រដ្ឋាភិបាលបន្ទូរបន្ថយពន្ធរថយន្តដើរដោយអគ្គិសនី ដើម្បីជម្រុញការប្រើប្រាស់EVនៅកម្ពុជា

ដោយ៖ សុផារី

ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុតាមរយៈពន្ធដារនិងគយបានកាត់បន្ថយអត្រាពន្ធនាំចូលរថយន្តប្រើដោយអគ្គិសនី ជាមធ្យមរថយន្តធម្មតាពន្ធប្រហែលជា១២២ភាគរយ ប៉ុន្តែរថយន្តប្រើអគ្គិសនីពន្ធគឺ៦៣ភាគរយ ដូច្នេះកាត់បន្ថយ៥០ភាគរយ។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងដូច្នេះក្នុងពិធីតាំងពិព័រណ៍យានយន្តអគ្គិសនី និងសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពលសម្រាប់យានយន្តអគ្គិសនី កាលពីចុងសប្តាហ៍កន្លងមកថា ការបន្ទូរពន្ធនាំចូលរថយន្តដើរដោយអគ្គិសនី នឹងជួយលើកកម្ពស់ការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជាឱ្យកាន់តែច្រើនដើម្បីកាត់បន្ថយការបំភាយឧស្ម័នកាបូនឌីអុកស៊ីត (CO2) ចេញពីយានយន្ត។

លោកបានបន្តថា ឆ្លើយតបទៅនឹងបញ្ហាការ ប្រែប្រួលអាកាសធាតុ ប្រទេសនានានៅក្នុងពិភពលោក និងតំបន់បានបង្វែរការយកចិត្តទុកដាក់ ទៅលើការប្រើប្រាស់យានយន្តអគ្គិសនី ដែលមានការកើនឡើងជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ ។

លោកបានបញ្ជាក់ថា ក្រសួងសាធារណការសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍នានា បាននិងកំពុងធ្វើការងារមួយចំនួនពាក់ព័ន្ធទៅនឹងការអភិវឌ្ឍ និងការលើកកម្ពស់ការប្រើប្រាស់យានយន្តអគ្គិសនី ដូចជា ការរៀបចំសេចក្តីព្រាងគោលនយោបាយជាតិស្តីពីអភិវឌ្ឍ វិស័យដឹកជញ្ជូនផ្លូវគោកលើកទឹកចិត្តដល់ការប្រើប្រាស់យានយន្តអគ្គិសនី ការលើកទឹកចិត្តឱ្យមានការបង្គុំដំឡើង និងការផលិតយានយន្តអគ្គិសនីនៅកម្ពុជា ការចងក្រងឯកសារគតិយុត្ត ដើម្បីគាំទ្រដល់ការអភិវឌ្ឍយានយន្តអគ្គិសនី ការកំណត់យកបទដ្ឋានបច្ចេកទេស និងការរៀបចំផែនទីបង្ហាញផ្លូវក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ជាដើម៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here