ក្រសួងពាណិជ្ជកម្មពិនិត្យបញ្ចប់សេចក្តីព្រាងកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសកាតា

ដោយៈគង់ សិរីម៉ាលីនណា

ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ពិនិត្យបញ្ចប់សេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិ​ជ្ជកម្ម និងបច្ចេកទេសរវាងកម្ពុជា និងកាតា។

លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាលើខ្លឹមសារ និងពន្លឿនបញ្ចប់សេចក្ដីព្រាង នៃកិច្ចព្រមព្រៀងស្ដីពី កិច្ចសហប្រតិបត្តិការសេដ្ឋ​កិច្ចពាណិជ្ជកម្ម និងបច្ចេកទេសរវាងកម្ពុជា-កាតា ដែលមានការអញ្ជើ​ញចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធសរុបចំនួន១២ស្ថាប័ន។

លោកបានលើកឡើងថា ដោយបានឆ្លងកាត់ការចរចា និងការត្រួតពិនិត្យកម្រិតអន្តរក្រសួង ព្រមទាំងកម្រិតបច្ចេកទេសទ្វេភាគី ជាច្រើនដងរួចមក ក្នុងគោលបំណងទាញអត្ថប្រយោជន៍ ជាអតិបរមាសម្រាប់កិច្ចសហប្រតិបត្តិការទ្វេរភាគី កាន់តែស៊ីជម្រៅនាពេលខាងមុខ ភាគីទាំងពីរបានឯកភាពស្ទើរតែទាំងស្រុងលើខ្លឹមសារ នៃសេចក្តីព្រាងនៃកិច្ចព្រមព្រៀងនេះ ហើយអាចពន្លឿនបញ្ចប់សេចក្ដីព្រាង នៃកិច្ចព្រមព្រៀងខាងលើ ដើម្បីអាចឈានដល់ការចុះហត្ថលេខា នាពេលវេលាសមស្របខាងមុខ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបញ្ជាក់ថា សេចក្តីព្រាងនៃកិច្ចព្រមព្រៀងស្តីពី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្ម និងបច្ចេកទេសរវាងកម្ពុជា និងកាតា បានបញ្ចូលកិច្ចសហប្រតិបត្តិការ លើវិស័យអាទិភាពសំខាន់ៗជាច្រើន រួមមាន៖ វិស័យពាណិជ្ជកម្ម ពន្ធគយ វិនិយោគ ឧស្សាហកម្ម កសិកម្ម ទូរគមនាគមន៍ រ៉ែនិងថាមពល វិទ្យាសាស្រ្ត ទេសចរណ៍ ការដឹកជញ្ជូន។-ល-។

កិច្ចព្រមព្រៀងនេះ នឹងផ្តល់នូវមូលដ្ឋានគតិយុត្តជាសារវ័ន្ត សម្រាប់កាលានុវត្តភាព នៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា និងកាតា នាពេលអនាគត សំដៅបង្កើនទំហំពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីឱ្យកាន់​តែប្រសើរថែមមួយកម្រិតទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here