កម្ពុជាស្រូបទុនវិនិយោគពីក្រុមហ៊ុនម៉ាឡេស៊ីចំនួន១៦២គម្រោង ក្នុងទុនសរុបប្រមាណ៣,២ពាន់លានដុល្លារអាមេរិក

ដោយ៖ សុផារី

ភ្នំពេញ៖ គិតត្រឹមដំណាច់ខែកុម្ភៈឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានស្វាគមន៍ និងចុះបញ្ជីគម្រោងវិនិយោគរបស់ក្រុមហ៊ុនម៉ាឡេស៊ីចំនួន១៦២គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ៣,២ពាន់លានដុល្លារអាមេរិក។

នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២នេះក្នុងឱកាសជំនួបពិភាក្សាការងារជាមួយលោក Haji Mohd Ali Bin Mohd Rustam អភិបាលរដ្ឋម៉ាឡាកានៃប្រទេសម៉ាឡេស៊ីនិងលោក Eideen Husalni Mohd Hashim ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជាផងដែរ។

នៅក្នុងជំនួបនោះ លោក Haji Mohd Ali Bin Mohd Rustam និងគណៈប្រតិភូក៏បានបង្ហាញពីចំណាប់អារម្មណ៍លើការវិនិយោគក្នុងវិស័យអប់រំនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អចលនទ្រព្យ រ៉ែ និងថាមពល ។ល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Haji Mohd Ali Bin Mohd Rustam បានសន្យានឹងធ្វើការពាំនាំយកនូវព័ត៌មានស្តីពីសក្តានុពលវិនិយោគនៅកម្ពុជា និងការអភិវឌ្ឍរីកចម្រើនទាំងឡាយទៅជម្រាបជូនមិត្តភក្តិ និងវិនិយោគិនម៉ាឡេស៊ីនៅរដ្ឋម៉ាឡាកា ដើម្បីឱ្យបានជ្រាបរួចមកសិក្សានិងពិនិត្យលទ្ធភាពបណ្តាក់ទុននៅកម្ពុជា ឱ្យបានកាន់តែច្រើនថែមទៀត និងដើម្បីបន្តរឹតចំណងមិត្តភាព និងទំនាក់ទំនងនៃប្រជាជាតិទាំងពីរ។

លោក នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការប្ដេជ្ញារបស់ឯកឧត្តម អភិបាលរដ្ឋម៉ាឡាកាក្នុងការកៀរគរវិនិយោគិនម៉ាឡេស៊ីនៅរដ្ឋម៉ាឡាកាមកកាន់កម្ពុជា និងបានបង្ហាញពីទឹកចិត្តសោមនស្ស និងការត្រៀមរួចជាស្រេចក្នុងការផ្តល់ព័ត៌មានស្តីពីវិនិយោគនិងសម្របសម្រួលរាល់ដំណើរទស្សនកិច្ចរបស់វិនិយោគម៉ាឡេស៊ីដទៃទៀតនាពេលខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here