សម្តេចតេជោ: ការឡើងថ្លៃប្រេងសាំងមិនមែនតែកម្ពុជាទេនិងបង្កផលប៉ះពាល់ពីសង្រ្គាមរវាងរុស្ស៊ីនិងកម្ពុជា

ដោយៈសុផារី

ភ្នំពេញ: សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា ការឡើងថ្លៃប្រេងសាំង មិនមែនតែនៅកម្ពុជានោះទេ តែឡើងនៅទូទាំងពិភពលោក។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ថ្លែងយ៉ាងនេះនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ៣(ភ្នំពេញ-កំពត) ប្រវែងជាង១៣៤គីឡូម៉ែត្រ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២នេះ។

សម្តេចបានស្នើសុំដល់ប្រជាពលរដ្ឋទាំងអស់ មេត្តាយោគយល់ចំពោះការឡើងថ្លៃប្រេងសាំងនៅក្នុងប្រទេសកម្ពុជា។ ការឡើងថ្លៃប្រេងសាំងនេះ មិនមែនមានតែកម្ពុជានោះទេ ពោល គឺឡើងថ្លៃនៅប្រទេសផ្សេងផងដែរ។

សម្តេចបានសម្តែងនូវការព្រួយបារម្ភ ចំពោះសេដ្ឋកិច្ចកម្ពុជា ដែលអាចរងផលប៉ះពាល់ ដោយសារកើនឡើងនៃតម្លៃប្រេង នៅលើពិភពលោក ដែលរុញច្រាន ឲ្យមានការកើនឡើងអតិផរណា ដោយសារកម្ពុជាជាប្រទេសនាំចូលប្រេងទាំងស្រុង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការកើនឡើងនៃតម្លៃប្រេងនេះ បានបន្ថែមបន្ទុកសេដ្ឋកិច្ច ពីលើផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ដែលអូសបន្លាយជាង២ឆ្នាំមកនេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា “អ្វីដែលយើងបាន និងកំពុងមើលឃើញ ប៉ះពាល់ដល់ពិភពលោកសព្វថ្ងៃ គឺប្រេងឡើងថ្លៃ ព្រោះរុស្ស៉ីក៏ជាប្រទេស ផលិតប្រេងមួយដ៏ធំ”។ សម្តេចបន្តថា “ឥឡូវប្រេងចាប់ឡើងថ្លៃ នេះជាផលប៉ះពាល់ ដែលចេញពីសង្គ្រាមនៅរុស្ស៉ី និងអ៊ុយក្រែន ដែលចាប់ផ្តើមដំបូង អាចនឹងធ្វើឲ្យសេដ្ឋកិច្ចពិភពលោក ដែលកំពុងញុំាញីដោយជំងឺកូវីដ១៩ ក្លាយទៅជាការដាក់បន្ទុកបន្ថែម ចេញពីសង្គ្រាមរុស្ស៉ី និងអ៊ុយក្រែន”។

សម្តេចបន្តថា “សេដ្ឋកិច្ចរបស់កម្ពុជា រងផលប៉ះពាល់ពីកូវីដ១៩ ក៏ប៉ុន្តែអាចនឹងរងផលប៉ះពាល់បន្ថែមទៀត ដោយសារតែសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន ហើយកំពុងតែពង្រីង ទៅជាសង្គ្រាមរុស្ស៉ីជាមួយអឺរ៉ុប។ យើងបានមើលឃើញផលប៉ះពាល់ ដល់ពិភពលោកនិយាយជារួម និងនិយាយដោយឡែកចំពោះកម្ពុជា គឺប្រេងឡើងថ្លៃ ហើយនឹងអាចរុញអតិផរណា នៅតាមបណ្តាប្រទេសផ្សេងៗឱ្យកើនខ្ពស់ ដោយសារតម្លៃប្រេង”៕

LEAVE A REPLY

Please enter your comment!
Please enter your name here