តើការកាត់ផ្តាច់ប្រព័ន្ឋទូទាត់ប្រាក់សកល (SWIFT) របស់អាមេរិកលើរុស្ស៊ីនឹងបង្កផលវិបាកបែបណាដល់រុស្ស៊ី

ដោយៈសុខុម

វ៉ាស៊ីនតោន: ក្នុងចំណោមទណ្ឌកម្មនានាប្រឆាំងរុស្ស៊ី ចំពោះការបញ្ឆេះសង្គ្រាមចូលឈ្លានពាន ប្រទេសអ៊ុយក្រែន គេមើលឃើញថា ប្រព័ន្ធផ្ទេរប្រាក់ ឬទូទាត់ប្រាក់អន្តរជាតិ SWIFT គឺជាទម្រង់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតមួយដែលអាមេរិក និងសម្ព័ន្ធមិត្តមិនចង់ប្រើប្រាស់ ព្រោះវាស្មុគស្មាញ និងមានផលប៉ះពាល់ខ្លាំង ប៉ុន្តែពេលនេះលែងមានជម្រើសទៀតហើយ។

ប៉ុន្តែទីបំផុត សហរដ្ឋអាមេរិក អង់គ្លេស អឺរ៉ុប និងកាណាដា កាលពីថ្ងៃសៅរ៍ ទី២៦ កុម្ភៈ បានបង្ខំចិត្តចាត់វិធានការកាត់ផ្ដាច់ប្រទេសរុស្ស៊ី ចេញពីប្រព័ន្ធទូទាត់អន្តរជាតិ SWIFT ដែលជាប្រព័ន្ឋទូទាត់សាច់ប្រាក់ដ៏សំខាន់នៅលើពិភពលោក។ នេះគឺជាផ្នែកមួយនៃការដាក់ទណ្ឌកម្មជុំថ្មីមួយទៀតលើរដ្ឋាភិបាលក្រុងមូស្គូ នៅពេលរុស្ស៊ី នៅតែបន្តវាយសម្រុកទៅលើអ៊ុយក្រែន។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃអាទិត្យ ទី២៧ កុម្ភៈ។

បណ្តាប្រទេសទាំងនេះ បានចេញសេចក្តីថ្លែងការណ៍រួមថា វិធានការទាំងនេះ ដែលនឹងរួមបញ្ចូលទាំងការរឹតបន្តឹង លើទុនបម្រុងអន្តរជាតិរបស់ធនាគារកណ្តាលរុស្ស៊ីផងដែរនោះ នឹងត្រូវអនុវត្តន៍នៅប៉ុន្មានថ្ងៃខាងមុខនេះ ហើយក៏បានប្ដេជ្ញាចាត់វិធានការប្រឆាំងរុស្ស៊ី បន្ថែមទៀតផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បណ្ដាមេដឹកនាំនៃគណៈកម្មការអឺរ៉ុប បារាំង អាល្លឺម៉ង់ អ៉ីតាលី អង់​ គ្លេស កាណាដា និងសហរដ្ឋអាមេរិក បានលើកឡើងក្នុងសេចក្ដីការណ៍នោះថា “យើងនឹងចាប់ឱ្យរុស្ស៊ី ទទួលខុសត្រូវ ហើយយើងនឹងរួមគ្នាជាធ្លុងមួយដើម្បីធានាថា សង្រ្គាមនេះ (សង្គ្រាមនៅអ៊ុយក្រែន) គឺជាការបរាជ័យផ្នែកយុទ្ធសាស្រ្តសម្រាប់ ពូទីន”។

មេដឹកនាំទាំងនេះ បានលើកឡើងបន្ថែមទៀតថា “លើសពីវិធានការដែលយើងកំពុងប្រកាសនៅថ្ងៃនេះ យើងក៏ត្រៀមចាត់វិធានការបន្ថែមទៀតដែរដើម្បីចាប់ឱ្យរុស្ស៊ី ទទួលខុសត្រូវ ចំពោះការវាយប្រហាររបស់ខ្លួនលើប្រទេសអ៊ុយក្រែន”។

ចំណាត់ការថ្មីនេះធ្វើឡើង បន្ទាប់ពីសហរដ្ឋអាមេរិក និងបណ្ដាសម្ព័ន្ធមិត្តរបស់ខ្លួនកាលពីសប្តាហ៍កន្លងទៅ បានដាក់ទណ្ឌកម្មលើធនាគារធំៗរបស់រុស្ស៊ី ក៏ដូចជា លើប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន ដោយផ្ទាល់ផងដែរ ខណៈកងកម្លាំងរបស់ក្រុងមូស្គូ បានបន្តធ្វើការវាយប្រហាររុលចូលកណ្ដាលរដ្ឋធានីគៀវ ដែលជាបេះដូងនៃប្រទេសអ៊ុយក្រែន។

វិធានការទាំងនេះធ្វើឡើង ដើម្បីរារាំងលោក ពូទីន ពីការប្រើប្រាស់ថវិ​ការហូតដល់ទៅ៦៣០ពាន់លានដុល្លារអាមេរិក ដែលមាននៅក្នុងទុនបម្រុងអន្តរជាតិរបស់ធនាគារកណ្ដាលរុស្ស៊ី ដើម្បីឆ្លើយតបទៅនឹងសង្គ្រាមចូលឈ្លានពានប្រទេសអ៊ុយក្រែន។

ការកាត់ផ្ដាច់ធនាគារនានារបស់ប្រទេសរុស្ស៊ី ចេញពីប្រព័ន្ធ SWIFT គឺជាការវាយប្រហារយ៉ាងធ្ងន់ធ្ងរ ទៅលើពាណិជ្ជកម្មរុស្ស៊ី ហើយវានឹងធ្វើឱ្យបណ្ដាក្រុមហ៊ុនរុស្ស៊ី ជួបការលំបាកកាន់តែខ្លាំង នៅក្នុងការធ្វើពាណិជ្ជកម្ម។ ក្នុងមួយឆ្នាំៗ ប្រាក់ជាច្រើនទ្រីលានដុល្លារអាមេរិក ត្រូវបានផ្ទេរ ឬទូទាត់ដោយប្រើប្រាស់ប្រព័ន្ធ SWIFT។

មន្ត្រីជាន់ខ្ពស់មួយរូបនៃរដ្ឋាភិបាលអាមេរិក បានអះអាងថា “រដ្ឋាភិបាលរបស់ពូទីន នឹងត្រូវបានកាត់ផ្ដាច់ចេញ ពីប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ”៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here