ដោយ៖ ម៉ាលីស
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងក្រសួងរ៉ែនិងថាមពលបានចេញសេចក្តីប្រកាសរួមគ្នា នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ស្តីពីការកំណត់រូបមន្តសម្រាប់កែសម្រួលថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា។
សេចក្តីប្រកាសអន្តរក្រសួងបានឱ្យដឹងថា ក្នុងការគណនាថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាត្រូវធ្វើឡើង៣ដងក្នុងមួយខែគឺ នៅថ្ងៃទី១ ថ្ងៃទី១១ និងនៅថ្ងៃទី២១ នៃខែនីមួយៗ។ ក្នុងនោះរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អាចចេញសេចក្តីជូនដំណឹងភ្លាមៗដោយកំណត់ឱ្យចេញថ្លៃលក់រាយជូនក្រុមហ៊ុនប្រេងឥន្ធនៈនៅក្នុងរយៈពេល១០ថ្ងៃម្តងឬ១៥ថ្ងៃម្តងតាមការចាំបាច់។
ក្នុងសេចក្តីប្រកាសដដែលក៏បានកំណត់ថា គ្រប់ស្ថានីយលក់រាយប្រេងឥន្ធនៈទាំងអស់ត្រូវមានប្រភេទផលិតផល ប្រេងសាំងធម្មតា និងប្រភេទផលិតផលប្រេងម៉ាស៊ូត លក់ក្នុងតម្លៃមិនលើសពីថ្លៃ ដែលបានក្រសួងពាណិជ្ជកម្មកំណត់ឡើយ។
គ្រប់ស្ថានីយលក់រាយប្រេងឥន្ធនៈទាំងអស់មិនអនុញ្ញាតឱ្យលក់តែប្រេងសាំងស៊ុបពែរតែមួយមុខ ដោយមិនមានលក់ប្រេងម៉ាស៊ូតនិងប្រេងសាំងធម្មតាបានទេ។
ចំពោះស្ថានីយប្រេងឥន្ធនៈទាំងឡាយណា ដែលលក់លើសតម្លៃកំណត់របស់ក្រសួងពាណិជ្ជកម្ម ឬលក់តែប្រេងសាំងស៊ុបពែរមិនលក់ប្រេងសាំងធម្មតា ឬក៏ប្រេងម៉ាស៊ូត កំណត់ពិន័យជាប្រាក់មិនលើសពី៤លានរៀល។ ក្នុងករណីទទួលរងការពិន័យម្តងរួចហើយនៅតែបន្តប្រព្រឹត្តបទល្មើសដដែល ស្ថានីយលក់រាយប្រេងឥន្ធនៈនោះអាចនឹងរងនូវការឱ្យបិទផ្អាកប្រតិបត្តិការជាបណ្តោះអាសន្ន។
សេចក្តីប្រកាសរួមរបស់ក្រសួងបីនេះបានធ្វើឡើងក្រោយពីប្រេងឥន្ធនៈឡើងថ្លៃក្នុងរយៈពេល១៥ថ្ងៃគិតចាប់ពីថ្ងៃទី១៦ ខែមីនាដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ នោះគឺប្រេងសាំងធម្មតា ត្រូវបានលក់ស្មើនឹងប្រេងម៉ាស៊ូតថ្លៃ៥៣០០រៀល ក្នុង១លីត្រ។ រីឯប្រេងសាំងស៊ុបពែរមិនត្រូវបានក្រសួងកំណត់ថ្លៃទេតែស្ថានីយប្រេងបានលក់ក្នុងតម្លៃ៥៨៥០រៀលទៅ ៥៩០០រៀល ក្នុង១លីត្រ៕