លោកបណ្ឌិតសុក ស៊ីផាន់ណា ចែករំលែកចំណេះដឹងសំខាន់ៗទាក់ទងនឹងកិច្ចព្រមព្រៀង RCEP

ដោយៈជេស៊ីកា

អន្តរជាតិៈ ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា និងជាអ្នកដឹកនាំការចចារដើម្បីកម្ពុជា បានចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក លោកបណ្ឌិតសុក ស៊ីផាន់ណាបានចែករំលែកនូវទស្សនទាន និងចំណេះដឹងថ្មីៗជាច្រើន ទាក់ទងនឹងកិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (RCEP) ដែលកម្ពុជាបានផ្តល់សច្ចាប័នកាលពីពេលថ្មីៗនេះ។

RCEP (Regional Comprehensive Economic Partnership) ឬកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ មានប្រទេសជាស​មាជិកសរុបចំនួន១៥ប្រទេស រួមមានសមាជិកអាស៊ានទាំង១០ ប្រទេស និងប្រទេស​ជាដៃគូអាស៊ាន​៥ទៀត ​គឺចិន អូស្ត្រាលី ជប៉ុន នូវែលសេឡង់ និងកូរ៉េខាងត្បូង។

គោលបំណងចម្បងរបស់ RCEP គឺបង្កើតឡើងដើម្បីសម្របសម្រួល និងជំរុញការ​ធ្វើពាណិជ្ជកម្ម និងការវិនិយោគនៅក្នុងតំបន់ ព្រោះកិច្ចព្រមព្រៀងនេះនឹងកាត់បន្ថយពន្ធគយ និងលុបចោលរបាំងពាណិជ្ជកម្មមិន​មែនពន្ធគយនានា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ខាងក្រោមនេះ គឺជាចំណុចសំខាន់មួយចំនួន ដែលអ្នកគួរដឹងពីកិច្ចព្រមព្រៀង RCEP

ប្លុកពាណិជ្ជកម្មសេរី​ធំបំផុតក្នុងប្រវត្តិសាស្រ្ត
យោងតាមអគ្គលេខាធិការដ្ឋានអាស៊ាន  (ASEAN Secretariat) RCEP ជាប្លុកពាណិជ្ជកម្មសេរី​ធំជាងគេបំផុតមួយ ដែលបង្កើតឡើងនៅក្នុងសតវត្សរ៍ទី២១ នេះ ដោយសារតែប្លុកពាណិជ្ជកម្ម RCEP មានចំនួនប្រជាជនស្មើនឹង៣០ភាគរយ នៃចំនួនប្រជាជនលើពិភពលោកទាំងមូល។ ចំណែ​កឯទំហំសេដ្ឋកិច្ចវិញ RCEP មានចំណែកស្មើនឹង៣០ភាគរយនៃផលិតផលក្នុងស្រុក(GDP) របស់ពិភពលោក និងមានចំណែកដល់ទៅ២៨ភាគរយ នៃទំហំពាណិជ្ជកម្មពិភពលោក (global trade)។

តាមការសិក្សាថ្មីមួយរបស់វិទ្យាស្ថាន Brookings Institute ដែលជាស្ថាប័នស្រាវជា្រវ និងផ្តល់ប្រឹក្សាគោលនយោបាយ មានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានបង្ហាញថា នៅត្រឹមឆ្នាំ២០៣០ កិច្ចព្រមព្រៀង RCEP អាចនឹងបន្ថែម ទំហំទឹកប្រាក់២០៩ពាន់លានដុល្លារអាមេរិក ប្រចាំឆ្នាំទៅក្នុងប្រាក់ចំណូលជាតិលើពិភពលោកទាំងមូល (Global national income) និងទឹកប្រាក់៥០០ពាន់លានដុល្លារ នឹងចាក់បញ្ចូលបន្ថែមទៅក្នុងទំហំពាណិជ្ជកម្មពិភពលោក។

នាំទំនិញចេញដោយ​រួចពន្ធរហូតដល់ ៩០ភាគរយ
បន្ទាប់ពីកិច្ចព្រមព្រៀង RCEP សម្រេចដាក់ចូលជាធរមាន ឬចាប់ផ្តើមអនុវត្តន៍ជាផ្លូវការ ប្រទេសជាមាជិកទាំង១៥ នឹងអាចនាំចេញទំនិញដោយទទួលបានការអនុគ្រោះពន្ធ នាំចេញរហូតដល់៩០ភាគរយ នៃមុខទំនិញផលិតបានសរុប​ដែលមានសពុលភាព២០ឆ្នាំ។

ពិពិធកម្មនាំចេញ និងបង្កើនលំហូរវិនិយោគពីបរទេស
ក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយ របស់ប្រទេសសមាជិក RCEP បានបញ្ជាក់ថា កិច្ចព្រមព្រៀងនេះនឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការកសាងភាពធន់​ នៃសេដ្ឋកិច្ចរបស់ប្រទេសក្នុងតំបន់នេះ ដែលជួយជំរុញកំណើនសកម្មភាព និងការ​ងើបឡើងវិញនៃសេដ្ឋកិច្ច​​ក្រោយវិបត្តិកូវីដ-19។

យោងតាមអត្ថបទ​បង្ហាញការយល់ឃើញ របស់លោកបណ្ឌិត​ សុខ ស៊ីផាន់ណា ទាក់ទងនឹងកិច្ចព្រមព្រៀង RCEP ចេញផ្សាយដោយវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) បានថ្លែងថា កិច្ចព្រមព្រៀងនេះ នឹងជំរុញកំណើនពាណិជ្ជកម្ម ការវិនិយោគឆ្លងដែន និងលំហូរចរាចរណ៍ប្រជាជន។

លោកសុខ ស៊ីផាន់ណា ដែលជាទីប្រឹក្សាជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា កត្តានេះនឹងពន្លឿនកំណើនសេដ្ឋកិច្ច និងសហរណកម្មពាណិជ្ជកម្មនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

សម្រាប់បរិបទសេដ្ឋកិច្ចនៅកម្ពុជាវិញ លោកថ្លែងថា RCEP នឹងផ្តល់ដល់ក្រុមហ៊ុន និងប្រជាជនកម្ពុជានូវឱកាសពាណិជ្ជកម្ម និងភាពជាដៃគូកាន់តែច្រើនឡើង។ សហគ្រាសក្នុងប្រទេសកម្ពុជា នឹងអាចជំរុញការនាំចេញ ចូលរួមក្នុងខ្សែចង្វាក់ថ្មីនៅក្នុងតំបន់ ព្រមទាំងបង្កើនការវិនិយោគបរទេសផងដែរ។

នៅពេលដែលកិច្ចព្រមព្រៀងនេះចូលជាធរមាន លោកបណ្ឌិតសុក ស៊ីផាន់ណាបានលើកឡើងថា កម្ពុជាចាំបាច់ត្រូវពន្លឿនការអភិវឌ្ឍវិស័យឯកជន និងភាពដៃគូ ដើម្បីចាប់យកប្រយោជន៍ពេញលេញ ពីកិច្ចព្រមព្រៀង RCEP៕

LEAVE A REPLY

Please enter your comment!
Please enter your name here