រដ្ឋាភិបាលតម្រូវឱ្យគ្រប់សហគ្រាសត្រូវតែដាក់របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំទៅនិយ័តករគណនេយ្យ និងសវនកម្ម

ដោយៈ សុផារី

ភ្នំពេញៈ ចាប់ពីឆ្នាំ២០២២នេះទៅ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនឹងពង្រីកវិសាលភាពនៃការអនុវត្តច្បាប់ ដោយជំរុញឱ្យគ្រប់សហគ្រាសទាំងអស់ ដាក់របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ ទៅកាន់និយ័តករគណនេយ្យ និងសវនកម្ម។

មានប្រសាសន៍ក្នុងវេទិកាស្តីពី “ការដាក់បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុ តាមប្រព័ន្ធអនឡាញ” ផ្សព្វផ្សាយជូនដល់ម្ចាស់សហគ្រាស បានជ្រាបច្បាស់អំពីបែបបទ និងនីតិវិធី ក្នុងការអនុវត្តការតព្វកិច្ច នៃការដាក់បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុតាមប្រព័ន្ធអនឡាញ សម្រាប់សហគ្រាស មិនជាប់កាតព្វកិច្ចរងសវនកម្មឯករាជ្យ លោក ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យ និងសវនកម្ម បានគូសបញ្ជាក់ថា សហគ្រាសណាមិនអនុវត្តន៍នូវកាតព្វកិច្ចនេះ នឹងនាំឱ្យមានការដាក់ទោសទណ្ឌ ដែលជាការពិន័យអន្តរកាល ដូចមានកំណត់នៅក្នុងអនុក្រឹត្យស្តីពី ពិន័យអន្តរការណ៍ចំពោះអំពើល្មើសទៅនឹងច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម។

លោកបានឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០០២មក កម្ពុជាមានច្បាប់ស្តីពីគណនេយ្យសហគ្រាស សវនកម្មគណនេយ្យសហគ្រាស និងវិជ្ជាជីវៈគណ​នេយ្យ ហើយតាមច្បាប់នេះ មានស្ថាប័នពីរត្រូវបានបង្កើតឡើង គឺក្រុមប្រឹក្សា​ជាតិគណនេយ្យ (ក.ជ.គ.) និងវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក។)។

ផ្តើមចេញពីច្បាប់នេះ តម្រូវឱ្យសហគ្រាស និងក្រុមហ៊ុនត្រូវបំពេញកាតព្វកិច្ចមួយចំនួន ជាពិសេសពាក់ព័ន្ធនឹងកាតព្វកិច្ច កាន់បញ្ជីគណនេ​យ្យ និងស្តង់ដារគណនេយ្យស្តង់ដារសវនកម្ម ដែលត្រូវបានដាក់ឱ្យអនុវត្តជាបន្តបន្ទាប់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លុះឆ្នាំ២០១៦ ប្រមុខរាជរដ្ឋាភិបាល ក៏បានចេញច្បាប់ស្តីពីគណនេ​យ្យ និងសវនកម្មជំនួយឱ្យច្បាប់ចាស់ និងមានលិខិតបទដ្ឋានផ្សេងៗទៀត បានដាក់ឱ្យអនុវត្ត ដើម្បីធ្វើការពង្រឹងការអនុវត្ត ក្របខណ្ឌអនុលោមភាពគណនេយ្យ និងសវនកម្ម។

យោងតាមច្បាប់ស្តីពីគណនេយ្យ និងសវនកម្មនេះ តម្រូវឱ្យសហគ្រា​ស និងអង្គភាពមិនស្វែងរកប្រាក់ចំណេញ មានកាតព្វកិច្ចអនុវត្តកិច្ចការធំៗចំនួន៣រួមមាន ១) កាតព្វកិច្ចកាន់បញ្ជីគណនេយ្យ ២) កាតព្វកិច្ចរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ស្របតាមស្តង់ដាគណនេយ្យជាធរមាន និង ៣) កាតព្វកិច្ចដាក់របាយការណ៍ហិរញ្ញវត្ថុ ឱ្យរងសវនកម្មឯករាជ្យស្របតាមបទប្បញ្ញត្តិ និងលក្ខខណ្ឌជាធរមាន។

ចាប់តាំងពីឆ្នាំ២០២១មក និយ័តករគណនេយ្យ និងសវនកម្ម បានចាប់ផ្តើមពង្រឹង អនុលោមភាពលើកាតព្វកិច្ចទាំងបី ក្រោយពីមានការចង្អុលបង្ហាញ និងណែនាំពីអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋម ន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

លោក ប៊ូ ថារិន បានអះអាងថា ចាប់ពីឆ្នាំ២០២២តទៅ និយ័តករគណនេយ្យ និងសវនកម្ម នឹងបន្តពង្រីកវិសាលភាព នៃការអនុវត្តកាតព្វកិច្ចទាំង៣ខាងលើ ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដោយតម្រូវឱ្យសហគ្រាសទាំងអស់ ទោះបីសហគ្រាសនោះ ជាសហគ្រាសជាប់លក្ខខណ្ឌ ឱ្យរងសវនកម្មឯករាជ្យ ឬមិនរងសវនកម្មឯករាជ្យក៏ដោយ ត្រូវតែដាក់បញ្ជូនរបាយការ​ណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ ទៅកាន់និយ័តករគណនេយ្យ និងសវនកម្ម៕

LEAVE A REPLY

Please enter your comment!
Please enter your name here