស្តុភារ ។ កម្មវិធីនេះត្រូវបានផ្ដួចផ្ដើមឡើង និងគិតគូរយ៉ាងល្អិតល្អន់ ស្របតាមយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ និងផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ និងត្រូវបានអនុវត្តបន្ទាប់ពីទទួលបានលទ្ធផលយោជន័យនៃការអនុវត្តកម្មវិធីខ្សែសង្វាក់តម្លៃ កសិកម្មកម្ពុជាជាជំហានទី១ និងទី២ និងកម្មវិធីនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ។

លោកអូន ព័ន្ធមុនីរ័ត្នរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី ដែលបានជួយអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចនៅកម្ពុជា និងសម្ដែងនូវការគាំទ្រពេញទំហឹងចំពោះការប្ដេជ្ញាផ្ដល់ហិរញ្ញប្បទាន ឥតសំណងបន្ថែមសម្រាប់កម្មវិធីថ្មីនេះ ដែលនឹងជួយដល់ការអភីវឌ្ឍវិស័យកសិកម្ម កសិ-ឧស្សាហកម្ម ពាណិជ្ជកម្មនិងវិនិយោគនៅកម្ពុជា ដែលគូសបញ្ជាក់ថា ទោះបីជាពិភពលោកកំពុងស្ថិតនៅក្នុងស្ថានភាពប្រឈមទៅនឹងជំងឺកូវីដ១៩ ដែលប៉ះពាល់ដល់សកម្មភាពសេដ្ឋកិច្ច ពាណិជ្ជ និងជីវភាពរស់នៅប្រចាំថ្ងៃយ៉ាងណាក្ដី រាជរដ្ឋាភិបាលកម្ពុជានៅតែខិតខំ និងត្រៀមលក្ខណៈជាស្រេច ក្នុងការផ្ដល់កិច្ចសហការនិងបន្តគាំទ្រដល់កិច្ច សហប្រតិបត្តិការនានាបន្ថែមទៀត រវាងប្រទេសទាំងពីរ ដើម្បីសម្រេចបាននូវសមិទ្ធផលល្អប្រសើរថ្មីៗបន្ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here