ក្រសួងពាណិជ្ជកម្មបើកច្រកទីផ្សារជំរុញការនាំចេញដំឡូងមីស្ងួតកម្ពុជា៤០ម៉ឺនតោនទៅកាន់ប្រទេសចិន

ដោយៈ ម៉ាលីស

ភ្នំពេញៈ ក្រសួងពាណិជ្ជកម្មកម្ពុជា បានរៀបចំពិធីចុះហត្ថលេខាស្តីពី កិច្ចសហប្រតិបត្តិការជំរុញពាណិជ្ជកម្ម រវាងអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម និងមន្ទីរពាណិជ្ជកម្មនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ ដើម្បីនាំចេញដំឡូងមីស្ងួតកម្ពុជា ទៅកាន់ទីផ្សារមួយនេះបន្ថែមទៀត។

លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានបង្ហាញពីសេចក្តីសោមនស្សរីករាយជាខ្លាំង ដែលបានចូលរួមជាមួយ អភិបាលខេត្ត នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើ ការពង្រឹងកិច្ចសហប្រតិបត្តិការ ជំរុញពាណិជ្ជកម្មរវាង អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា និងមន្ទីរពាណិជ្ជកម្ម នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណៈរដ្ឋប្រជាមានិតចិន។

លោកក៏បានអបអរសាទរចំពោះសមិទ្ធិផលដ៏ធំ ដែលដំឡូងមីស្ងួតកម្ពុជាចំនួន ៤០ម៉ឺនតោន នឹងត្រូវនាំចេញទៅកាន់ប្រទេសចិន ចាប់ពីខែមីនា ឆ្នាំ២០២២ ដល់ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ។

លោកប៉ាន សូរស័ក្តិបានសំណូមពរដល់ អភិបាលខេត្តក្វាងស៊ី ឱ្យបន្តគាំទ្រ និងសម្របសម្រួលដល់ការនាំចូល ដំឡូងមីស្ងួតកម្ពុជាទៅកាន់តំបន់ស្វយ័តក្វាងស៊ី និងស្នើជំរុញបន្ថែមដល់ក្រុមហ៊ុនចិន ដើម្បីបន្តរៀបចំអនុ ស្សរណៈយោគយល់គ្នា ក្នុងការនាំចូលអង្ករ ពោត ស្វាយ ចេក និងផលិតផល សក្តានុពលផ្សេងៗទៀតរបស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន ជាពិសេសទៅកាន់តំបន់ស្វយ័តក្វាងស៊ី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេរភាគីរវាងកម្ពុជា-ចិន ត្រូវបានពង្រឹង និងពង្រីកជាបន្តបន្ទាប់ ដោយសារការដឹកនាំប្រកបដោយចក្ខុវិស័យ និងស្មារតីសហប្រតិបត្តិការរបស់ថ្នាក់ដឹកនាំកំពូលទាំងពីរ ក៏ដូចជាការចុះហត្ថលេខា លើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៃប្រទេសទាំងពីរកាលពីឆ្នាំ២០១០ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន កិច្ចព្រមព្រៀង RCEP និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន ដែលសុទ្ធតែបានត្រួសត្រាយផ្លូវសម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រ និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពា​ណិជ្ជកម្ម រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ។

លោកបញ្ជាក់ឱ្យដឹងថា ពីធីការចុះកិច្ចព្រមព្រៀង និងអនុស្សរណៈយោគយល់គ្នា រវាងអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម និងមន្ទីរពាណិជ្ជកម្ម នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រឹកនេះ មានចំនួនបី រួមមាន៖ ទី១-អនុស្សរណៈស្តីពីការពង្រឹង កិច្ចសហប្រតិបត្តិការជំរុញពាណិជ្ជកម្ម រវាងនាយកដ្ឋានពាណិជ្ជកម្មនៃតំបន់ស្វយ័តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន និងអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា។

ទី២-កិច្ចសន្យា ទិញលក់ដំឡូងមីស្ងួត រវាងក្រុមហ៊ុន Guangxi Rural Investment Group Agricultural Products Business Service Co., Ltd. និងក្រុមហ៊ុន Hang Harvest Agriculture Co., Ltd.។

ទី៣-អនុស្សរណៈយោគយល់គ្នាស្តីពី ពាណិជ្ជកម្មដំឡូងមីស្ងួតរវាងក្រុមហ៊ុន Guangxi Rural Investment Group Agricultural Products Business Service Co., Ltd. និងក្រុមហ៊ុន Hang Harvest Agriculture Co., Ltd. និងទី៤-អនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការដំឡូងមីស្ងួតឆ្នាំ២០២២ ដោយក្រុមហ៊ុន Guangxi Rural Investment Group Co., Ltd. Yuhua Hongda (Cambodia) Agriculture Development Co., Ltd. និងក្រុមហ៊ុន Hang Harvest Agriculture Co., Ltd.។

លោក LAN Tianli អភិបាលខេត្តក្វាងស៊ីប្រទេសចិនបានឱ្យដឹងថាប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេច ក្នុងការនាំចូលផលិតផល ដែលមានគុណភាពកាន់តែច្រើន ពីបណ្តាប្រទេសអាស៊ាន រួមទាំងការទិញផលិតផលកសិកម្ម ដែលមានតម្លៃដល់ទៅ១៥០ពាន់លានដុល្លារអាមេរិក ហើយពិធីចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នា និងកិច្ចសន្យាទិញលក់ដំឡូងមីស្ងួតនៅថ្ងៃនេះ គឺជាសកម្មភាពជាក់ស្តែងមួយ ដើម្បីអនុវត្តសេចក្តីណែនាំរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ប្រទេសចិន៕

LEAVE A REPLY

Please enter your comment!
Please enter your name here