រដ្ឋាភិបាលអនុម័តថវិកា១០០លានដុល្លារ ដើម្បីជួយលើកស្ទួយវិស័យសំខាន់ៗចំនួនពីរ

ដោយ៖ សុផារី

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា អនុម័តនូវថវិកា១០០លានដុល្លារ នឹងត្រូវប្រើប្រាស់ ដើម្បីជួយលើកស្ទួយវិស័យកសិកម្ម និង វិស័យសហគ្រាស ធុនតូច និងមធ្យម ដែលជាវិស័យពីរដ៏សំខាន់នៅក្នុងសេដ្ឋកិច្ចជាតិ ទាំងក្នុងការបង្កើតការងារ កែលម្អជីវភាពរស់នៅរបស់ប្រជាជន និង កំណើនសេដ្ឋកិច្ចជាតិ។

នេះបើតាមប្រសាសន៍របស់លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្នុង ពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវកញ្ចប់ថវិកាចំនួន១០០លានដុល្លារអាមេរិក សម្រាប់គាំទ្រការស្តារកំណើនសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩ នាព្រឹក១៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានលើកឡើងថា “ក្របខណ្ឌយុទ្ធសាស្រ្ត និង កម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មី ឆ្នាំ ២០២១-២០២៣” មានគោលបំណងស្ដារកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងពេលចំពោះមុខ និង រយៈពេលមធ្យម ឱ្យត្រឡប់ទៅកំណើនសក្ដានុពល និងពង្រឹងភាពធន់សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព និង បរិយាប័ន្ន ក្នុងរយៈពេលវែង។
លោកបានគូសបញ្ជាក់ទៀតថា ថវិកា១០០លានដុល្លារ នឹងត្រូវប្រើប្រាស់ ដើម្បីជួយលើកស្ទួយវិស័យកសិកម្ម និង វិស័យសហគ្រាស ធុនតូច និងមធ្យម ដែលជាវិស័យពីរដ៏សំខាន់នៅក្នុងសេដ្ឋកិច្ចជាតិ ទាំងក្នុងការបង្កើតការងារ កែលម្អជីវភាពរស់នៅរបស់ប្រជាជន និង កំណើនសេដ្ឋកិច្ចជាតិ។ រដ្ឋាភិបាលកម្ពុជា ចាត់ទុកការលើកកម្ពស់ការអភិវឌ្ឍសហគ្រាសធុនតូច និង មធ្យម ពិសេសសហគ្រាស ដែលស្ថិតក្នុងវិស័យសំខាន់ៗមួយចំនួន ដូចជា កសិកម្ម កសិឧស្សាហកម្ម ការកែច្នៃម្ហូបអាហារ កម្មន្តសាល គ្រឿងបង្គុំ និង ទេសចរណ៍ ជាដើម ជាអាទិភាពគោលនយោបាយមួយដ៏សំខាន់។

លោកបន្ដថា សហគ្រាសធុនតូច និង មធ្យម មិនត្រឹមតែចូលរួមដល់ការគាំទ្រកំណើនសេដ្ឋកិច្ចកម្ពុជា និង ការបង្កើតការងារប៉ុណ្ណោះទេ ប៉ុន្តែក៏ដើរតួនាទី យ៉ាងសំខាន់ ក្នុងការបង្កើនភាពធន់របស់សេដ្ឋកិច្ចជាតិទៅនឹងវិបត្តិផងដែរ។ ជាក់ស្តែង សហគ្រាសធុនតូច និង មធ្យមមានប្រមាណ ៩៨% នៃអាជីវកម្មទាំងអស់ នៅកម្ពុជា និងបានចូលរួមចំណែកក្នុងផលិតផលក្នុងស្រុកសរុបប្រមាណ ៥៨% ព្រមទាំងផ្តល់ការងារប្រមាណ ៧៣% នៃចំនួនកម្លាំងពលកម្មសរុប នៅកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here