ប្រទេសកម្ពុជា និងអ៊ីរ៉ង់ជំរុញនិងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី

ដោយៈម៉ាលីនណា

ភ្នំពេញៈ លោកពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានទទួលជួបលោក Ali Akbar Nazari ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ប្រចំាកម្ពុជា ដើម្បីពិភាក្សា និងពិនិត្យលទ្ធភាពពង្រីក កិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យពាណិជ្ជកម្មនិងវិនិយោគ ជាពិសេសការបង្កើនទំហំពាណិ​ជ្ជកម្ម និងវិនិយោគទ្វេភាគី នាពេលខាងមុខ។

លោករដ្ឋលេខាធិការបានមានប្រសាសន៍ថថា តាមរយៈតួនាទីការទូតដ៏មានសារៈសំខាន់ ផ្សារភ្ជាប់នឹងចក្ខុវិស័យវែងឆ្ងាយរបស់លោក ឯកអគ្គ​រដ្ឋទូត ភាគីទាំងពីរនឹងមានលទ្ធភាព ពង្រឹងទំនាក់ទំនងទ្វេភាគី ជាពិសេសពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យពាណិជ្ជកម្ម និងវិនិយោគឱ្យកាន់តែខ្ពស់មួយកម្រិតទៀត។

លោកបានជម្រាបជូន លោក Ali Akbar Nazari អំពីកាលានុវត្តភាពវិនិយោគ និងបរិយាកាសធុរកិច្ចនៅកម្ពុជា ដែលមានលក្ខណៈអំណោយផល​ដល់វិនិយោគិន និងធុរជនទាំងក្នុងស្រុកនិងបរទេស ប្រកបដោយបរិយាប័ន្ន និងចីរភាព។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទន្ទឹមនឹងនោះ ក៏បានលើកទឹកចិត្តវិនិយោគិនអ៊ីរ៉ង់ឱ្យចាប់យកឱកាសផ្នែកសេដ្ឋកិច្ចនៅកម្ពុជា តាមរយៈការបង្កើតផលិតកម្ម ឬការចូលរួម ក្នុងខ្សែច្រវ៉ាក់ផលិតកម្មក្នុងតំបន់ ឬការវិនិយោគលើផលិតផលសក្តានុពលរបស់កម្ពុជា រួមមាន៖ អង្ករ កៅស៊ូ ដំឡូង ចេក ស្វាយ ទំនិញសម្រាប់ការធ្វើដំណើរ កង់ និងវាយនភ័ណ្ឌ ដើម្បីអាចប្រើប្រាស់ពិពិធកម្មទីផ្សារសម្រាប់ការនាំចេញ ផ្តល់ដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជាសម្រេចបាន ក្នុងក្របខណ្ឌទ្វេភាគីរវាងកម្ពុជា-ចិននិងកម្ពុជា-កូរ៉េ ក្របខណ្ឌអាស៊ានបូកដៃគូ និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយតំបន់ (RCEP)។

លោក Ali Akbar Nazari បានកោតសសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្របសម្រួល និងដឹកនាំសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងឱកាសដែលកម្ពុជាជាប្រធានអាស៊ាន២០២២ និងជាពិសេសក្នុងការប្រយុទ្ធប្រឆាំង និងគ្រប់គ្រងជំងឺកូវីដ-១៩ បានល្អប្រសើរ ព្រមទាំងបានបើកសកម្មភាពសេដ្ឋកិច្ច-សង្គមលើគ្រប់វិស័យទូទាំងប្រទេស ក្នុងគន្លងប្រក្រតីភាពថ្មី។

លោកបានមានប្រសាសន៍ថា ប្រទេសទាំងពីរសុទ្ធសឹងតែមានសក្តានុពល ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម ដែលអាចបំពេញឱ្យគ្នាទៅវិញទៅមក តាមរយៈការផ្លាស់ប្តូរផលិតផលសក្តានុពល និងការផ្តល់ច្រកទីផ្សារសក្តានុពល សម្រាប់ការនាំចេញទៅក្នុងតំបន់មជ្ឈឹមបូព៌ា និងអាស៊ាន ដែលមានប្រជាជនសរុបប្រមាណ១,២០០ លាននាក់។

លោកក៏បានធ្វើការចាប់អារម្មណ៍ លើកិច្ចសហប្រតិបត្តិការជាសារវ័ន្ត រួមមាន តំបន់សេដ្ឋកិច្ចពិសេស ការវិនិយោគ និងកិច្ចសហការរវាងសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរ និងបានបង្ហាញអំពីបំណងក្នុងការផ្គត់ផ្គង់មុខទំនិញសក្តានុពលរបស់អ៊ីរ៉ង់រួមមាន ថ្នាំពេទ្យ ប្រេងនិងឧស្ម័ន និងឥន្ធនៈជាដើម។

លោកឯកអគ្គរដ្ឋទូត បានស្នើឱ្យភាគីទាំងពីរពិនិត្យលទ្ធភាពបង្កើតគណៈកម្មាធិការសេដ្ឋកិច្ចចម្រុះ ដើម្បីអាចប្រើប្រាស់ជាក្របខណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដូចដែលភាគីអ៊ីរ៉ង់មានជាមួយថៃ វៀតណាម ម៉ាឡេស៊ី ចិន និងរុស្ស៊ី ។ល។ តាមរយៈក្របខណ្ឌនៃគណៈកម្មាធិការសេដ្ឋកិច្ចចម្រុះនេះ ភាគីទាំងពីរអាចពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងគ្រប់វិស័យដែលជាសក្តានុពល សំដៅបម្រើដល់ខឿនអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិរបស់ប្រទេសទាំងពីរ។

លោករដ្ឋលេខាធិការបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបើកជំហរ និងស្វាគមន៍រាល់កិច្ចសហប្រតិបត្តិការ ដែលអាចចូលរួមចំណែកក្នុងបច្ច័យ នៃការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព សម្រាប់ប្រជាជាតិទាំងមូល។ ក្រសួងពាណិជ្ជកម្មកម្ពុជា នឹងពិចារណាលើសំណើររបស់ភាគីអ៊ីរ៉ង់ និងជួយសម្របសម្រួលកិច្ចសហប្រតិបត្តិការ ក្នុងវិស័យសក្តានុពលដទៃទៀតនាពេលអនាគត សំដៅដល់ការលើកកម្ពស់ការធ្វើធុរកិច្ច និងវិនិយោគរវាងគ្នា ការចែករំលែកទៅវិញទៅមកនូវចំណេះដឹង និងបទពិសោធន៍ល្អៗ ការពង្រឹងភាពជាដៃគូ បំពេញឱ្យគ្នាទៅវិញទៅមក និងជាពិសេសការជំរុញកំណើនទំហំពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ដែលបច្ចុប្បន្ននៅមានទំហំតិចតួចនៅឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here