ទីផ្សារទូទាំងអាស៊ីដាំក្បាលចុះ ខណៈភាពតានតឹងរវាងអ៊ុយក្រែន និងរុស្ស៊ី ឡើងកម្ដៅកាន់តែខ្លាំង

ដោយៈសុខុម

ហុងកុង: ទីផ្សារទូទាំងតំបន់អាស៊ី បានដាំក្បាលចុះនៅព្រឹកថ្ងៃអង្គារ ទី២២ កុម្ភៈ នេះ ខណៈភាពតានតឹងរវាងអ៊ុយក្រែន និងប្រទេសរុស្ស៊ី បានបន្តឡើងកម្ដៅកាន់តែខ្លាំង។

សន្ទស្សន៍ផ្សារភាគហ៊ុនជប៉ុន Nikkei បានធ្លាក់ចុះ២% នៅក្នុងការជួញដូរនាព្រឹកនេះ ហើយផ្សារភាគហ៊ុនក្រុងហុងកុង Hang Seng ធ្លាក់ចុះ២,២% ផ្សារភាគហ៊ុនកូរ៉េ Kospi ធ្លាក់ចុះ១,៤% ផ្សារភាគហ៊ុនក្រុងសៀងហៃ Shanghai Composite របស់ប្រទេសចិន ធ្លាក់ចុះជាង១% ហើយចំណែកឯផ្សារភាគហ៊ុនអូស្ត្រាលី S&P/ASX 200 ក៏ធ្លាក់ចុះជាង១%។

ការដាំក្បាលចុះនៃទីផ្សារភាគហ៊ុនទូទាំងតំបន់អាស៊ីនេះ កើតមានឡើង ក្រោយមានការធ្លាក់ចុះស្រដៀងគ្នា សម្រាប់ទីផ្សារភាគហ៊ុនអាមេរិក កាលពីល្ងាចថ្ងៃច័ន្ទ ទី២១ កុម្ភៈ ម៉ោងនៅក្នុងស្រុក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បណ្ដាផ្សារភាគហ៊ុនអាមេរិក សុទ្ធតែបានធ្លាក់ចុះរួមមានផ្សារភាគហហ៊ុន Dow Jones ធ្លាក់ចុះ១,៣% ផ្សារភាគហ៊ុន S&P 500 ធ្លាក់ចុះប្រមាណ២,២% ខណៈផ្សារភាគហ៊ុន Nasdaq ធ្លាក់ចុះ៣,២៦%។

នៅមុននេះ ប្រធានាធិបតីរុស្ស៊ី លោកវ្លាឌីមៀ ពូទីន បានបញ្ជាឱ្យទាហានរុស្ស៊ី ចូលលុកលុយក្នុងតំបន់ផ្ដាច់ខ្លួនចំនួន២ ដែលគាំទ្ររដ្ឋាភិបាលក្រុងមូស្គូ នៅភាគខាងកើតនៃទឹកដីអ៊ុយក្រែន បន្ទាប់ពីរុស្ស៊ីប្រកាសទទួលស្គាល់ឯករាជ្យភាព នៃតំបន់ទាំង២នោះកាលពីថ្ងៃច័ន្ទទី២១ កុម្ភៈ។

ភាពតានតឹងដែលឡើងកម្ដៅកាន់តែខ្លាំងនេះ បានធ្វើឱ្យតម្លៃប្រេងនៅលើទីផ្សារអន្តរជាតិហក់ឡើងខ្ពស់។ តួយ៉ាង ប្រេងឆៅនៅលើទីផ្សារសហរដ្ឋអាមេរិក បានហក់ឡើង៣,៥% ឈានដល់៩៤,២៤ដុល្លារ ក្នុងមួយបារ៉ែល ខណៈប្រេងឆៅនៅលើទីផ្សារអង់គ្លេស បានហក់ឡើង២,២% ឈានដល់៩៧,៤២ដុល្លារ ក្នុងមួយបារ៉ែល៕  CNN៕

LEAVE A REPLY

Please enter your comment!
Please enter your name here