ប្រមុខរដ្ឋាភិបាលស្នើពិនិត្យការបន្ថែមល្បឿនបើកបរដល់១០០គីឡូម៉ែត្រក្នុងមួយម៉ោងសម្រាប់ផ្លូវធំៗ

ដោយៈ សុផារី

ភ្នំពេញៈ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុន សែន នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ បានណែនាំដល់មន្ត្រីជំនាញ ពិនិត្យពីការកំណត់បន្ថែមល្បឿនឱ្យឡើងដល់ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង នៅតាមផ្លូវដែលមានទំហំធំៗ ជាពិសេសផ្លូវសំខាន់ៗ ដែលមានទំហំធំ និងមានគន្លងផ្លូវហើយស្រាប់។


សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃខាងមុខ អាចនឹងមានការបង្កើនល្បឿន ព្រោះផ្លូវនេះវាមានកន្លែង អាចបើកបាន៨០គីឡូម៉ែត្រក្នុងមួយម៉ោង និង៤០គីឡូម៉ែត្រក្នុងមួយម៉ោង ប៉ុន្តែនៅមានអ្នកភាន់ច្រឡំត្រង់ថាឃើញគេដាក់លេខ៤០ ក៏បើក៤០រហូត តាំងពីកំពតដល់ភ្នំពេញ ទោះបីចូលដល់កន្លែងដែលមានសញ្ញាសម្គាល់៨០ហើយ ក៏អត់ហ៊ានបើក ព្រោះអត់បានមើលកន្លែងដ៏ទៃទៀត ចឹងហើយអាកន្លែងធំគេឱ្យបើក ៨០ក្នុងមួយម៉ោង អាកន្លែងតូចបើក៤០ក្នុងមួយម៉ោង។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា “ខ្ញុំគិតថា៨០គីឡូម៉ែត្រក្នុងមួយម៉ោងអាចនឹងយឺតជាង។ ផ្លូវល្បឿនលឿនគឺ១២០គីឡូ ដែលបន្តិចទៀត នឹងតភ្ជាប់រវាងទីក្រុងភ្នំពេញ និងខេត្តព្រះសីហនុ ដែលកំពុងសាងសង់ដោយក្រុមហ៊ុនចិន”។ សម្តេចបន្តថា “ឥលូវនេះសម្រាប់យើង នៅពេលដែលយើងមានគន្លងផ្លូវយ៉ាងនេះ គន្លងផ្លូវបែបនេះគឺកំពុងតែមាននៅក្នុងផ្លូវជាតិលេខ៣ផង ផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ១”។

សម្តេចបន្តថា អញ្ចឹង​តើគួរផ្លូវណាបង្កើនល្បឿន អនុញ្ញាតឱ្យឡើងដល់ ១០០ ហើយផ្លូវណាឡើងដល់ប៉ុន្មាន នឹងពិនិត្យអំពីបញ្ហានេះ ព្រោះបើក៤០ជាប់ វានៅគាំងនៅនឹង”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្រាប់ផ្លូវជាតិលេខ៣នេះ សម្តេចតេជោហ៊ុន សែន ក៏បានកោតសរសើរ ពីរៀបចំដាក់កាមេរ៉ាចាប់ល្បឿនទាំង១០ទីតាំង ដែលជាការធ្វើទំនើបកម្មមួយ នៃការសាងសង់ផ្លូវ ដែលអាចធ្វើការកំណត់ល្បឿនរបស់អ្នកបើកបរ បើកបើកហួសល្បឿន គឺគេអាចនឹងធ្វើការចាប់ល្បឿន ហើយនិងនាំយកលិខិតផាកពិន័យដល់ផ្ទះតែម្តង ដែលនេះគឺជាការខិតខំមួយដែរ។

សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ដែរថា ឥលូវនេះយុទ្ធសាស្ត្រ នៃការធ្វើផ្លូវគឺត្រូវបានផ្លាស់ប្តូរហើយ ដែលពីមុនគឺធ្វើឱ្យតែបានវែង ដែលមិនទាន់គិតទៅលើគុណភាពនោះទេ តែមកដល់ឥលូវនេះ គឺចាប់ផ្តើមធ្វើការកែលម្អរឱ្យល្អជាងមុនហើយ ដែលមានតម្លៃថ្លៃជាងពេលមុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here